ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ងិន ងិតដា ក្រោមប្រធានបទ៖ ទំនាក់ទំនងរវាងការអប់រំបែបប្រពៃណី និងច្បាប់
ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០១ របស់បេក្ខជនបណ្ឌិត ងិន ងិតដា មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ទំនាក់ទំនងរវាងការអប់រំបែបប្រពៃណី និងច្បាប់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
១. សេចក្ដីផ្ដើម
ការប្រើប្រាស់ច្បាប់ ជាកត្តាសំខាន់មួយ ព្រោះថាច្បាប់គឺជាវិធានដែលរដ្ឋតាក់តែងឡើង និងដាក់កំហិតឱ្យប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវតែអនុវត្ត ពោលគឺជាវិធានដែលកំណត់បទបញ្ជា កំណត់របៀបរៀបរយនៃការប្រព្រឹត្តទៅរបស់ប្រជាជនទាំងអស់ ដែលកំពុងរស់នៅក្នុងសង្គមជាតិ។ ជាទូទៅ ប្រទេសមួយមានច្បាប់មួយ ហើយអ្នកដឹកនាំនៃប្រទេសនោះប្រើប្រាស់ច្បាប់ជាឧបករណ៍ក្នុងការគ្រប់គ្រង និងដឹកនាំជាតិខ្លួនដែលច្បាប់ទាំងនោះ ជាអាទិ៍មានរដ្ឋធម្មនុញ្ញ ច្បាប់ ក្រម សេចក្តីសម្រេចខាងយុត្តាធិការ។
ទោះបីយ៉ាងនេះក្តី ច្បាប់មិនមែនជាយន្តការតែមួយគត់សម្រាប់ថែរក្សាសណ្តាប់ធ្នាប់សង្គមនោះទេ។ ក្រៅពីច្បាប់ ក្នុងសង្គមនីមួយៗតែងតែមានវិធានជាច្រើនទៀតសម្រាប់ថែរក្សាសង្គមឱ្យមានរបៀបរៀបរយ ដូចជាសាសនា ប្រពៃណី ទំនៀមទម្លាប់ ការអប់រំសីលធម៌ ហើយក៏អាចមានអំណាចនយោបាយ និងស្ថានភាពជាក់ស្តែងរបស់សង្គមផងដែរ។
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលធ្លាប់មានប្រពៃណីផូរផង់ និងអរិយធម៌រុងរឿងក្នុងពិភពលោក។ ភាពរុងរឿងនៃអរិយធម៌របស់ប្រទេសកម្ពុជាពីអតីតកាល មានព្រហ្មញ្ញសាសនា និងពុទ្ធសាសនាដែលរួមវិភាគទានយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គមជាមូល-ដ្ឋាននៃពុទ្ធិ។ ទន្ទឹមនឹងនេះខ្មែរក៏មានសុភាសិត មានពាក្យចាស់ ពាក្យពីព្រេងនាយ ឬពាក្យទំនឹមទំនៀម ព្រមទាំងកាព្យឧបទេស ជាពុទ្ធិដែលប្រជាជនបានរៀនសូត្រពី បទពិសោធន៍ជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលប្រើប្រាស់ជាយន្តការសម្រាប់គ្រប់គ្រងរបៀបរៀបរយ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាព ឬសន្តិសុខសង្គម។ មរតកនេះនៅតែមានអត្ថិភាព និងអាចរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពច្បាប់សម័យបច្ចុប្បន្ន។
ក្នុងការកែប្រែមនុស្ស អានុភាពនៃច្បាប់គឺទណ្ឌកម្មគឺការដាក់ទោស ដាក់ពន្ធនាគារ និងការការពិន័យជាប្រាក់ជាដើម។ រីឯអានុភាព នៃការអប់រំបែបប្រពៃណីគឺការទូន្មានប្រៀនប្រដៅឱ្យដើរផ្លូវត្រូវ ឱ្យលុះក្នុងគន្លងធម៌ ដោយហាមឃាត់មិនឱ្យប្រព្រឹត្តកំហុស និងណែនាំឱ្យធ្វើអ្វីៗដែលជាកុសល។
ការបង្កើនការអប់រំខ្លឹមសារច្បាប់ប្រពៃណី ទាំងក្នុងគ្រួសារ តាមរយៈព្រះសង្ឃ និងក្នុងសាលាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងសង្គម។ តាមរយៈការសិក្សា យើងឃើញថាបច្ចុប្បន្នមានគ្រួសារខ្មែរដែលនិយមអប់រំទូន្មានប្រៀនប្រដៅកូនចៅតាមបែបប្រពៃណី ដោយការលើកយកភាសិតនិងច្បាប់ឧបទេសមកសូត្រ និងការរឹតបណ្តឹងការគោរពតាមប្រពៃណីខ្មែរជាអាទិ៍។ មួយវិញទៀត វត្តអារាម និងព្រះសង្ឃខ្មែរនៅតែរក្សាតួនាទីរបស់ខ្លួន ក្នុងការអប់រំប្រជាពលរដ្ឋឱ្យគោរពពុទ្ធវិន័យ ដែលជាមូលដ្ឋានទ្រទ្រង់ច្បាប់ក្នុងអាណាចក្រ។ ដោយឡែកអ្នករៀបចំកម្មវិធីសិក្សាក៏បានជ្រើសរើសប្រលោមលោកពាក្យរាយរបស់ខ្មែរ ដែលមានបញ្ចូលនូវទស្សនៈពុទ្ធសាសនា និងច្បាប់ឧបទេសខ្មែរដែលមានទស្សនាទានអប់រំ ទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សា ដើម្បីឱ្យការអប់រំស្របជាមួយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា“ពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។
