ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត តេង គឹមស៊ាន ក្រោមប្រធានបទ៖ ស្ថាប័នការអនុវត្តបរិយាបន្នសិទ្ធិជនពិការនៅកម្ពុជា

65

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ការអនុវត្តបរិយាបន្នសិទ្ធិជនពិការនៅកម្ពុជា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១. សេចក្តីផ្តើម

អ្វីជាពិការភាព? (និយាមពិការភាព​ជា​តិ និងអន្តរជាតិ)

តាមអនុសញ្ញាសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ បាន​​ផ្ដល់និយមន័យថាៈ ជនពិការសំដៅលើអ្នកទាំង​​ឡា​យ​ណា ដែលមានភាពអន់ខ្សោយរយៈពេលយូរ ផ្នែកកាយ​សម្បទា ផ្លូវចិត្ត សតិបញ្ញា ឬញាណដឹង ដែលនៅពេល​ជួប​​ប្រទះជាមួយឧបសគ្គនានា អាចរារាំងពួកគេមិន​ឱ្យ​មាន​ការ​ចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាព​ក្នុង​សង្គមដោ​យ​ស្មើភាពគ្នាជាមួយអ្នកដទៃបាន។ ពិការភាព​(Disability) និងភាពខ្សោយ (Impairment) តែងប្រើ​ហាក់មាន​ន័យ​ដូចគ្នាដែរ ប៉ុន្តែជាការពិតអត្តន័យរបស់វា​គឺខុស​គ្នា។ ភាពខ្សោយ (Impairment): គឺជាការបាត់​បង់​មុ​ខ​ងា​រ​​​​ណាមួយរបស់​រាងកាយ។ ឧទាហរណ៍ៈ នៅពេល​ដែល​អ្នក​ណាម្នាក់មិន​អាច​​​មើលឃើញច្បាស់ជាដើម។ ភា​ព​ខ្សោ​យ​ មិ​នអាចកែមក​វិញបានឡើយ និងអូសបន្លាយ​ពេលពេញ​មួយជីវិត។ ប៉ុន្តែ​ពេលខ្លះគេអាចកែកុនភាពខ្សោយនេះ​បាន​ដូចជានៅ​ក្នុង​ករណីគំហើញ ដោយការប្រើប្រាស់​វ៉ែនតាជាដើម។ ប៉ុន្តែ​ពិការភាពមិនមែនជាការ​បាត់​បង់​មុខងារណាមួយរប​ស់​រាងកាយនោះទេ។ ពិការភាព​ គឺ​ពាក់ព័ន្ធជាមួយឧបសគ្គ និ​ង​​បរិស្ថាន ឬឥរិយាបទរបស់មនុស្ស ដែលរារាំងជន​ពិការ​មិន​អាច​ធ្វើសកម្មភាព​ប្រចាំ​ថ្ងៃ​ ក្នុងការចូលរួមក្នុង​សកម្ម​ភា​ព​​​​​​​​​​​​នា​នា​​ដូច​អ្នក​ផ្សេង​ទៀត​នៅ​ក្នុងសង្គម។ ពិការភាព ​(Disability): គឺនៅពេលដែល​មនុស្សម្នាក់មានភាព​ខ្សោ​យ និងជួប​ប្រទះ​ឧបសគ្គក្នុងការ​​ធ្វើសកម្មភាពអ្វីមួយ។​ ដូចនេះ​យើង​អាច​ទាញ​​​​សន្និដ្ឋាន​បានថាៈ ភាពខ្សោយ + ឧបសគ្គ = ពិការ​ភាព។

តាមច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន​ពិការ កម្ពុជាបានកំណត់និយមន័យថា ជនពិការគឺជា ជន​ទាំងឡាយណាដែលខ្វះខាត បាត់បង់ ខូចខាតសរីរាង្គ​ណា​មួយ ឬសតិបញ្ញា បណ្ដាល​ឱ្យមានការរំខានដល់​ជីវ​ភាព​រស់នៅ ឬសកម្មភាពនានាប្រចាំថ្ងៃដូចជា ជនពិការ​រាងកាយ ពិការភ្នែក ពិការក្នុងការស្ដាប់ ពិការ​សតិបញ្ញា មនសិការវិកល និងប្រភេទពិការផ្សេងៗទៀត ដែលនាំ​ឱ្យ​មានលក្ខណៈមិនប្រកត្រី និងបានកំណត់ប្រភេទ​ពិការ​ភា​ព​ជាបួនប្រភេទរួមមាន៖ ទី១)ពិការកាយសម្បទារួមមានៈ ខ្សោយខាងចលនា ខ្សោយខាងស្តាប់ ខ្សោយខាង​និយា​យ និងខ្សោយខាងការមើល រួមទាំងពិការសរីរាង្គខាងក្នុង ទី២)ពិការសតិបញ្ញាៈ ពិបាកក្នុងការចងចាំភ្លេចច្រើន​។ល​។ ទី៣)ពិការផ្លូវចិត្តៈ មន្ទិលសង្ស័យវិកល ខូចសតិ​អារម្មណ៍ តានតឹងផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ ជំងឺវង្វេង និងទី៤)ពិការផ្សេងៗ: មុខមាត់ខូចទ្រង់ទ្រាយ ក្បាលធំ តឿ ក្រិន ពកក ផលវិបាកក្នុងការបំពេញ​មុខងារ​។ល។

