ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ឈឿន សាវន ក្រោមប្រធានបទ៖ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

80

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត ឈឿន សាវន មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ក្រោមប្រធានបទ៖ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១. សេចក្តីផ្តើម

ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋ និង ដែនដីប្រទេសនីមួយៗត្រូវបានបែងចែកជាចំណែកៗស្របទៅតាមប្រវត្តិសាស្ត្រការវិវត្តខាងសង្គម សេដ្ឋកិច្ច និងឆន្ទះ ដឹកនាំ របស់អ្នកគ្រប់គ្រងប្រទេស នីមួយៗ។ ប៉ុន្តែប្រសិនបើ មានការកែប្រែឬ ផ្លាស់ប្តូរការបែងចែកដែនដីនោះញឹកញាប់ ពេកវានឹងនាំឱ្យមាន ផលវិបាកជាច្រើនក្នុងការគ្រប់គ្រងរដ្ឋ ផងដែរ។ ឧទាហរណ៍ នៅប្រទេសកម្ពុជារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ត្រង់ជំពូកទី១១អំពីការគ្រប់គ្រងរដ្ឋបាលបានបែងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន យើងបានរៀបចំដែនដីដើម្បីគ្រប់គ្រងរដ្ឋបាលតាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

២. រដ្ឋបាលថា្នក់ជាតិ

– រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលគឺជាអង្គនីតិប្រតិបត្តិ ដែលមានភារកិច្ច ទទួលខុសត្រូវចំពោះមុខរដ្ឋសភាអំពីនយោ​បាយទូទៅ និង សកម្មភាពរបស់ខ្លួនស្របគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ គណៈរដ្ឋមន្ត្រីដឹកនាំកិច្ចការទូទៅរបស់រដ្ឋមន្ត្រី ស្របតាមកម្មវិធីនយោបាយ និងផែនការរដ្ឋដែលបានអនុម័តដោយរដ្ឋសភា។ គណៈរដ្ឋមន្ត្រីគ្រប់គ្រងបញ្ជាប្រើប្រាស់យោធា នគរបាល កងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត និងរដ្ឋបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួន។

ការបង្កើតរាជរដ្ឋាភិបាលកម្ពុជា។ មាត្រា១១៩(មាត្រា ១០០ចាស់)នៃរដ្ឋធម្មនុញ្ញកំណត់ថា “តាមសេចក្តីស្នើពី ប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរៈជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋា-ភិបាល។ វរៈជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្ស តំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភា កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះព្រះមហាក្សត្រទ្រង់ចេញព្រះ-រាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល”។

​- តួនាទី និងសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីជាប្រមុខនៃរាជរដ្ឋាភិបាល មានភារកិច្ច ទទួលខុសត្រូវជាមួយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនិងសកម្មភាពរបស់ រាជរដ្ឋាភិបាលលើគ្រប់វិស័យ។

នាយករដ្ឋមន្ត្រីដឹកនាំគោលនយោបាយការបរទេសរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីនេះហើយដែលទទួលខុសត្រូវលើ ការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗអំពីថាតើកម្ពុជាគួរ ទាក់ទងជាមួយប្រទេសដទៃទៀតនៃពិភពលោកដោយរបៀបណា។ នៅក្នុងតួនាទីនេះនាយករដ្ឋមន្ត្រីជាប្រមុខការទូតរបស់ប្រទេស។ អំណាចសំខាន់ៗខ្លះអមជាមួយនឹង ភារកិច្ចរបស់នាយករដ្ឋមន្ត្រីរួមមានអំណាចធ្វើសន្ធិសញ្ញាអំណាចកិច្ចព្រមព្រៀងប្រតិបត្តិ និងអំណាចទទួលស្គាល់ រដ្ឋាភិបាលនៃរដ្ឋដទៃ។

នាយករដ្ឋមន្ត្រីអាចធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋដទៃទៀត ដែលជាកិច្ចព្រមព្រៀងប្រតិបត្តិ។ កិច្ចព្រមព្រៀង ប្រតិបត្តិ គឺជាកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី និងប្រមុខនៃរដ្ឋមួយផ្សេងទៀត។ កិច្ចព្រមព្រៀងបែបនេះមិនតម្រូវឱ្យមានការអនុម័តពីរដ្ឋសភាទេ។ កិច្ចព្រមព្រៀងប្រតិបត្តិ មិនមែនជាសន្ធិសញ្ញាទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែមានចំណងជាកាតព្វកិច្ចផ្លូវច្បាប់ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេចាត់ទុកថាជាផ្នែកនៃច្បាប់របស់ដែនដី។