ក្នុងសិក្ខាសាលានេះ ជាការឆ្លើយតបនឹងសំណួរថា តើការលើកកម្ពស់ការអប់រំបែបប្រពៃណីខ្មែរអាចរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពច្បាប់បានដែរឬទេ? នោះយើងខ្ញុំនឹងលើកឡើងអំពីខ្លឹមសារនៃការអប់រំបែបប្រពៃណីខ្មែរដែលអាចជាមូលដ្ឋានទ្រទ្រង់ច្បាប់រដ្ឋបច្ចុប្បន្ន។
ទំនាក់ទំនងរវាងការអប់រំបែបប្រពៃណី និងច្បាប់
១- ច្បាប់ប្រពៃណី និងច្បាប់ស្តីពី ការប៉ះពាល់ដល់ជីវិតមនុស្ស
ការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្ស គឺសំដៅដល់បទឃាតកម្ម (មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ)។ បទឃាតកម្មមានឃាតកម្មគិតទុកជាមុននិងបទមនុស្សឃាតដោយអចេតនា។
អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណា មួយដូចបានកំណត់ក្នុងមាត្រា ២00 (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។
ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពីបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។
បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ សំដៅលើឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ។ អ្នកប្រព្រឹត្តបទឃាតកម្មបែបនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយ៖
១-ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ចីខ្លា។
២-ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
ពាក់ព័ន្ធនឹង “ការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្សនេះ” ក្នុងសម័យកាលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាកន្លងមក យើងបានរងគ្រោះមិនត្រឹមតែក្នុងកម្រិតបុគ្គលទេ តែគឺរងការកាប់សម្លាប់ក្នុងរង្វង់ប្រជាជាតិទាំងមូល។
ក្នុងសម័យអាណាព្យាបាលបារាំង ដោយមើលឃើញពីការឃ្លាតឆ្ងាយទៅៗនៃសីលធម៍ នៃការអប់រំ ហើយជំនួសឱ្យសេចក្ដីល្អនោះ គឺអំពើបែបព្រៃផ្សៃវាកាន់តែរាលដាលឡើង កវីក្រមង៉ុយ (កវីប្រជាជនខ្មែរសម័យនោះ) បានច្រៀងអប់រំប្រជាជនឱ្យលះបង់អំពើទាំងអស់ ដែលតាមក្រមព្រហ្មទណ្ឌ យើងហៅថាជាការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្ស។
លុះមកដល់ទសវត្សរ៍ឆ្នាំ១៩៦០ មនោគមវិជ្ជានៃលទ្ធិសង្គមនិយមត្រូវបានសាបព្រួសលើស្មារតីប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រដែលតាមលទ្ធិនោះ គឺ ភាពក្រីក្រនោះបណ្ដាលមកពីរបបអាណានិគមនិយម និង ដោយរងការជិះជាន់ពីសំណាក់អ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិ។ ជាគោលការណ៍នៃលទ្ធិសង្គមនិយម ការរំដោះវណ្ណៈកសិករ កម្មករឱ្យរួចផុតពីការជិះជាន់ទាំងនោះគឺមានតែការតស៊ូដោយអាវុធ គឺមិនអាចផ្សះផ្សា ដោយអហឹង្សាបានឡើយ ព្រោះតាមទស្សនៈនៅក្នុងលទ្ធិនេះ សារជាតិរបស់វណ្ណៈជិះជាន់ គឺមិនអាចកែប្រែបានទេ ដូចនេះត្រូវតែកម្ទេច។
ជាទូទៅទស្សនៈក្នុងលទ្ធិសង្គមនិយម គេចាត់ទុកអក្សរសិល្ប៍ជាអាវុធដ៏មុតស្រួចស្រាវក្នុងការតស៊ូវណ្ណៈ។ កន្លងមក ក្រុមខ្មែរកុំមុយនិស្តក៏បានតាក់តែង និងផ្សព្វផ្សាយកំណាព្យ/ចម្រៀងជាច្រើន ដែលមានអត្ថន័យបណ្ដុះស្មារតីហឹង្សាដល់ប្រជាជន ជាកម្មករ កសិករប្រឆាំងនឹងរបបរាជានិយម និងរបបសាធារណរដ្ឋនិយមបែបសេរី។ ដោយខ្លឹមសារអប់រំទាំងអស់នោះ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ គឺត្រូវបានឆ្លងកាត់សង្គ្រាមមហាវិនាសកម្មរយៈពេលប្រាំឆ្នាំ និងរបបប្រល័យពូជសាសន៍បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។ មហន្តរាយនេះបានបណ្តាលឱ្យមានការប៉ះពាល់ទាំងដោយចេតនា និងដោយអចេតនាដល់ជីវិតមនុស្ស ដែលជាប្រជាជនកម្ពុជារាប់លាននាក់។