២. គោលគំនិតរួមនៃការដាក់បញ្ចូល​ពិការ​ភាព

ជនពិការជារឿយៗ​​​​​​​​​​​​​​​​ត្រូវ​បាន​រារាំង ឬផាត់ចេញ​មិន​អា​ច​ចូលក្នុងសង្គមបានទោះ​​​​បី​ពួក​​​គេមានសិទ្ធិ​ដូចគ្នា​ទៅនឹង​មនុស្ស​ផ្សេងទៀតដូចជា សិទ្ធទទួលបានការអប់រំ មាន​ការងារធ្វើ រៀបអាពាហ៍ពិពាហ៍ និងការចូលរួម​នៅ​ក្នុង​សហគមន៍​ជាដើម ដែលអង្គការសហប្រជាជាតិ​បានប៉ាន់​ប្រមាណថា​ ៨២%នៃជនពិការទាំងនេះរស់នៅក្រោម​បន្ទាត់​នៃភាពក្រីក្រ។

គួរមានការកត់សម្គាល់ថា គម្រោងដែលមានស្រាប់​នៅ​​ក្នុង​ផែនការ​​​អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ឃុំ/សង្កាត់ ក្រុង/ស្រុក និង​​​ខេត្ត)គឺនៅមានការខ្វះខាតនៅឡើយ ឬមិនមែនសុទ្ធតែ​បានដាក់បញ្ចូលជនពិការនោះទេ។ ដូចនេះ ដើម្បីឱ្យ​គម្រោ​ងមួយមានការដាក់បញ្ចូលពិការភាពទៅបាន ជា​ចាំបាច់គេត្រូវតែដឹងពីឧបសគ្គ និងពីរបៀប​នៃការ​លុប​បំបាត់ឧបសគ្គទាំងនោះ។ ដាក់បញ្ចូលជនពិការអាច ធ្វើ​ឡើងនៅគ្រប់ជំហានទាំងអស់នៅក្នុងដំណើរការរៀបចំ និង​កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ​រំកិ​ល របស់ឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្ត និងនៅគ្រប់គម្រោង​ទាំងអស់របស់ឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្ត។ ដំណោះ ស្រាយជាច្រើនមិនចំណាយថវិកាច្រើនពេកនោះទេ ប៉ុន្តែ​ត្រូវការវិនិយោគពេលវេលា និងត្រូវមានភាពច្បាស់លាស់ ពីអ្នកដែលត្រូវចាត់វិធានការ។ ដើម្បីជាការដោះស្រាយ​ឧបសគ្គចម្បងៗរបស់ជនពិការបានជាចាំបាច់ គឺត្រូវ​បង្កើ​ន ការចូលរួមឱ្យបានខ្លាំងក្លាពីជនពិការ នៅក្នុងពេលវេលា​នៃ​​ដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលនៅគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោម ជាតិ (ឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្ត)។

ផ្អែកតាមគោលគំនិត និងបរិបទដូចខាងលើនេះ វា​ជា​ការសំខាន់ណាស់ដែលយើងត្រូវដឹងថា តើអ្នកណា ខ្លះ​ជាជនពិការ នៅក្នុងមូលដ្ឋានរបស់យើង ដើម្បីឱ្យយើង​អាច​ដាក់បញ្ចូលពួកគាត់ និងផ្តល់ការគាំទ្រ​ដល់ពួកគាត់​ឱ្យ​​បាន​ល្អ។ ការកំណត់រកជនពិការ មិនមែនចេះតែងាយ​ស្រួលនោះទេ។ ពេលខ្លះជនពិការ​លាក់ខ្លួន​នៅ​ក្នុង​​​​​ផ្ទះ ហើយ​មិនសូវចេញមកខាងក្រៅនោះទេ។ ពេលខ្លះពិការ​ភាព​​​មិន​​អាចមើលឃើញពី​ខាង​ក្រៅ​ឡើយ។ ឧទាហរណ៍៖ នៅពេលអ្នកណាម្នាក់មើលមិនឃើញច្បាស់ជាដើម ឬជន​ពិការ ប្រហែលមិនចង់ចាត់ទុកខ្លួនឯងថាជាជន​ពិការ​នោះទេ ដោយសារតែការភ័យខ្លាចទទួលរងការមាក់​ងា​យ ឬការរើសអើង។