– អំណាចធ្វើច្បាប់

របបសភានិយមកម្ពុជាអនុញ្ញាតឱ្យមានគំនិតផ្តើមធ្វើ ច្បាប់របស់រដ្ឋាភិបាលដើម្បីយកទៅឱ្យសភាអនុម័តបំពេញ សេចក្តីត្រូវការចាំបាច់របស់ខ្លួន ទន្ទឹមគ្នានឹងសិទ្ធិដែលសមាជិករដ្ឋសភា។ ព្រោះថារដ្ឋាភិបាលគ្រាន់តែមានគំនិត ធ្វើច្បាប់នេះ ប៉ុន្តែមិនមានន័យថារាជរដ្ឋាភិបាលខ្លួនឯងជា អ្នកអនុម័តទេ គឺមានតែរដ្ឋសភានិងព្រឹទ្ធសភាប៉ុណ្ណោះដែល មានសិទ្ធិអនុម័តច្បាប់លើពង្រាងច្បាប់ ដែលបានដាក់ជូន ដោយរដ្ឋាភិបាលនេះមានន័យថាច្បាប់ដែលអនុម័តដោយ រដ្ឋសភាអាចមានមក ដោយការផ្តួចផ្តើមពីរាជរដ្ឋាភិបាល។

ច្បាប់ដែលស្នើឡើងដោយរដ្ឋសភា

ច្បាប់ដែលស្នើឡើងដោយរាជរដ្ឋាភិបាល 

នីតិវិធី និងការធ្វើច្បាប់ 

– ការរៀបចំធ្វើអនុក្រឹត្យ និងបទបញ្ជា

ធ្វើសេចក្តីដោយរដ្ឋមន្ត្រី ដែលមានសមត្ថកិច្ចតាមមុខ ជំនាញរួចត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលដើម្បីធ្វើការផ្ទៀងផ្ទាត់នូវនីយតភាពតាមផ្លូវច្បាប់និងនីតិវិធី។

អនុក្រឹត្យធ្វើក្នុងនាមនាយករដ្ឋមន្ត្រីឬ ផ្តើមគំនិតផ្ទាល់ពី នាយករដ្ឋមន្ត្រី។ អនុក្រឹត្យនេះគេអាចហៅថាជា “អនុក្រឹត្យ ឯកត្តភូត” ដែលជាសេចក្តីសម្រេចរដ្ឋបាលទាក់ទងទៅនឹង បុគ្គលផ្ទាល់ដូចជាការតែងតាំងការផ្លាស់ប្តូរមុខងារភារកិច្ច មន្ត្រីរាជការក្រោមឱវាទ។

នាយករដ្ឋមន្ត្រី និងជាអ្នកបញ្ជាឱ្យអនុវត្តដោយភ្ជាប់មក ជាមួយនូវអនុក្រឹត្យនេះ។ ហើយអនុក្រឹត្យនេះគេហៅថាជា “អនុក្រឹត្យបទបញ្ជា”។ ក្នុងមាត្រា១០នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី “នៅអង្គប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីសម្រេចដោះស្រាយរាល់កិច្ចការទូទៅរបស់រាជរដ្ឋាភិបាល”។ ក្នុងស្មារតីនេះរួមទាំងអនុក្រឹត្យបទបញ្ជាផងដែរ។

បទបញ្ជា (ក្នុងការឱ្យនិយមន័យតាមទម្លាប់ដែលមាន ប្រើក្នុងប្រព័ន្ធច្បាប់ខ្មែរ) គឺជាវិធាន ឬអត្ថបទគតិយុត្តិដែល មានវិសាលភាពទូទៅនិងមិនចំពោះមុខបុគ្គលណាមួយ ឡើយ ហើយដែលធ្វើឡើងដោយអាជ្ញាធររដ្ឋបាលមាន សមត្ថកិច្ច។ បទបញ្ជាស្ថិតនៅក្នុងឋានានុក្រមច្បាប់ (ដែល អនុម័តដោយអង្គការនីតិបញ្ញត្តិ) ដែលមានពីរប្រភេទគឺ បទបញ្ជាទូទៅ និងបទបញ្ជាដោយឡែក។ បទបញ្ជាទូទៅមានវិសាលភាពទូទៅលើបុគ្គលគ្រប់ប្រភេទនិងទូទាំងប្រទេស។ រីឯបទបញ្ជាដោយឡែកមានវិសាលភាពទូទៅទៅលើបុគ្គលតាមក្រុម ឬតាមប្រភេទសេវាកម្មសាធារណៈ តាមវិជ្ជាជីវៈឬតាមតំបន់ទីកន្លែង។