បច្ចុប្បន្នយើងមានច្បាប់ ដែលចែងពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលចែងថា បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺជាអំពើណាមួយក្នុងចំណោមអំពើ ដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌការវាយលុកជាទូទៅ ឬជាប្រព័ន្ធ សំដៅប្រឆាំងប្រជាជនស៊ីវិល ដោយ (១)-ឃាតកម្ម (២)-ការសម្លាប់រង្គាល (៣)-ការធ្វើឱ្យទៅជាទាសករ (៤)-ការនិរទេស ឬជម្លៀសប្រជាជនដោយបង្ខំ (៥)-ការដាក់ពន្ធនាគារ ឬគ្រប់រូបភាពដទៃទៀតនៃការដកហូតយ៉ាងធ្ងន់ធ្ងរនូវសេរីភាពដោយ បំពានទៅលើបទប្បញ្ញត្តិគ្រឹះនៃនីតិអន្តរជាតិ (៦)-ការធ្វើទារុណកម្ម…។ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ជាទូទៅ មាត្រានៃច្បាប់បច្ចុប្បន្នមានខ្លឹមសារ ដែលមាននិន្នាការជាការព្រមាន ការគម្រាមដាក់ទោស ដែលខុសពីខ្លឹមសារនៃការអប់រំបែបប្រពៃណីខ្មែរ ដែលមាននិន្នាការជាការទូន្មានប្រៀនប្រដៅដោយភាពទន់ភ្លន់។ ដូចនេះហើយទើបយើងឃើញថា ការអប់រំតាមបែបប្រពៃណីនៅតែត្រូវបានអនុវត្តការអប់រំក្នុងគ្រួសារ ការអប់រំក្នុងសាលា និងតាមរយៈវត្តអារាមដែលមានព្រះសង្ឃជាអ្នកទូន្មានប្រៀនប្រដៅ។
ទាក់ទងនឹងការរួមចំណែកកាត់បន្ថយបទល្មើស “ប៉ះពាល់ដល់ជីវិតមនុស្ស” ការអប់រំដោយផ្អែកខ្លឹមសារអប់រំក្នុងច្បាប់ឧបទេសដូចមានការអប់រំរបស់កវីក្រមង៉ុយ “ដ្បិតមនុស្សឥឡូវ យកខុសធ្វើត្រូវ យកឆ្កួតធ្វើជា… អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណដំណ តទៀតទៅមុខ” និងពាក្យមួយចំនួនទៀតក្នុងច្បាប់ពាក្យចាស់ ដូចជា “…អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន។ អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។…” ព្រមទាំងខ្លឹមសារនៃសីលទីមួយក្នុងចំណោមសីលប្រាំក្នុងពុទ្ធសាសនា គឺសីលបាណា ដែលទាក់ទងនឹងសិទ្ធិរស់រានមានជីវិត និងករណីយកិច្ចដែលយើងត្រូវគោរពជីវិតទាំងអស់ព្រោះមនុស្សម្នាក់ៗ គ្មានស្រឡាញ់អ្វីស្មើនឹងជីវិតរបស់ខ្លួនទេ។ ដូច្នេះការរំលឹកញឹកញាប់ខ្លឹមសារសីលទី១ ដែលមិនឱ្យសម្លាប់បៀតបៀនជីវិតដែលពលរដ្ឋខ្មែរចេះចាំស្ទើរគ្រប់រូប គឺជាការរួមចំណែកមួយយ៉ាងសំខាន់ដល់សេចក្តីព្រមានក្នុងមាត្រា នៃច្បាប់ស្តីពីឃាតកម្ម។
២- ច្បាប់ប្រពៃណីរួមចំណែកកាត់បន្ថយការប្រព្រឹត្តអបាយមុខ
ប្រពៃណីសំខាន់មួយក្នុងការអប់រំកូនចៅគឺ ខ្មែរបានយកទស្សនៈអប់រំតាមពុទ្ធោវាទ គឺតាមធម៌ក្នុងព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាជាសាសនា ដែលបានកើតឡើងដោយព្រះសម្ពុទ្ធបរមគ្រូ នៃយើង ព្រះអង្គមានបំណងតែមួយគត់ គឺចង់ឱ្យសព្វសត្វជួបប្រទះនូវសេចក្តីសុខ សម្រេចបាននូវសម្បត្តិរបស់មនុស្សក្នុងលោកទ្រង់ តែងបង្ហាត់បង្រៀនប្រៀនប្រដៅ ចង្ហុលបង្ហាញប្រាប់ពីវិធីដែលនាំមកនូវសេចក្តីសុខ ដូចជាអំពើនេះសត្វគប្បីប្រព្រឹត្ត អំពើនោះមិនគប្បីប្រព្រឹត្តជាដើម។ ប្រៀបដូចជាមាតាបិតា តែងតែប្រៀនប្រដៅបុត្រាបុត្រីដូច្នោះដែរ។