ពេលខ្លះមានទិន្នន័យដែលគេអាចយកមកប្រើប្រាស់បានតែម្តង។ ឧទាហរណ៍៖ ទិន្ន័យពី​ជំរឿន ទិន្នន័យ ពី​កម្មវិធី​អប់រំ ឬទិន្នន័យពីផែនទីសេវាសង្គម ឬកម្មវិធីស្តា​​រ​លទ្ធភាពពលកម្ម​តាម​សហគមន៍​នៅ​ក្នុងតំបន់ ឬពី​អង្គ​កា​រ​​​ជនពិការនៅតាមមូលដ្ឋានជាដើម។ នៅក្នុងករណីផ្សេង​ទៀត គេប្រហែលជាចាំបាច់ត្រូវធ្វើការប្រមូលទិន្នន័យ ដោយសារតែមិនទាន់មានទិន្នន័យនៅឡើយ។ គេអាច​ប្រមូល​ទិន្នន័យតាមរបៀបផ្សេងៗ ឧទាហរណ៍៖ យើង​អា​ច​​​សួរទៅអង្គការជនពិការពីជនពិការដែលពួក​គាត់​ស្គា​ល់​​ និង​ក្តាប់បាន។ យើងក៏អាចសួរ ឬសុំទៅអ្នកដឹកនាំ​សហគ​មន៍ ក្នុងការជួយកំណត់រក​ជនពិការនៅក្នុងសហគមន៍​របស់​ពួកគាត់ដូចជា តាមរយៈការទៅកាន់ផ្ទះ ទាំងអស់​នៅ​ក្នុង​តំបន់​របស់​ពួក​គេជាដើម។

តើការដាក់បញ្ចូលពិការភាពផ្តល់សារៈប្រយោជន៍អ្វីខ្លះ? ការដាក់បញ្ចូលពិការភាព បង្កើនការផ្តល់តម្លៃ​ដល់​ខ្លួន​ឯង និងដល់ជនពិការ។ ជាក់ស្តែងនៅពេល​ដែល​ជន​ពិការ​មាន​សកម្មភាពសេដ្ឋកិច្ច ពួកគាត់មានតួ​នាទីដែល​សង្គម​ផ្តល់​តម្លៃ​ឱ្យដូចជា សិស្ស និយោជិត ម្ចាស់ហាង ឬ​ជាងជួស​ជុល​ម៉ូ​តូ។ ការដាក់បញ្ចូលពិការភាព មិនត្រឹម​តែ​ផ្តល់ផល​ប្រយោជន៍ដល់ជនពិការប៉ុណ្ណោះទេ ប៉ុន្តែ​ថែ​ម​​ទាំង​ផ្តល់ផល​ប្រយោជន៍ដល់សមាជិកគ្រួសាររបស់ជន​ពិការទៀតផង។ ការដាក់បញ្ចូលពិការភាព ក៏ផ្តល់ផល​ប្រយោជន៍​ដល់​សង្គ​ម​​ទាំងមូលផងដែរ នៅពេលដែល​មាន​មនុស្សកាន់តែ​ច្រើន​នាក់មានសកម្មភាពនៅក្នុង​វិស័យ​​សេដ្ឋកិច្ច នោះការចំ​ណា​​យ​លើកម្មវិធី ពិសេសសម្រាប់សង្គមនឹងមានការថយចុះ។ ដោយសារតែការផាត់ចេញ ជនពិការក្លាយជាជនក្រីក្រ ជន​ក្រីក្រកាន់តែមាន​ភាព​ងា​យ​រងគ្រោះនៅពេល ដែលពួក​គា​ត់​ងាយរងគ្រោះ ពួកគាត់​ងាយនឹងមានពិការភាព។ ដូចនេះ​ការដាក់បញ្ចូល​ពិការ​ភាព អាចបញ្ចប់វដ្ដនៃភាពក្រីក្រ​បាន​។

ការដាក់បញ្ចូល​ពិការភាព មានន័យថា ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នានៅក្នុងសង្គម អាចចូលរួមក្នុង​សកម្ម​ភាព​​នានា​នៃ​គម្រោង និងកម្មវិធីទាំងឡាយនៅគ្រប់ដំណាក់កាល​ទាំង​អស់។ ដើម្បីផ្តល់​លទ្ធភាព​​ឱ្យ​គ្រប់​គ្នា​​​ចូល​រួមបាន ចាំបាច់​ត្រូវដក ឬកាត់បន្ថយ ឧបសគ្គនានាមួយចំនួនចេញ។ យើ​ង​​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​​ដាក់លើការដកចេញនូវ​ឧបស​គ្គ​​​នានា ដែលពាក់ព័ន្ធជាក់លាក់ជាមួយនឹង៖ ឥរិយាបទៈ បង្ហាញ​ការគោរព និងសេចក្តីថ្លៃថ្នូរ។ ការប្រាស្រ័យទាក់​ទ​ង​​គ្នា ប្រាស្រ័យទាក់ទងជាមួយជនពិការ។ ភាពងាយ​ស្រួល​ក្នុងការចេញចូល (Accessibility): បង្កើតការ​ចេ​ញ​​ចូល​ដោយគ្មានឧបសគ្គ។ ការចូលរួមៈ ធានាឱ្យមានការ​ចូលរួម​ឱ្យបានសកម្ម។

