កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​ការពារកូវីដ-១៩ ចំនួន​១លានដូស ចាក់ជូន​ពលរដ្ឋឥតគិត​លុយ

216

កម្ពុជាគ្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១លានដូស នៅ ពេលឆាប់ៗខាងមុខ។

តាមទំព័រហ្វេសបុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។

កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន

ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។

យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