សម្តេចតេជោ ហ៊ុន សែន ណែនាំអ្នកនយោបាយកុំរើសអើង ពេលចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

288

(ភ្នំពេញ)៖ ដោយសារមិនចង់ឲ្យអ្នកនយោបាយ យកចិត្តទុកដាក់តែលើសមាជិកគណបក្សរបស់ខ្លួននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកនយោបាយទាំងអស់កុំរើសអើង ឬនិន្នានយោបាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពេលចុះចែកអំណោយមនុស្សធម៌ក្នុងគ្រាដ៏លំបាកនេះ។

ការណែនាំរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសចែកអំណោយជូនប្រជាពលរដ្ឋ ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវសម្របសម្រួលរាល់សប្បុរសជន និងគ្រប់អ្នកនយោបាយ ដែលមានបំណងចុះចែកអំណោយជូនពលរដ្ឋរងគ្រោះ នៅក្នុងដែនដីរបស់ខ្លួនផងដែរ។ សម្តេចថ្លែងថា ការទទួលបានអំណោយមនុស្សធម៌កាន់តែច្រើនបែបណា សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ គឺកាន់តែល្អបែបនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ៖ «សូមបញ្ជាក់ហើយបញ្ជាក់ទៀត មិនមែនបានសេចក្តីថា ពេលដែលខ្ញុំចែកចប់ហើយ មានសប្បុរសជនមកចែក យើងមិនឲ្យចែកទេ។ អ្នកណាយកមកចែក កាន់តែច្រើនកាន់តែល្អ។ សប្បុរសជននានា គណបក្សនយោបាយនានា អញ្ជើញមក»

«ហើយសង្ឃឹមថាគណបក្សនយោបាយនានា អ្នកនយោបាយមិនរើសអើង ចំពោះ (ពលរដ្ឋរងគ្រោះ)។ សូមកុំរើសអើង។ អ្នកណាក៏ដោយយើងត្រូវការ នូវការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់»។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ពេលធ្វើដំណើរតាមរថយន្តទៅចែកអំណោយនេះ សម្តេចបានស្តាប់ចម្រៀង ២បទ រួមមាន៖ «អនិច្ចាធម្មជាតិ» និង «ជួយគ្នាក្នុងគ្រាក្រ»។ សម្តេចបានចាត់ទុកថា បទចម្រៀងទាំងនេះ បានដាស់អារម្មណ៍ឲ្យមនុស្សទាំងអស់គ្នា ជួយគ្នាដើម្បីជម្នះការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ សម្តេចថែមទាំងណែនាំឲ្យវិទ្យុ និងទូរទស្សន៍ចាក់ផ្សាយបទទាំងនេះ ឲ្យបានច្រើនផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ បានថ្លែងទៀតថា នៅពេលប្រជាជនជួបការលំបាក គឺជាទម្លាប់សម្តេចតែងរត់រកប្រជាជន មិនឲ្យប្រជាជនរត់ទៅរកសម្តេចនោះទេ។ សម្តេចតេជោ បានប្រាប់ពីប្រវត្តiអាវពណ៌ខៀវ ដែលចុះជួបប្រជាពលរដ្ឋរាប់ឆ្នាំមកនេះ រហូតដល់ស្លេកក្លាយទៅជាពណ៌ប្រផេះទៅហើយ។

គួរកត់សម្គាល់ថា អំឡុងពេលកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់នេះ មានមន្ត្រីរាជការ ប្រជាពលរដ្ឋដែលសប្បុរសជននានា ព្រមទាំងអ្នកនយោបាយផងនោះ បានដុតដៃដុតជើងក្នុងការចុះជួយ ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាច្រើន។

ក្នុងនោះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក៏បានចុះចែកអំណោយ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យផងដែរ។ បន្ថែមលើនេះ លោក កឹម សុខា ក៏បានចូលរួមបរិច្ចាគថិវិកាចំនួន ៥០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទៀតផង៕