៣. លទ្ធផលនៃសិក្សាស្រាវជ្រាវបឋម

ក. ពីលទ្ធភាពចេញ​​ចូល / បរិស្ថានគ្មាន​ឧសគ្គ (Accessibility)

ជាគោលការណ៍សាកល មនុស្សគ្រប់រូបត្រូវការ និង​មានសិទ្ធិចេញចូល តាមទីសាធារណៈ៖ សាលារៀន ទីធ្លាមណ្ឌលសុខភាព ហាងទំនិញ មជ្ឈមណ្ឌលបណ្ដុះ​បណ្ដា​ល កន្លែងធ្វើការ ផ្ទះអ្នកជិតខាង បង្គន់ បន្ទប់ទឹក។ល។ តាម​រយៈច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ នៅក្នុងជំពូកទី៥ បានប្បញ្ញត្តិទៅលើលទ្ធភាពនៃការ​ចេ​ញ​​​ចូលទីកន្លែងសាធារណៈ ដែលបានចែងអំពីវិធាននានា​ពាក់ព័ន្ធទៅនឹងការងាររៀបចំចាត់ចែង និងបង្កលក្ខណៈ​ងាយស្រួលដល់ជនពិការ រួមមានៈ ការងារជម្រាល ការ​បំពាក់ឧបករណ៍ធ្នាក់ដៃ ការសាងសង់សំណង់នានា ដោ​យ​មានលក្ខណៈសម្របសម្រួល មធ្យោបាយដឹកជញ្ជូន ផ្លាក​សញ្ញាសម្រាប់ជនពិការ ទីកន្លែង ចតយានយន្តសម្រាប់​ជនពិការ។ល។ បរិស្ថានគ្មានឧបសគ្គ គាំទ្រដល់សេចក្តី​ថ្លៃថ្នូរ និងឯករាជភាពរបស់មនុស្ស គ្រប់រូប។ បរិស្ថាន​បែប​នេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ជនពិការ​ប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់​មនុស្ស​ទូទៅ​។ ប្រសិនបើមានឧបសគ្គនៅក្នុងបរិស្ថាន ហើយគេមិន​អាច​ប្រើប្រាស់សេវាបាននោះ ប្រជាពលរដ្ឋនឹងមិនអាចចូល​រួម​បានពេញលេញក្នុងជីវិតសង្គម និងសេដ្ឋកិច្ច ហើយ​ក៏​មិនអាចទទួលបានសិទ្ធិជាមូលដ្ឋានរបស់ពួកគេនោះផងដែរ។

ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ការបំលាស់ទីរបស់ជនពិការនៅតែជាបញ្ហាប្រឈម​នៅ​​​​ឡើយ ជាពិសេសការបំលាស់ទីនៅក្នុងសហគមន៍រួមមានការបំលាស់នៅក្នុងបរិវេណផ្ទះរបស់ខ្លួន នៅតាមដងផ្លូវ​សាធារណៈ និងមធ្យោបាយធ្វើដំណើរសាធារណៈ។ ជា​លទ្ធផលបានបញ្ជាក់ថា ភាពងាយស្រួលគឺមានកម្រិតទា​ប​​បំផុត ដែលការងាយស្រួលបំលា​ស់ទីនៅ​ក្នុង​បរិវេ​ណ​ផ្ទះ​របស់ខ្លួនមានប្រមាណ ១៤% ការងាយ​ស្រួលបំលា​ស់​ទី​នៅ​តាមដងផ្លូវសាធារណៈមានប្រមាណ ១៧% និង​ការ​​​ងាយស្រួលទៅលើមធ្យោបាយធ្វើដំណើរ​សាធារណៈ​មាន​ត្រឹមតែប្រមាណ ៥% ប៉ុណ្ណោះ។ នេះមានន័យថា ការ​លំបាក គឺនៅមានកម្រិតខ្ពស់នៅឡើយ ដែល​ជា​លទ្ធផល​បានឱ្យដឹងថាការលំបាកបំលាស់នៅក្នុងបរិវេណផ្ទះ​របស់​ខ្លួនមានប្រមាណ ៨៦%​ ការលំបាកបំលាស់ទី​នៅតាម​ដង​ផ្លូវសាធារណៈមានប្រមាណ ៨៣%​ និងការ​លំបាកទៅ​លើ​មធ្យោបាយធ្វើដំណើរសាធារណៈមានរហូតដល់ ៩៥%។ ការបង្កលក្ខណៈសម្រ​បសម្រួល​រូបវ័ន្ត​សម្រាប់​ជនពិការ គឺ​មិនទាន់បានគ្រប់គ្រាន់ សមស្រប និ​ង​​ល្អប្រសើរនៅ​ឡើយ​ទេ ពោលគឺទៅលើការរៀបចំ​ជម្រា​ល​នៅតាមអគារ​សាធារ​ណៈ​​របស់រដ្ឋដូចជា អគារមណ្ឌល​សុខភាព ប៉ុស្តិ៍នគរបាល​រដ្ឋបាល សាលាឃុំ/សង្កាត់ សា​លា​​​ក្រុង/ស្រុក សាលាខេត្ត មន្ទីរ ស្ថាប័នានា។ ការរៀបចំ​​បន្ទ​ប់​​​ទឹក​​ដែលមាន​លក្ខណៈ​សម្រប​សម្រួលនៅ​តាមស្ថាប័ន​រដ្ឋ គ្រឹះស្ថានឯកជន និងរួម​ទាំងបន្ទប់ទឹកនៅតាមផ្ទះក្នុង​សហគមន៍ក៏នៅ​មានការខ្វះ​ខាតផងដែរ។ ការរៀបចំ​សញ្ញា​សម្រាប់ជនពិការនៅតាម​ទី​សាធារណៈ និងការបកប្រែ​ភាសា​សញ្ញានៅក្នុងកម្មវិធី​នានា ក៏នៅមានការខ្វះខាតដែលកត្តាទាំងនេះ ធ្វើឱ្យការចូល​រួម​របស់ជនពិការជួប​ប្រទះ​នូវឧបសគ្គ និងរារាំងដល់ដំណើ​ការ​សមាហរណ​ក​ម្ម​ជនពិការទៅក្នុងសង្គម និងសេដ្ឋកិច្ច។ ជាក់​ស្តែងលទ្ធ​ផ​ល​​​បានបញ្ជាក់ថា កម្រិតគ្រប់គ្រាន់សមស្រប និ​ង​ល្អប្រសើរ មានតិចតួចនៅឡើយ ពោលគឺទៅ​លើការ​បក​ប្រែ​ភាសា​សញ្ញានៅក្នុងកម្មវិធីនានាមានប្រមាណ ៥% ការរៀ​ប​ចំ​ស្លាកសញ្ញាសម្រាប់ជនពិការនៅតាមទី​សាធារណៈ​មានប្រមាណ៣% ការរៀបចំ​បន្ទប់ទឹកដែល​មានលក្ខណៈ​សម្របសម្រួលដល់ជនពិការនៅតាមគ្រឹះស្ថានសាធារណៈ​របស់រដ្ឋមានប្រមាណ២៣% ការរៀបចំបន្ទប់ទឹកដែល​មានលក្ខណៈសម្របសម្រួលសម្រាប់ជនពិការនៅតាមមូលដ្ឋាន (កម្រិតសហគមន៍) មានប្រមាណ២១%​ និង​ការរៀបចំជាជម្រាលសម្រាប់ជនពិការនៅតាមគ្រឹះស្ថាន សាធារណៈរបស់រដ្ឋ ឯកជន និងតាមទីសាធារណៈ​នា​នា​មានប្រមាណ១៦% តែប៉ុណ្ណោះ។ នេះបាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ការបង្កលក្ខណៈសម្របសម្រួលរូបវ័ន្ត​សម្រា​​ប់​ជនពិការ គឺនៅមានតម្រូវការខ្ពស់ដែលរាជ​រដ្ឋា​ភិបាល​ត្រូវ​បន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំង​ការ​​ពង្រឹ​ង​ការអនុវត្ត​ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ​ជន​​ពិការ និង​យន្តការនានាដែលបានរៀបចំឡើង​នាពេល​កន្លងមក ដើម្បី​សំដៅការលើកកម្ពស់ ការចូលរួម​របស់​​ជ​​ន​​ពិការទៅក្នុង​គ្រ​ប់​សកម្មភាពសង្គម និងសេដ្ឋកិច្ច។ ជា​រួម​បរិយាកាសរូបវន្ត​នៅកម្ពុជា មានឧបសគ្គជា​ច្រើន​សម្រាប់​ជនពិការ។ ផ្លូវ​សាធារណៈ និងផ្លូវថ្នល់ មិនទាន់មាន​កន្លែ​ង​​សមរម្យ​សម្រា​ប់​ជនពិការ ដូច្នេះការធ្វើដំណើរ​ទៅ​មក គឺ​មានគ្រោះថ្នាក់​បំផុត។ ក្នុងករណីជាច្រើនមិន​អាច​ទៅរួច​ទេ។ ស្ទើរតែ​គ្រប់​ទីកន្លែង និងអាគារសាធារណៈ​ទាំង​អស់​មិនមានលក្ខណៈ​សម្របសម្រួលសម្រាប់ជនពិការឡើយ។ សូម្បីតែស្ថាប័ន​អប់រំ ក៏មិនបានផ្តល់លទ្ធភាពពេញលេញ ឬ​មធ្យោបាយងាយ​ស្រួលដល់សិស្ស​ ដែលមាន​ពិការ​ភាព​ដែរដូច្នេះទំនង​ជា​រារាំងពួកគេមិនឱ្យសិក្សាបានផងដែរ។ អគារភាគច្រើនមាន​តែជណ្តើរនៅច្រកទ្វារចូល​ប៉ុណ្ណោះ។ បញ្ហាស្រដៀងគ្នា​នេះ​ផងដែរ ត្រូវបានគេមើល​ឃើញមាន​នៅក្នុងមន្ទីរពេទ្យ សា​លា​រៀន និងស្ថាប័ន ដែលមាន​កម្រិ​ត​ខ្ពស់ ព្រោះជាធម្មតា​ពួក​គេ​មានតែជណ្តើរជើង​ភាគច្រើន​។ នេះក៏ព្រោះតែម្ចាស់​អាជីវ​កម្មមិនគោរពច្បាប់ និងនិទណ្ឌ​ភាព។ មានច្បាប់ចែងថា រាល់អគារអាជីវកម្មទាំងអស់ត្រូវ​ផ្តល់លទ្ធភាពដល់​ជន​ពិ​ការ ប៉ុន្តែច្បាប់នេះមិនត្រូវបាន​គោរព​ទាំងស្រុងនោះទេ។