ក្នុងបញ្ហាអបាយមុខ លោកទូន្មានថា អបាយមុខ មានសេចក្តីថាជាប្រធាននៃសេចក្តីមិនចំរើនគឺការវិនាស។ មនុស្សក្នុងលោកនេះគ្មាន អ្នកណាមា្នក់ចង់បានទេនូវករណីនេះ សុទ្ធតែចង់បានសេចក្តីចំរើនរុងរឿងសំបូរសប្បាយ។ មានបុគ្គលខ្លះបែរទៅជាមានកាប់សម្លាប់ កេងប្រវ័ញ្ច បោកបញ្ឆោត ប្រព្រឹត្តខុសក្នុងកាម និយាយកុហក សេពគ្រឿងញៀន លេងល្បែងលេងស្រី ផឹកសុរា សេពគប់មិត្តអាក្រក់ ដើរលេងយប់ ខ្ជិលច្រអូសខ្វះការសិក្សារៀនសូត្រប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗ តាមទំនើងចិត្តនៃកំលាំងតណ្ហារបស់ខ្លួនមិនស្គាល់គុណមាតាបិតា។ អំពើរបស់ជនខាងលើនេះសុទ្ធតែបង្ហាញអំពីសេចក្តីវិនាសទាំងអស់ គ្រាន់តែអំពើខ្លះឱ្យផលភ្លាមៗទាន់ភ្នែក ងាយមើលឃើញជួបសេចក្តីទុក្ខភ្លាមៗ។ ចំណែកអំពើខ្លះទៀតមិនទាន់ឱ្យផលដល់បុគ្គលពាលសម្គាល់ថាវាមានរសជាតិផ្អែមដូចទឹកឃ្មុំ តែមិនដឹងថាខាងចុងគឺជាថ្នាំពុលមានពិសដ៏ពន្លឹកនោះទេ។
ក្នុងព្រះពុទ្ធសាសនា ហេតុដែលនាំឱ្យបាននូវសេចក្តីវិនាសមិនចំរើនមាន៤យ៉ាងគឺ:
១-ឥត្ថីធុត្តោ ជាអ្នកលេងស្រី
២-សុរាធុត្តោ ជាអ្នកលេងស្រា
៣-អក្ខធុត្តោ ជាអ្នកលេងល្បែងភ្នាល់
៤-បាបមិត្តោ ជាអ្នកយកមនុស្សអាក្រក់ជាមិត្ត។
១-ឥត្ថីធុត្តោ អ្នកលេងស្រី ជាកាមភោគីបុគ្គល អ្នកបរិភោគកាមល្មោភកាមស្រេកឃ្លានកាម ប្រាថ្នាក្នុងកាម មិនចេះឆ្អែតឆ្អន់ ចំពោះបញ្ចកាមគុណគឺមិនមានសេចក្តីសន្តោសបានហើយចង់បាន ទៀតមិនចេះគ្រប់គ្រាន់មិនល្មម មិនឈប់ឈរ។ បុរសក្នុងលោកមានទ្រព្យសម្បត្តិច្រើនគួរណាស់តែ ចំណាយទ្រព្យនោះដើម្បីប្រយោជន៍ជាតិ ប្រយោជន៍សាសនា មិនគួរយកទ្រព្យសម្បត្តិដែលខំប្រឹងរក បានមកហើយនោះ ទៅប្រព្រឹត្តអបាយមុខគឺយកទៅបំពេញបំប៉នស្រីពេស្យាផ្កាមាសទេ។ បុរសដែលមានភរិយាហើយ មិនត្រេកអរនឹងភរិយារបស់ខ្លួនតែម្នាក់ទេនៅមានចិត្តសាវាជាប់ជំពាក់ទៅនឹងស្រីនានា មិនដឹងថាខ្លួនធ្វើខុសច្បាប់ស្វាមី អាងតែខ្លួនឯងជាប្រុសតាំងចិត្តខុសភ្លេចភ្លាំងជ្រុលជ្រប់ មិនរើសថាស្រីណាល្អ ឬអាក្រក់ឡើយឱ្យតែឃើញស្រីចេះតែចង់រួមបវេណី គ្រាន់តែឱ្យបានសប្បាយមួយពេលៗប៉ុណ្ណោះ។
២-សុរាធុត្តោ បុរសស្រ្តីជាអ្នកផឹកសុរាមេរ័យគឺជាអ្នកផឹកគ្រឿងស្រវឹងជាប់ជានិច្ចកាលរហូតដល់ទៅខ្វះមិនបាន ដែលគេហៅថាមនុស្សប្រមឹកសុរា។ អ្នកប្រមឹកគឺគាត់ផឹកជាប្រក្រតីទាល់តែញៀនបើពេលណាមិនបានផឹក ឬខានផឹកថ្ងៃនោះត្រូវក្តៅក្រហាយ មិនសប្បាយចិត្តមានអារម្មណ៍ច្របូកច្របល់។
៣-អក្ខធុត្តោ ល្បែងភ្នាល់មានច្រើនយ៉ាងណាស់ ដូចជាបៀប៉ោ ល្បែងស៊ីសងជាដើម រហូតដល់ទៅល្បែងផ្សេងៗដោយមានប្រាក់កាសបន្តិចបន្តួចឬច្រើន។ មនុស្សប្រុសក្តី ស្រ្តីក្តីប្រកាន់យកល្បែងភ្នាល់ជាគ្រឿងចិញ្ចឹមជីវិត ឬជាអ្នករកស៊ីក្នុងវង់ល្បែងភ្នាល់ជាសំខាន់ឈ្មោះថា ជាអ្នកលេងល្បែងភ្នាល់ទាំងអស់។
៤-បាបមិត្តោ ជនទាំងឡាយណាប្រព្រឹត្តបាបកម្មដោយកាយ វាចា ចិត្ត ឬជាអ្នកប្រព្រឹត្តអំពើទុច្ចរិតដោយទ្វារទាំង៣ អ្នកនោះឈ្មោះថាមនុស្សអាក្រក់។ អ្នកណាបានអាស្រ័យជាមួយរស់នៅជាមួយ បរិភោគជាមួយដេកដើរជាមួយ លេងជាមួយនឹងមនុស្សអាក្រក់ជាប់ជានិច្ចកាល ដោយទុកចិត្តស្និទ្ធស្នាលនឹងគ្នា អ្នកនោះឈ្មោះថា សេពគប់មនុស្សអាក្រក់ជាមិត្តសំឡាញ់។ អបាយមុខទាំង៤ ប្រការនេះទោះបីជាបានប្រព្រឹត្តមួយណា ក៏ដោយសុទ្ធតែជាហេតុនាំមកនូវសេចក្តីវិនាស អន្តរាយទាំងអស់។មនុស្សអ្នកលេងស្រី បើជាប់ចិត្តនឹងស្រីណាដែលខ្លួនស្រលាញ់ប្រាថ្នាចង់បាន ទោះត្រូវចាយវាយប្រាក់អស់ប៉ុណ្ណា ក៏ត្រូវតែចំណាយ ឱ្យសមតាមបំណងរបស់ខ្លួន។
