សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI បានញ្ជើញប្រគល់ជូនថវិកា២,៦០០,០០០រៀល និង២.៦៤០ដុល្លារ​ ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ

44

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីល្ងាច សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ UI បាននាំយកថវិកាចំនួន២,៦០០,០០០រៀល និង២,៦៤០ដុល្លារ រួមទាំងភេសជ្ជៈERAWAN ចំនួន១៧កេស ដែលទទួលបានពីសប្បុរជន និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិទឹកជំនន់ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញផ្ដល់ជូននេះផងដែរ មានការចូលរួមពីគណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដោយមានវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ រួមទាំងមន្ត្រីជាន់ខ្ពស់ខណ្ឌពោធិ៍សែនជ័យជាច្រើនរូបទៀត ក្នុងការទទួលយកថវិការ ដើម្បីទុកបម្រុងចែកជូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង លោកបានមានប្រសាសន៍ថា ក្នុងនាមលោកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លោកសូមថ្លែងអំណរអគុណជាអនេកកប្បការ ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ សាស្រ្តាចារ្យបណ្ឌិត លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា UI ដើម្បីចូលរូមចំណែកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នាពេលនេះ ។

ជាចុងក្រោយសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង​ លោកសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យប្រជាពលរដ្ឋឆាប់រួចផុតពីគ្រោះទឹកជំនន់ដ៏អាអក្រក់នេះ និងទទួលបានសុខសុវត្តិភាពជានិរន្ត៕