ខ. ការទទួលបានសេវាអប់រំ

សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សគឺបាន បញ្ជាក់​ថាមនុស្សទាំងអស់ កើតមកមានសិទ្ធិ សេរីភាព សមភាព និងសេចក្តីថ្លៃថ្នូរ។ អនុសញ្ញាស្ដីពីសិទ្ធិជន​ពិការ​បានចែងថា ជនពិការ ក៏ដូចជាមនុស្សជាតិទាំងអស់ត្រូវ ទទួលបានសិទ្ធិដូចគ្នាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិ​សេដ្ឋកិច្ចសង្គម និងសិទ្ធិវប្បធម៌ ដោយគ្មានការបែងចែក និងរើសអើងឡើយ។ មាត្រា៧៤ នៃរដ្ឋធម្មនុញ្ញបាន​កំណ​ត់​​ថា «រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារ​យុទ្ធជ​ន ដែលបានបូជាជីវិត ដើម្បីប្រទេសជាតិ»។ ច្បាប់ស្ដីពី​ការ​អប់រំមាត្រា៣៨ បានចែងថា  «រដ្ឋលើកទឹកចិត្ត និងជំរុញឱ្យមានការអប់រំពិសេសសម្រាប់ជនពិការ និងអ្នកសិក្សា​ពូកែ ដែលមានទេពកោសល្យ និង/ឬមានបញ្ញាខ្ពស់។ ច្បាប់​ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការពី​មា​ត្រា​២៧ ដល់មាត្រា៣២ បានលើកកម្ពស់សិស្ស-និស្សិត ដែ​ល​មានពិការភាពគ្រប់រូបឱ្យមានសិទ្ធិចូលសិក្សា និង​ទទួល​បាន​ការអប់រំ ព្រមទាំងមានការសម្របសម្រួល​នានា​។

លទ្ធផលសិក្សាបានឱ្យដឹងថា ស្ថានភាពកុមារ​ពិការ​​​មានស្ថានភាពប្រសើរ ដោយបានចូលរៀនសូត្រ ប្រមាណ ៦៨% និងមិនបានចូលរៀនសូត្រប្រមាណ ៣២%។ ក្នុងលទ្ធផលនេះអាចបកស្រាយបានថា ក្នុង​ចំណោមកុមារពិការចំនួន ១០នាក់ គឺបានចូលរៀនចំនួន ៧នាក់ និងចំនួន ៣នាក់ នៅមិនទាន់បានចូលរៀន​នៅ​ឡើយ។ ចំពោះកុមារពិការដែលបានចូលសិក្សាសូត្រ​រួច​ហើយ ពួកគេនៅទទួលអារម្មណ៍ថាលំបាកនៅឡើយ​ចំ​ពោះ​កា​រសិក្សារៀនសូត្ររបស់ពួគគេ ដែលមាន​តែ​ប្រមា​ណ ១៣% ប៉ុណ្ណោះ បានឆ្លើយថា ទទួលបានអារម្ម​ណ៍​ងាយ​ស្រួល ក្រៅពីនេះគឺនៅទទួលអារម្មណ៍ថាមានការលំបាក អារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍ថាត្រូវបា​នគេ​រើស​អើង។ ចំពោះកុមារពិការ ដែលមិនបា​នចូ​លសិក្សា​រៀន​សូត្រ គឺបានរកឃើញពីមូលហេតុ និងឧបស​គ្គសំខា​ន់ៗ​មួយចំនួនរួមមានបញ្ហាសុខភាព បញ្ហាផ្លួវលំបាក​ធ្វើ​ដំ​ណើរ (ឬការបំលាស់ទី) បញ្ហាភាពក្រីក្រ បញ្ហាសាលា​ខ្វះការ​សម្របសម្រួលរូបវន្ត សាលារៀនខ្វះគ្រូជំនាញខាងការអប់រំ​កុមារពិការ និងបញ្ហាផ្សេងៗ។ នៅក្នុងចំណោមមូល​ហេតុ​ទាំងអស់ ដែលបានរកឃើញ គឺបញ្ហាផ្លួវលំបាកធ្វើដំណើរមានកម្រិតខ្ពស់ជាងគេរហូតដល់ ២៦%​ និងបន្ត​បន្ទាប់​មានបញ្ហាសាលាខ្វះការសម្របសម្រួលរូបវន្តមាន២១% ​បញ្ហាភាពជីវភាពមាន១៨% សាលាខ្វះគ្រូជំនាញ​ខាង​ការ​​​អប់រំកុមារពិការមាន១៨% បញ្ហាសុខភាព​របស់កុមារ​ផ្ទា​ល់​មាន១៥% និងមូលហេតុផ្សេងៗទៀតមាន ៣%។