​៣. រដ្ឋបាលថ្នាក់ក្រោមជាតិ

នៅក្នុងកិច្ចការដ្ឋបាលសាធារណៈពិតមែន តែគ្មានការ ទាក់ទងដោយផ្ទាល់ចំពោះការអភិវឌ្ឍនភាពនៃសេដ្ឋកិច្ច យ៉ាងណាក៏ដោយក៏វាជាកំលាំងចលករយ៉ាងមានប្រសិទ្ធ ភាពក្នុងការកំណត់នូវគោលបំណងដែលបានកំណត់ក្នុង ផែនការជាតិជាយុទ្ធសាស្ត្រនីមួយៗ។ ជាការពិតណាស់ មិនថាប្រទេសមហាអំណាច ដែលមានការអភិវឌ្ឍរីកចំរើន ជឿនលឿន ឬប្រទេសដែលកំពុងមានការអភិវឌ្ឍតែងតែ សម្របសម្រួលកែប្រែជាបន្តបន្ទាប់ក្នុងគោលដៅធានាយ៉ាងណាឱ្យរដ្ឋបាលរបស់ខ្លួនមានភាពសាមញ្ញ និងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលការអនុវត្តនោះស្រប តាមរបៀបវារៈដែលមានចែងក្នុងគោលនយោបាយរបស់ រដ្ឋាភិបាលខ្លួន។

ចំពោះប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលធ្លាប់ មានវប្បធម៌ អរិយធម៌រុងរឿង និងមានភាពចំណាស់ជាងគេ នៅក្នុងភូមិភាគអាស៊ីកាលពីអតីតកាល រហូតដល់មានភាព ចុះអន់ថយជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តើបច្ចុប្បន្ននេះមានការរៀបចំបែបបទរដ្ឋបាលរបស់ខ្លួនបែបណាដែរដើម្បីធ្វើឱ្យប្រទេសជាតិបានរីកចម្រើន និងដោះ- ស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាពនោះ? ហើយថាតើមានកត្តាអ្វីខ្លះដែលគេបានកែសម្រួលសំដៅនាំយករដ្ឋបាលដែនដីរបស់ខ្លួនឱ្យខិតជិតកាន់តែកៀកទៅនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន?

– រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

សព្វថ្ងៃបើទោះបីជាមានព្រះរាជក្រមលេខ នស/រកម/ ០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការ បង្កើតក្រសួងមហាផ្ទៃក៏ការអនុវត្តការងាររបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែពឹងផ្អែកទៅលើអនុក្រឹត្យលេខ ១៦អនក្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃប្រកាសលេខ ០៩៥ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធរបស់ទីស្តីការក្រសួងមហាផ្ទៃ និងប្រកាស លេខ០៣១ ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច សិទ្ធិ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទាំងនេះគឺនៅមិនទាន់បានធ្វើនិយ័តភាពនៅឡើយទេ។

ជាមួយនេះដែរមានតួនាទីមួយចំនួនទៀតដែលរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវដឹកនាំផងដែរ ដូចជា សម្រេចអនុញ្ញាតឱ្យធ្វើអាជីវកម្ម ផលិតកម្ម សេវាកម្មនានា នៅតាមមូលដ្ឋានដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន សម្រេច ផ្ទេរសិទ្ធិសម្រេចឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាអ្នកសម្រេចក្នុងការផ្តល់ការវិនិយោគណា ដែលមានទុនក្រោមពីរលានដុល្លារ។ អភិបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ជាអ្នកចេញប្លង់រឹង កម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន…៘

នៅទីនេះ យើងនឹងសិក្សាជាលម្អិតបន្ថែមទៀតអំពី មណ្ឌលរដ្ឋបាលវិសហមជ្ឈការ និងជាសមូហភាពដែនដី មូលដ្ឋានរបស់រដ្ឋបាលដែនដីនៃកម្ពុជាគឺ៖

ក-មណ្ឌលរដ្ឋបាលវិសហមជ្ឈការ

ការគ្រប់គ្រងរដ្ឋបាលតាមបែបប្រព័ន្ធវិសហមជ្ឈការនៅ ប្រទេសកម្ពុជា គឺជាការគ្រប់គ្រងរដ្ឋបាលវិសហមជ្ឈការនៅក្នុងទស្សនទាននៃវិមជ្ឈការ។ ការគ្រប់គ្រងបែបនេះត្រូវបានគេយល់ឃើញថាមិនមានអ្វីជាការខុសឆ្គងផងទេបើសិនជារាជរដ្ឋាភិបាលគិតគូទៅដល់រូបមន្តសម្របសម្រួលដោយការធ្វើយ៉ាងណានាំខេត្តក្រុងឱ្យសម្រេចបាននូវបេសកកម្មក្នុងនោះគឺថារាជរដ្ឋាភិបាលអាចនឹងបង្កើតឱ្យមានក្រុមប្រឹក្សា ភិបាលខេត្តទទួលខុសត្រូវក្នុងការពិនិត្យតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយដែលគោលនយោបាយនេះត្រូវអនុម័តចាប់ពីក្រុមប្រឹក្សាភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ខ-សមូហភាពដែនដីមូលដ្ឋាន