អបាយមុខនេះ បណ្ដាលឱ្យបែកបាក់គ្រួសារ ទ្រព្យសម្បត្តិ កើតជម្ងឺ មានវិវាទ ជាប់គុកច្រវាក់ខ្នោះឃ្នាង រហូតដល់អន្តរាយជីវិត។ ចំពោះអ្នកប្រមឹកកាលណាញៀនហើយក៏ត្រូវចំណាយប្រាក់ ខាតពេលវេលា ខូចសុខភាព បាត់បង់កំលាំងការងារ ហើយជួនកាលមានគំនិតរកស៊ីទុច្ចរិត លួចប្លន់ ជាប់គុកច្រវាក់ ផាក់ពិន័យ មានកេរ្តិ៍អាក្រក់ រហូតមានការរស់នៅលាក់ខ្លួន ពួនអាត្មាឆ្ងាយគេឯង។ សម្រាប់អ្នកលេងល្បែងក៏ជាអបាយមុខនាំមកនូវក្តីវិនាសដូចខាងលើដែរគឺថា ការលេងល្បែង ទោះបីមានការហាមឃាត់ក៏ដោយ ក៏ត្រូវតែលេងលួចលាក់ភ័យខ្លាច។ការលេងនេះ ជួនកាលឈ្នះ ជួនកាលចាញ់ បើគេចាប់បាន ក៏ត្រូវជាប់ឃុំឃាំង ជាប់ទោស បាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ ហើយនាំឱ្យកើតពៀរទៀតផងដូចពុទ្ធភាសិតពោលថា “ជយំ វេរំ បសវតិ” អ្នកឈ្នះរមែងឈ្មោះថាកម្មពៀរ “ទុក្ខំ សេតិ បរាជិរតា ”អ្នកចាញ់ រមែងដេកកើតទុក្ខ ហើយមានការចងពៀរនឹងគ្នា ក្តៅក្រហាយទាំងកាយ ទាំងចិត្ត ឥតមានសេចក្តីសប្បាយរីករាយឡើយ។ អបាយមុខចុងក្រោយ ទោះបីមនុស្សនិស្ស័យល្អក៏ដោយបើសេពគប់ជនអាក្រក់និស្ស័យមិនល្អ ធ្វើឱ្យតម្លៃខ្លួនធ្លាក់ថោកទាបវិញបានសមតាមពុទ្ធភាសិត “យំ វេ សេវតិ តាទិសោ” សេពគប់មនុស្សណា មុខជាដូចមនុស្សនោះមិនខាន។ មនុស្សក្រក់តែងនាំមនុស្សល្អឱ្យធ្លាក់ជ្រោះ រណ្តៅ គឺជាលក្ខណៈធម្មជាតិ។សេពគប់ចោរ នោះនឹងទៅជាចោរ មុខជានឹងត្រូវជាប់ទោស។សេពគប់មនុស្សអាក្រក់ នោះប្រាកដជាត្រូវអ្នកដទៃស្អប់ខ្ពើម បាត់បង់រាល់ទំនាក់ទំនងល្អៗ នាំឱ្យជួបប្រទះនូវសេចក្តីវិនាស។ ធម៌ទាំងបួននេះ ព្រះអង្គទ្រង់សម្តែង ដើម្បីប្រដៅមនុស្សឱ្យចេះប្រយ័ត្នមិនបណ្ដោយខ្លួនធ្លាក់ទៅក្នុងភាពអន្តរាយ ឈ្លក់វង្វេងនឹងអបាយមុខទាំងបួនប្រភេទ ហើយទីបំផុតធ្លាក់ខ្លួនជាមនុស្សអស់សេចក្តីសង្ឃឹមក្នុងជីវិត។
សរុបមមក តាមពុទ្ធោវាទ អំពើជាអបាយមុខមានជាអាទិ៍ការប្រព្រឹត្តដោយងប់ងល់នឹងស្រី ស្រា ក៏ដូចជាល្បែងស៊ីសងសុទ្ធនាំអ្នកប្រព្រឹត្ត ឱ្យឈានដល់ការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដែលច្បាប់ហាមឃាត់ ដូចជាបទរំលោភសេពសន្ថវៈ បទលួច ប្លន់ ការប្រើអំពើហឹង្សាដែលអាចបង្ករបួសស្នាម ឬអាចឈានដល់អំពើ មនុស្សឃាតដោយអចេតនាដែលត្រូវទទួលទោសតាមច្បាប់រដ្ឋ ដូចជាការបើកបរក្នុងពេលស្រវឹងដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ…។
(១) ការអប់រំបែបប្រពៃណីរួមចំណែកហាមឃាត់បទរំលោភសេពសន្ថវៈ
បទរំលោភសេពសន្ថវៈ (មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ) តាមគ្រប់រូបភាព ដូចជាដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស ដោយការប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ដោយការប្រើគ្រឿងញៀន ឬគ្រប់វិធីដែលនាំឱ្យជនរងគ្រោះបាត់បង់ ឬចុះខ្សោយលទ្ធភាព ទប់ទល់ ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ ដោយបុគ្គលដែលរំលោភអំណាចដែលមុខងាររបស់ខ្លួនបានប្រគល់ឱ្យ ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នក សមគំនិត។ អ្នកកប្រព្រឹត្តបទរំលោភសេពសន្ថវៈនេះ តាមច្បាប់រដ្ឋត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ។
ជាការទ្រទ្រង់ប្រសិទ្ធភាពនៃច្បាប់នេះ ទាក់ទងបុរស-ស្ត្រី ក្នុងសីលប្រាំនៃពុទ្ធសាសនា សីលទី៣ គឺសីលកាមេ ទូន្មានមនុស្សឱយគោរពសិទ្ធិ កុំរំលោភ កុំបៀតបៀន ប្រពន្ធប្តីអ្នកដទៃ ទុកឱ្យគេរស់នៅបានសុខសាន្ត ត្រជាក់ត្រជុំវែងឆ្ងាយទៅ។ ហើយគេក៏នឹងគោរព មិនបៀតបៀនយើង ទុកឱ្យយើងរស់នៅដោយសុខសាន្តដែរ។
(២) ការអប់រំបែបប្រពៃណីហាមឃាត់ការលួច ការកំហែងយក
មានបទល្មើសដែលមានចែងក្នុងច្បាប់រដ្ឋ មួយចំនួនដូចខាងក្រោម សុទ្ធស្ថិតក្រោមការហាមឃាត់នៃការអប់រំបែបប្រពៃណីទាំងអស់ ៖