គ. ការទទួលបានការងារ និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ

ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ចាប់ពីមាត្រា៣៣ ដល់មាត្រ៤៣ បានលើកកម្ពស់ដល់​ជនពិការ និងសិស្ស-និស្សិត ដែលមានពិការភាព​គ្រប់​រូប​ឱ្យ​ទទួលបានសិទ្ធិ និងឱកាសការងារស្របតាមជំនាញ និ​ង​​​សមត្ថភា​ពរបស់ខ្លួន ព្រមទាំងការបណ្តុះបណ្តាល​ជំនាញ​​វិជ្ជាជីវៈ និងបង្កលក្ខណៈសម្របសម្រួលសម​ស្រប​នានា​ដែល​មានចែងដូចជាៈ ជនពិការមាន​សិទ្ធិ​ចូល​បម្រើ​ការងារ ដោយគ្មានការរើសអើង រាប់ទាំងការបម្រើ​ការងារ​ជាមន្ត្រី​រាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សា​ការី។ តាម​រយៈអនុក្រឹត្យ១០៨ (ឆ្នាំ២០១០) បាន​កំណ​ត់​​​ឱ្យក្រសួង ស្ថាប័ន​-រដ្ឋ ដែលមានមន្ត្រីរាជការ​ចាប់​ពី៥០ (ហាសិប) នាក់ឡើងទៅត្រូវតែមានជនពិការ ដែ​ល​​មាន​​លក្ខ​ណសម្បត្តិ និងសមត្ថភាពបំពេញ​នូវ​មុខងារ តួនា​​ទី និ​ង​ការទទួល​ខុស​ត្រូវក្នុងមុខតំណែងទៅតា​ម​ប្រភេ​ទ​ការ​ងារ​ក្នុងអត្រា ២​(ពីរ)​% នៃចំនួនមន្ត្រី​រាជការ​សរុប។ ចំពោះ​នីតិបុគ្គលដែល​មាន​កម្មករនិយោជិតចាប់ពី ១០០(មួយ​រយ​)​នាក់ឡើងទៅ ត្រូវ​មានជនពិការដែ​ល​មាន​លក្ខ​ណ​សម្បត្តិ និងសមត្ថភាព​បំពេញនូវមុខងារ តួនាទី និងការ​ទទួលខុសត្រូវក្នុងមុខ​តំណែងទៅតាមប្រភេទ​ការងារ​មុខងារក្នុងអត្រា ១(មួយ)​% នៃចំនួន​កម្មករ និយោជិត​សរុប។

សេចក្តីសន្និដ្ឋាន

តាមការសិក្សាបានឱ្យដឹងថា ក្នុងចំណោមស្ថាប័នរដ្ឋ ប្រមាណ ៤០នោះ គឺបានទទួលជនពិការឱ្យចូលបម្រើ​ការ​​​បានចំនួន ២៤៦០នាក់។ បើប្រៀធៀបទៅនឹងមន្ត្រីរាជការសរុបចំនួន២២០១០២នាក់ មានន័យថា អត្រា​ជនពិការក្នុងក្របខ័ណ្ឌមន្រ្តីរាជការមានអត្រាប្រមាណ១(មួយ)ភាគរយ ដែលលទ្ធផលនេះ គឺបានត្រឹមតែពាក់​កណ្តាល ប៉ុណ្ណោះ នៅទាបជាងគោលដៅដែលរាជរដ្ឋា​ភិបាលកម្ពុជា បានកំណត់។

ក្នុងកម្រិតសហគមន៍ ជនពិការដែលប្រកបការងារ​មុខរបរដោយខ្លួនឯង/ស្វ័យការងារ (Self employmen​t​) មានប្រមាណ៩៦% ជនពិការដែលគ្មានមុខរបរប្រមាណ៤% និងគ្មានជនពិការណាម្នាក់ដែលមានការងារជា​លក្ខ​ណៈ​ផ្លូវការនោះទេ (Wage employment)។ ក្នុង​ចំណោម​ស្វ័យ ការងារ គឺការងារកសិកម្មមានរហូតដល់៧៩% និង​ការងារដែលមិនមែនកសិកម្មមានប្រមាណ២១%។