វិសហមជ្ឈការ គឺមានន័យថាការផ្ទេរអំណាចនិងការ ដាក់ឱ្យទទួលខុសត្រូវមួយផ្នែកឱ្យទៅថ្នាក់ក្រោម សម្រេច និងអនុវត្តក្នុងនាមរដ្ឋបាលថ្នាក់លើ។ ពោលគឺថារដ្ឋបាល កណ្តាលផ្ទេរអំណាច និងការទទួលខុសត្រូវមួយផ្នែកទៅឱ្យ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអនុវត្តក្នុងនាមរដ្ឋ។ តាមគោលការណ៍នេះ រដ្ឋបាលកណ្តាលត្រូវធ្វើការសិក្សា ស្រាវជ្រាវដើម្បីដាក់ចេញនូវគោលការណ៍ ឬសេចក្តីសម្រេច បទបញ្ជាសម្រេចជាគោលដៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខ្លួនជាអ្នកអនុវត្ត។ រីឯរដ្ឋបាលកណ្តាលត្រូវដើរ តួនាទីធ្វើជាអ្នកសម្របសម្រួលជម្រុញ និងពិនិត្យមើលនូវ ការអនុវត្តទាំងឡាយសំដៅធានាឱ្យមានសាមគ្គីភាព និងការ ឯកភាពជាតិ។

– មុខងារ និងតួនាទីរបស់គណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

រាជធានី ខេត្ត-ក្រុង និងស្រុក-ខណ្ឌ ការទទួលខុសត្រូវ (គោលការណ៍នីត្យានុកូលភាព)៖

ទីមួយ៖ ចំពោះមុខរបស់រាជរដ្ឋាភិបាល អភិបាលនៃ រាជធានី ខេត្ត-ក្រុង និងស្រុក-ខណ្ឌ គឺជាមន្ត្រីដែលស្ថិតនៅ ក្រោមឱវាទផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាអ្នក ស្នើតែងតាំង ឬផ្លាស់ប្តូរតំណែងអភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ។ ដូច្នេះក្នុងការអនុវត្តការងារគឺអភិបាលនៃ រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ​ត្រូវធ្វើសេចក្តីរាយការណ៍ ជាប្រចាំជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពីសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំរដ្ឋបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ។

ទន្ទឹមនឹងនេះអភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ​ក៏ជាអ្នកតំណាងឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលផងដែរ។ ក្នុងតួនាទីនេះអភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខស្ថាប័ន ទាំងអស់នេះគឺក្នុងតួនាទីធ្វើជាអ្នកសម្របសម្រួល និងជំរុញ  វិស័យដឹកនាំនៅតាមរាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ ទៅតាមការធ្វើប្រតិភូកម្មទាំងឡាយដែលក្រសួងនីមួយៗបានប្រគល់ជូន។

នៅក្នុងការអនុវត្តការងារជាក់ស្តែងដែលយោងតាម ប្រការខាងលើ អភិបាលនៃរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ អាចធ្វើការទំនាក់ទំនងការងារដោយផ្ទាល់ជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល រួចហើយធ្វើសេចក្តីរាយការណ៍ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិ-បាលមានសិទ្ធិកោះអញ្ជើញអភិបាល នៃរាជធានី ខេត្ត-ក្រុងស្រុក-ខណ្ឌ មកពិភាក្សា ឬណែនាំ ឬសំណូមពរឱ្យអភិបាល រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ បញ្ជាក់ពីការវិវត្តិទាំងវិជ្ជមាន ឬអវិជ្ជមាននៅតាមវិស័យនានា។ រួចទើបអភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ​រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃរបស់ខ្លួន។

ទីពី៖ ចំពោះមុខតុលាការបើសិនជាមានដំណោះស្រាយ ទៅតាមផ្លូវច្បាប់ ដែលធ្វើបណ្តឹងតវ៉ាចំពោះតុលាការ។

ទីបី៖ ក្រៅកិច្ចសន្យា (ក្រឹត្យច្បាប់លេខ ៣៨ ក្រ.ច. ចុះ ថ្ងៃទី២៨ ខែ១០ ឆ្នាំ១៩៨៨ ស្តីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា)។