– អំពើលួច ៖ មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌកំណត់និយមន័យនៃអំពើលួចថា អំពើលួចគឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ទាក់ទងនឹងអំពើលួចមានការលួចប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា និងមានការលួចប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ។
តាមច្បាប់ទាក់ទងនឹងអភ័យឯកសិទ្ធិគ្រួសារ (មាត្រា ៣៥៥) អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងអំពើលួចទ្រព្យសម្បត្តិរបស់សហព័ទ្ធ មិនអាចត្រូវផ្តន្ទាទោសព្រហ្មទណ្ឌទេ។
- ការកំហែងយក ៖ មាត្រា ៣៦៣ នៃក្រមព្រហ្មទណ្ឌកំណត់និយមន័យនៃការកំហែងយកថា គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ៖ (១)-ហត្ថលេខា ឬស្នាមម្រាមដៃ (២)-ការសន្យា ឬការបោះបង់ចោលអ្វីមួយ (៣)-ការបង្ហាញអាថ៌កំបាំងណាមួយ (៤)-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
– ការឆបោក ៖ មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌកំណត់និយមន័យនៃនិយមន័យនៃការឆបោកថា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ៖ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ ៖ (១)-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ (២)-ការផ្គត់ផ្គង់សេវា (៣))-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
– ការរំលោភលើទំនុកចិត្ត ៖ មាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌកំណត់និយមន័យនៃនិយមន័យនៃការរំលោភលើទំនុកចិត្តថា គឺជាអំពើនៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឱ្យខូច ប្រយោជនអ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់។
ចំពោះអ្វីដែលចែងអំពើល្មើសច្បាប់រដ្ឋទាំងអស់ខាងលើនេះ ក្នុងការអប់រំបែបប្រពៃណីព្រះពុទ្ធសាសនា យើងមាន សីលទី២ គឺសីលអទិន្នាទាន ទាក់ទងនឹងកម្មសិទ្ធិអ្នកដទៃដែលយើងមិនត្រូវលួច មិនត្រូវប្លន់ មិនត្រូវបោកប្រាស់ មិនត្រូវស៊ីសំណូកសូកប៉ាន់ (ពុករលួយ)…។ មួយទៀតគឺសីលទី៤ គឺសីលមុសា គឺថាមនុស្សម្នាក់ៗមានសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែក៏មានករណីយកិច្ចមិនភូតកុហក មិនបោកប្រាស់ មិនបរិហាកេរ្តិ៍ មិនញុះញង់ជាដើម។ យើងមានសិទ្ធិនិយាយបានតែពត៌មានពិត ដូច្នេះយើងត្រូវតែនិយាយពិត។
ក្នុងបរិបទនេះ កវីក្រមង៉ុយក៏បានប្រដៅអប់រំប្រជាជនឱ្យត្រូវប្រកាន់មារយាទល្អ សុចរិត កុំលួច កុំប្លន់ កុំឆកុហក បោកបញ្ឆោតគេ។ ទន្ទឹមនឹងនេះ លោកក៏បានអប់រំទូន្មានកូនចៅគ្រប់រូបឱ្យខិតខំរកស៊ី ធ្វើស្រែចំការទៅតាមអ្វីដែលខ្លួនមាន។
“កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ
សុចរិតត្រឹមត្រូវ។
កូនអើយរកស៊ី កកាយធរណីធ្វើស្រែយកស្រូវ
កុំតាមអ្នកណា បាតាមតែឪ”។
៣- ការអប់រំបែបប្រពៃណីរួមចំណែកលើកកម្ពស់សិទ្ធិកុមារ
ក្នុងច្បាប់រដ្ឋ អំពើដែលប៉ះពាល់ដល់សិទ្ធិកុមារនិងត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់មានចែងយ៉ាងល្អិតល្អន់ ជាការបញ្ជាក់ថា រដ្ឋមានការយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សិទ្ធិកុមារ។ អំពើខុសច្បាប់ទាំងនោះមានជាអាទិ៍៖ អំពើបោះបង់អនីតិជន ការបោះបង់គ្រួសារ ការប៉ះពាល់ដល់ការថែរក្សាអនីតិជន ការប៉ះពាល់ដល់បុត្តភាព…។
មាត្រា ៣២១ នៃក្រមព្រហ្មទណ្ឌចែងថា បទបោះបង់អនីតិជន គឺជាអំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង១៥ (ដប់ប្រាំ) ឆ្នាំនិងត្រូវមានទោស ហើយប្រសិនបើអំពើបោះបង់នោះ បណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ ទោសនឹងត្រូវកើនឡើង។
ចំពោះការមិនគោរពតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬ បុព្វញាតិ ឬ ដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ នឹងត្រូវមានទោសពីបទបោះបង់គ្រួសារ (មាត្រា ៣២៤)។
អំពើប្រព្រឹត្តដោយគំនិតទុច្ចរិត មិនព្រមប្រគល់អនីតិជនឱ្យទៅបុគ្គលដែលមានសិទ្ធិទាមទារនោះការប៉ះពាល់ដល់ការថែរក្សាអនីតិជន ឬអំពើដកយកអនីតិជនដោយផ្ទុយច្បាប់ពីបុគ្គលដែលថែរក្សាស្របច្បាប់ គឺជាការប៉ះពាល់ដល់ការថែរក្សាអនីតិជន នឹងត្រូវមានទោសពីបទមិនព្រមប្រគល់អនីតិជន (មាត្រា ៣២៦)។
អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ដល់ឪពុក ម្តាយ ឬដល់ឪពុក ឬម្តាយ ឱ្យបោះបង់ទារកដែលកើតមកហើយ ឬដែលនឹងកើត និងអំពើប្រព្រឹត្តនៅក្នុងគោលដៅចង់បានកម្រៃ ធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្តីប្រពន្ធដែលចង់សុំកូនយកមកចិញ្ចឹម និងឪពុកម្តាយដែលចង់បោះបង់កូនដែលកើតមកហើយ ឬដែលនឹងកើតនោះហៅថាបទញុះញង់ឱ្យបោះបង់ទារក (មាត្រា ៣៣0)។
ការដាក់អនីតិជនឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព និង ចិត្តសាស្ត្រ ដូចជាអំពើរបស់ជនគ្រប់រូប ដែលមានអំណាចទៅលើអនីតិជនអាយុតិចជាងដប់ប្រាំឆ្នាំ ដែលបង្អត់អាហារ ឬគ្មានការថែទាំរហូតដល់ខូចសុខភាពអនីតិជននោះ និងអំពើដែលដាក់ អនីតិជនឱ្យស្ថិតនៅក្នុងលក្ខខណ្ឌការងារ បណ្តាលឱ្យខូចដល់សុខភាព ឬការលូតលាស់ដល់រាងកាយរបស់អនីតិជននោះ សុទ្ធសឹងជាអំពើខុសច្បាប់។
លើសពីនេះនៅមាន បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង១៥ឆ្នាំ និងបទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង។ អំពើអាស គឺជាអំពើនៃការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជន ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
មាត្រាច្បាប់ដែលពាក់ព័ន្ធដល់កិច្ចការពារអនីតិជនដូចមានរៀបរាប់ខាងលើ គឺជាការដាក់កំហិតដល់ឪពុកម្ដាយ ដល់អ្នកអាណាព្យាបាល និងដល់មនុស្សចាស់ទូទៅ ត្រូវមានកាតព្វកិច្ចចំពោះមុខច្បាប់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា ផ្តល់ការអប់រំសិក្សា…ដល់កុមារ។
ក្នុងការអប់រំបែបប្រពៃណីខ្មែរ គុណធម៌មួយនេះមិនមែនជាការដាក់កំហិតទេ តែជាការពន្យល់ឱ្យព្រមទទួលដោយការឱ្យតម្លៃទាំងខ្លួនឯង ទាំងអនីតិជនដែលជាកូន ជាចៅ ជាអ្នកស្ថិតក្រោមអាណាព្យាបាល និងអាចជាកុមារទូទៅ។ ខ្លឹមសារអប់រំនោះគឺមាននៅក្នុងពាក្យ “ព្រហ្មវិហារធម៌ទាំងបួន”។
ព្រហ្មវិហារធម៌ទាំងបួននោះមានជាអាទិ៍ ៖
១- មេត្តា គឺជាការរាប់អាន ការស្រឡាញ់ ការប្រណី
២- ករុណា គឺការអាណិតអាសូរ
៣- មុទិតា គឺជាការសប្បាយអបអរចំពោះសេចក្តីសុខរបស់អ្នកដទៃ និង៤- ឧបេក្ខា គឺជាការមិនលំអៀងនៅជាកណ្តាល។
ព្រហ្មវិហារធម៌ទាំងបួនផ្តល់ការអប់រំ ដែលអាចរួមចំណែកក្នុងការកែប្រែឥរិយាបទឪពុកម្ដាយ អ្នកអាណាព្យាបាល គ្រូបង្រៀន និងដល់មនុស្សចាស់ទូទៅ ឱ្យព្រមទទួលកាតព្វកិច្ចចំពោះមុខច្បាប់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា ផ្តល់ការអប់រំសិក្សា…ដល់កុមារ។
