ទម្លាប់គេង 5យ៉ាង ដែលអ្នកគួរអនុវត្តដើម្បីឱ្យគេងយប់លក់ស្កប់ស្កល់

43

ការគេងឆ្អែតគ្រប់គ្រាន់ពេលយប់ ជាគន្លឹះសំខាន់ក្នុងការជំរុញឱ្យរាងកាយអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាការសិក្សា​ និងបំពេញការងារ នៅព្រឹកស្អែក។ ប៉ុន្តែយ៉ាងណា​ការចំណាយពេលច្រើនលើបណ្ដាញសង្គម និងអនឡាញ បណ្ដាលឱ្យមនុស្សជាច្រើនគេងមិនបានគ្រប់គ្រាន់។

 

1.ប្រកាន់ខ្ជាប់នូវទម្លាប់គេងឲ្យទៀងទាត់

មនុស្សជាច្រើនបានជួបជុំគ្នាដាច់យប់នៅចុងសប្តាហ៍។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមកំណត់រយៈពេលគេងបន្ថែមឲ្យបានមួយ ឬ ពីរម៉ោង ដូច្នេះអ្នកអាចរក្សាប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកឲ្យមានសុខភាពល្អបាន។ ការប្រកាន់ខ្ជាប់នូវទម្លាប់នេះឲ្យបានទៀងទាត់ អាចជួយយើងរក្សាទម្លាប់គេងបានល្អ។

2.កាត់បន្ថយពន្លឺ

ខួរក្បាល បញ្ចេញអ័រម៉ូនម៉្យាងឈ្មោះមេឡាតូនីនមុនពេលអ្នកគេង។ មេឡាតូនីន គឺជាអ័រម៉ូនដែលជួយកាត់បន្ថយភាពមិនងងុយ និងជួយឲ្យអ្នកងុយគេង។ ហើយពន្លឺ អាចបង្អាក់ខួរក្បាលរបស់អ្នកក្នុងការបញ្ចេញអ័រម៉ូនមេឡាតូនីន។

បច្ចុប្បន្នយើងភាគច្រើន មិនអាចអត់ឧបករណ៍អេឡិចត្រូនិកបានទេ។ នេះរួមបញ្ចូលទាំងការប្រើវាសម្រាប់មើលអ៊ីម៉ែល ឬជជែកជាមួយមិត្តភក្តិមុនចូលគេង សូម្បីតែនៅពេលដែលបិទភ្លើងហើយក៏ដោយ។ យ៉ាងណា ការប្រើឧបករណ៍អេឡិចត្រូនិកមុនចូលគេង អាចរំខានដល់ដំណេករបស់អ្នក។

3.រៀបចំកន្លែងគេងឲ្យមានផាសុខភាព

បរិយាកាសកន្លែងគេងរបស់អ្នក គឺសំខាន់ណាស់ដើម្បីគេងយប់ឲ្យលក់ស្រួល។ យោងតាមបណ្ឌិត Gary Zammit នាយកប្រតិបត្តិនៃវិទ្យាស្ថាន Sleep Disorders នៅទីក្រុងញ៉ូវយ៉ក4  បានលើកឡើងថា បញ្ហាធំបំផុតគឺកន្លែងគេងគ្មានសណ្ដាប់ធ្នាប់។​ នេះរាប់បញ្ចូលទាំងការរៀបចំបន្ទប់គេងអ្នកឲ្យក្លាយទៅជាបន្ទប់លេងផង បន្ទប់ការងារផង ឬកន្លែងមើលទូរទស្សន៍ផង ក៏ដូចជាពេលខ្លះអ្នកកំពុងនៅលើគ្រែតែគិតអំពីការងារផង ឬលេងផង។

4.ទទួលទានទឹក និងអាហារពេលល្ងាចត្រឹមត្រូវ

អ្នកប្រហែលធ្លាប់ទទួលការណែនាំឲ្យចៀសវាងការទទួលទានក្រោយម៉ោង8យប់ ឬទទួលទានឲ្យបានច្រើនម៉ោងមុនចូលគេង។ ទាំងនេះគ្រាន់តែជារឿងឮតៗគ្នាប៉ុណ្ណោះ។

អ្វីដែលអ្នកត្រូវធ្វើឲ្យប្រាកដ គឺទទួលទានប្រភេទអាហារក្នុងបរិមាណត្រឹមត្រូវ ពិសេសនៅពេលទទួលទានអាហារពេលល្ងាច។ សូមចៀសវាងការទទួលទានអាហារច្រើនពេក ហិលពេក ឬអាហារដែលមានជាតិជូរខ្លាំងពេក ព្រោះវាអាចបណ្ដាលឲ្យរលាកបេះដូង និងពិបាកកិនរំលាយនៅពេលអ្នកជិតចូលដំណេក។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារផ្ទុកជាតិស្ករ និងស្ករសុទ្ធដូចជានំប៉័ង បាយ និង មី គុយទាវ ជាដើម ព្រោះវាអាចបណ្ដាលឲ្យស្មារតីយើងស្វាង មិនងងុយគេង។ ការទទួលទានគ្រឿងស្រវឹង និងកាហ្វេអ៊ីន ក៏អាចប៉ះពាល់ដល់វដ្ដនៃដំណេករបស់អ្នកផងដែរ។

5.ហាត់ប្រាណនៅពេលថ្ងៃ

ក្រោយពេលបញ្ចេញចលនារាងកាយសកម្មនៅពេលថ្ងៃរួចមក ជាធម្មតាវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងពេលយប់។ សកម្មភាពទាំងនេះ ធ្វើឲ្យអ្នកហត់នឿយ និងជួយឲ្យអ្នកឆាប់គេងលក់។

ក្រៅពីធ្វើលំហាត់ប្រាណដើម្បីឲ្យគេងលក់ស្រួល យើងក៏គប្បីហាត់ប្រាណដើម្បីថែរាងឲ្យមានសុខភាពល្អផងដែរ។ ការសម្រាកគ្រប់គ្រាន់នៅពេលយប់ និងហាត់ប្រាណពេលថ្ងៃបានត្រឹមត្រូវ អាចជួយឲ្យយើងរស់នៅមានសុខភាពល្អ។