ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលទើបមកពីសហរដ្ឋអាមេរិក

136

(ភ្នំពេញ)៖  ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលទើបមកពីសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបញ្ជាក់ថា ក្រសួងទើបរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរទើបត្រឡប់មកពីសហរដ្ឋអាមេរិក។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្កវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