រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក និងការគ្រប់គ្រងអ្នកដំណើរចូលមកកម្ពុជា
ភ្នំពេញ ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាលជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តបានឲ្យដឹងថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល ស្នើអភិបាលនៃគណៈអភិបាលរាជធានីទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងការគ្រប់គ្រងអ្នកដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកដីគោក ទឹក និងអាកាស តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់ឲ្យបានម៉ត់ចត់ជាទីបំផុត។
ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយនិងចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាលព្រមទាំងបន្តការក្រើនរំលឹកណែនាំអប់រំបន្ថែមអំពីការអនុវត្តិវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅតាមសហគមន៍នៅតាមកន្លែងប្រកបអាជីវកម្មលក់ផលិតផល ឬ ផ្តល់សេវាកម្ម ដូចជាផ្សារទំនើប កន្លែងឱសថស្ថាន ហាងទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងលក់ដូរនៅក្នុងផ្សារនានា ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ ដោយទី១ ការគ្រប់គ្រងចត្តាឡីស័ក១៤ថ្ងៃ ទី២ការអប់រំផ្សព្វផ្សាយ និងការអនុវត្តវិធានការសុខភាពសាធារណៈ និងទី៣សូមឲ្យបន្តធ្វើការក្រើនរំលឹកនិងណែនាំបន្ថែមដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង បុគ្គលិក និងអតិថិជន៕