ជាក់ស្តែងតាមលទ្ធផលសិក្សាបានឱ្យដឹងថា ជន​ពិការនៅទទួលអារម្មណ៍លំបាក អារម្មណ៍ខ្មាសអៀន និង​អារម្មណ៍ថាគេរើសអើង។ មានតែប្រមាណ ៩% ប៉ុណ្ណោះ ដែលពួកគាត់បានឆ្លើយថា មានអារម្មណ៍ងាយស្រួលក្នុង​ការស្វះស្វែងរកទីផ្សារការងារនៅក្នុងសហគមន៍របស់ពួកគាត់ និងប្រមាណ ៩១% ផ្សេងទៀតនៅមានអារម្មណ៍​លំបាកនៅឡើយ។

ជារួមបរិយាកាសរូបវន្តនៅកម្ពុជា នៅមានឧបសគ្គជាច្រើនសម្រាប់ជនពិការ។ ផ្លូវសាធារណៈ និងផ្លូវថ្នល់ មិនទាន់មានកន្លែងសមរម្យសម្រាប់ជនពិការ ការធ្វើដំណើរទៅមកគឺមានបញ្ហាប្រឈមខ្ពស់ និងនៅក្នុងករណីជាច្រើនគឺមិនអាចទៅរួច។ ស្ទើរតែគ្រប់ទីកន្លែង និងអាគារសាធារណៈទាំងអស់ មិនទាន់មានលក្ខណៈសម្របសម្រួល សម្រាប់ជនពិការនៅឡើយ។

សូម្បីតែស្ថាប័នអប់រំក៏មិនទាន់បានផ្តល់លទ្ធភាពបានពេញលេញ ឬមធ្យោបាយងាយស្រួលដល់សិស្សដែលមានពិការភាព។ ដូច្នេះទំនងជារារាំងពួកគេមិនឱ្យសិក្សាបានពេញលេញផងដែរ។ អគារភាគច្រើនមានតែជណ្តើរជើងប៉ុណ្ណោះ។ នេះក៏ព្រោះតែម្ចាស់អាជីវកម្មមិនគោរពច្បាប់ និងនិទណ្ឌភាព។ មានច្បាប់ចែងថារាល់អគារអាជីវកម្មទាំងអស់ត្រូវផ្តល់លទ្ធភាពដល់ជនពិការ ប៉ុន្តែច្បាប់នេះមិនត្រូវបានគោរពទាំងស្រុងនៅឡើយទេ។ នេះបានបញ្ជាក់យ៉ាងច្បាស់ថាការបង្កលក្ខណៈសម្របសម្រួលរូបវ័ន្ត សម្រាប់ជនពិការ គឺនៅមាន តម្រូវការខ្ពស់ ដែលរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំងការពង្រឹងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងយន្តការនានា ដែលបានរៀបចំឡើងនាពេលកន្លងមក ដើម្បីសំដៅលើកកម្ពស់ការចូលរួមរបស់ជនពិការទៅក្នុងគ្រប់សកម្មភាពសង្គម និងសេដ្ឋកិច្ច។

ឯកសារពិគ្រោះ

១. រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា

២. គោលនយោបាយអប់រំ ស្តីពីបរិយាបន្ន បោះពុម្ពឆ្នាំ ២០១៨ ក្រសួងអប់រំយុវជន និងកីឡា

៣. ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលត្រូវបានប្រកាសឱ្យប្រើតាម​ព្រះ​រាជ​​ក្រម នស/​រកម​/០៧០៩/០១០ ចុះថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២​០​០​​​​៩

៤. តេង គឹមស៊ាន «លទ្ធភាពក្នុង​ការ​ប្រកបរបចិញ្ចឹមជីវិត និ​ង​​ការ​ចូលរួមក្នុងសង្គមរបស់​ជន​ពិការ» ​បាត់ដំប​ង​។ សាកលវិទ្យល័យភូមិន្ទកសិកម្ម បោះពុម្ព​នៅរាជធានី​ភ្នំពេញ ខែកុម្ភះ ឆ្នាំ​២០០៩។

៥. បណ្ឌិត សាយ បូរី «នីតិរដ្ឋបាលទូទៅ» ឆ្នាំ២០០៦

៦. ប្រកាសលេខ0៥៦ ស.អ.យ ស្តីពីការបង្កើ​ត​រដ្ឋបាល​សិទ្ធិជនពិការ ឆ្នាំ២០១០។

៧.  ប្រកាសលេខ៣០៨ សក.បយ ស្តីពីការបង្កើត​ក្រុម​ប្រឹក្សាសកម្មភាពជនពិការ (ក.ស.ព) ឆ្នាំ១៩៩៩

៨. ផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ពិការភាព ឆ្នាំ២០១៤-២០១៨ ដោយ​ក្រុម​ប្រឹក្សា​សកម្មភាពជនពិការ ឆ្នាំ​០១៤

៩. World Report on Disability World Bank and World Health Organization 2011

១០. Assessing Connection to DFID’s Poverty Agenda March 2004