ក្នុងប្រពៃណីខ្មែរ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល គ្រូបង្រៀន រហូតដល់មនុស្សចាស់ទូទៅ ត្រូវមានព្រហ្មវិហារធម៌ជាពិសេសមានមេត្តាចំពោះកូនចៅ សិស្សានុសិស្ស ព្រមទាំងកុមារទូទៅ។ មេត្តា គឺជាចិត្តប្រកបដោយមិត្តភាពដែលពុំមានបំណងអ្វីក្រៅពីចង់ជួយឧបត្ថម្ភ ឬការពលី ផលប្រយោជន៍របស់ខ្លួន ដើម្បីការសង្គ្រោះ និងសុខមាលភាពរបស់អ្នកដទៃ។ កាលណាទឹកចិត្ត ទូលំទូលាយប៉ុណ្ណា ការប្រព្រឹត្តអំពើល្អក៏មានប៉ុណ្ណោះដែរ។ មេត្តាធម៌ គឺជាមេត្រីភាពដ៏បរិសុទ្ធ មានសារធាតុបរទត្ថភាព សេចក្តីអាណិតអាសូរ និងមេត្រីភាពឥតព្រំដែន ដែលអាចក្រសោបប្រជារាស្ត្រខ្មែរទាំងមូលដោយមិនប្រកាន់វណ្ណៈខ្ពស់ទាប មាន-ក្រ អាក្រក់-ល្អ ចេះដឹង-ល្ងង់ខ្លៅ ឡើយ។ ទាំងអស់នេះមានន័យថា ប្រពៃណីខ្មែរបានអប់រំឱ្យម្តាយឪពុកស្រឡាញ់ ការពាររក្សាកូនចៅ ឱ្យកូនចៅដើរតាមឱវាទអ្នកមានគុណ ឱ្យសិស្សត្រូវគោរព និងស្តាប់ឱវាទគ្រូបាធ្យាយ ខិតខំរៀនសូត្រក្រេបចំណេះដឹងពីគ្រូដើម្បីអនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម រីឯគ្រូត្រូវខិតខំបណ្តុះបណ្តាលអប់រំសិស្ស ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ ចំណេះដឹងពីបច្ចេកទេសវិទ្យាសាស្ត្រ បទពិសោធន៍ល្អៗ និងការអប់រំសីលធម៌ ចរិយាធម៌ និងឱ្យក្មេងត្រូវគោរពមនុស្សចាស់ ហើយមនុស្សចាស់ត្រូវមានសេចក្តីសណ្តោសដល់ក្មេង។
សន្និដ្ឋាន
ការសិក្សាបង្ហាញថា ប្រពៃណី ទំនៀម ទម្លាប់ និងសាសនាដែលខ្មែរប្រតិបត្តិ សុទ្ធសឹងជាប្រភពច្បាប់ខ្មែរ ដែល អាចជាមូលដ្ឋានប្រសិទ្ធភាពច្បាប់រដ្ឋ មានដូចជា៖ ការអប់រំតាមរយៈព្រះសង្ឃ ដោយយកទស្សនៈអប់រំក្នុងព្រះពុទ្ធសាសនាជាគោល ការអប់រំតាមរយៈច្បាប់ឧបទេសដែលធ្វើនៅតាមគ្រឹះស្ថានសិក្សានានា ក៏ដូចជានៅតាមគ្រួសារ និងការអប់រំដោយរឹតបណ្តឹងការគោរពប្រពៃណីពីបុរាណ ការរក្សាទំនៀមទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ជាដើម។ ការអប់រំបែបប្រពៃណីដោយផ្អែកលើទស្សនាទានអប់រំ ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ច្បាប់ឧបទេសព្រមទាំងពាក្យចួនដែលបង្កើតឡើងដោយប្រជាជនខ្មែរ បានក្លាយជាច្បាប់ចរិយាសាស្ត្រ ក្នុងការអប់រំពលរដ្ឋកម្ពុជា មិនថានៅសម័យកាលទាំងក្នុងសម័យពីដើមមក និងសម័យបច្ចុប្បន្ន។
ដូចនេះ ទោះបីបច្ចុប្បន្នយើងបានអនុវត្តវិធានការជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពច្បាប់ ដូចជា៖ កំណែទម្រង់ស្ថាប័នតុលាការ និងការពង្រឹងស្ថាប័នអយ្យការដើម្បីឱ្យតុលាការឯករាជ្យ និងត្រូវបានធានាស្របទៅតាមគោលការណ៍មូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការដែលអនុម័តដោយអង្គការសហប្រជាជាតិ ការពង្រឹងស្ថាប័ននគរបាលយុត្តិធម៌ដោយការលើកកម្ពស់ស្ថាប័ននេះឱ្យមានសមត្ថភាព ចំណេះ ជំនាញ បទពិសោធន៍និងសីលធម៌ត្រឹមត្រូវប្រកប ដោយវិជ្ជាជីវៈខ្ពស់ ការពង្រឹងអភិបាលកិច្ចដែលជាដំណើរនៃការធ្វើសេចក្តីសម្រេចចិត្ត និងដំណើរនៃសេចក្តីសម្រេចត្រូវអនុវត្តនិងមិនត្រូវអនុវត្ត… យើងក៏ត្រូវពង្រឹងបន្ថែមការអប់រំបែបប្រពៃណី ព្រោះការសិក្សាបានបង្ហាញថា ខ្លឹមសារអប់រំបែបប្រពៃណីខ្មែរតាមរយៈទស្សនៈពុទ្ធសាសនាក្តី តាមរយៈឧបទេសបុរាណក្តី មានច្រើនណាស់ ដែលទ្រទ្រង់មាត្រានានានៃច្បាប់វិជ្ជមាន ដែលអាចឱ្យយើងសន្និដ្ឋានបានថា ការអប់រំបែបប្រពៃណី គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពច្បាប់ព្រះរាជាណាចក្រកម្ពុជាយើង៕
ឯកសារពិគ្រោះ
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
២. ក្រមព្រហ្មទណ្ឌខ្មែរ ភ្នំពេញ ឆ្នាំ១៩៦៩។
៣. ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
៤. ខ្លូត ធីតា ទស្សនវិជ្ជាច្បាប់ រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៨។
៥. ជីង ប៊ុនឡេង ក្រមព្រហ្មទណ្ឌ (បកប្រែខ្មែរ-អង្គគ្លេស) បោះពុម្ព ឆ្នាំ២០១៥។
៦. ជួន ណាត វចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសន បណ្ឌិត្យ ឆ្នាំ១៩៦៧។