ទី៤៖ ការទទួលខុសត្រូវចំពោះនយោបាយរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ​ដែលត្រូវបានកំណត់ឡើងដោយ រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ។ រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ត្រូវគិតចំពោះការងារបរិស្ថាន ការអភិវឌ្ឍ រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ…។

ប៉ុន្តែ ទោះបីជាមានការចែងបែបនេះក៏ដោយក៏វាមិន ប្រាកដថា រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ មានអំណាច ដូចបានរៀបរាប់ពីខាងលើនេះដែរ។ សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុករដ្ឋបាលគ្រប់គ្រង ដែនដីនៅ តាមរាជធានី ខេត្ត-ក្រុង​ ស្រុក-ខណ្ឌ បច្ចុប្បន្នថាជា រដ្ឋបាលមួយមិនមានការឯកភាពគ្នាទេ។ ប្រសិនបើមាន បញ្ហាអ្វីមួយកើតមានឡើងដូចជាកលយុគ ឬសង្គ្រាមនោះ រដ្ឋបាលនោះប្រាកដជារលំរលាយ។ សម្តេចបានចាត់ទុកថា “អភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ បច្ចុប្បន្ននេះ ប្រៀបដូច គ្រាន់តែជាប្រធានមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះវាពុំមែនជាតំណាងនៃរាជរដ្ឋាភិបាលប្រចាំនៅតាមរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌទេ”។

–  មុខងារ និងតួនាទីរបស់ក្រុមប្រឹក្សាភិបាល  រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ

ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញនិង ការធ្វើឱ្យមានចីរភាពការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រិតិភូកម្មតាមច្បាប់នេះ ឬដែលស្របតាមច្បាប់នេះ។

ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាង បញ្ញត្តិ និងសេចក្តីសម្រេចខាងនីតិប្រតិបត្តិ។ ក្រុមប្រឹក្សាត្រូវ បំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុង អង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួននឹងត្រូវធានាថាសេចក្តីសម្រេច នោះត្រូវបានអនុវត្ត។ ក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាច បញ្ញត្តិរបស់ខ្លួនដោយការធ្វើដីកាស្របទៅតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងផ្នែកទី៣ ជំពូកទី២ នៃច្បាប់ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាត្រូវប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួនដោយធ្វើសេចក្តី សម្រេចនៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវ មានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាងព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះរួចហើយត្រូវផ្តល់គោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាលនិងអភិបាល។ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ និងលិខិតបទដ្ឋាននានា។

– ហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរាជធានីខេត្ត-ក្រុង ​ស្រុក-ខណ្ឌ

– របបហិរញ្ញវត្ថុ ខេត្ត-ក្រុង ស្រុក-ខណ្ឌ

តាមច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត-ស្រុក-ខណ្ឌ គឺថវិការដ្ឋបាលថ្នាក់ក្រោមជាតិសំដៅទៅលើថវិការបស់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ​ ដូចមានចែងក្នុងមាត្រា៤៤ នៃច្បាប់នេះ។ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរួមចំណែក ដល់ការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ក្រុមប្រឹក្សានៅថ្នាក់ ក្រោមជាតិត្រូវមានធនធានហិរព្លាវត្ថុសមស្របដើម្បី៖ គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួនធ្វើការជ្រើសរើសក្នុងការគ្រប់គ្រងចាត់ចែង និងអនុវត្ត មុខងារជាជម្រើសរបស់ខ្លួនអនុវត្តតួនាទីភារកិច្ចតាមច្បាប់ កំណត់ ចំណាយផ្នែករដ្ឋបាលរបស់ខ្លួននិងអនុវត្តភារកិច្ច សម្រាប់ជម្រុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាត្រូវគ្រប់គ្រង ហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក មានសិទ្ធិទទួលបានចំណូលពីប្រភពនៅមូលដ្ឋានពីប្រភពនៅថ្នាក់ជាតិនិងពីប្រភពផ្សេងៗទៀត ដោយអនុលោមទៅតាមច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិដែលរៀបចំឡើងស្របតាមច្បាប់នេះ និងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

៤. សន្និដ្ឋាន

យោងតាមការបកស្រាយខាងលើនេះយើងសន្និដ្ឋាន និងសូមផ្តល់អនុសាសន៍បានថានៅក្នុងដំណាក់កាលដំបូងៗ នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា គេនៅមិនទាន់អាចធានាបាននូវជោគជ័យលើការងារកែលំអក្នុងការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាឱ្យដូចនៅប្រទេសកំពុងរីកចម្រើនជឿនលឿនបានឡើយ។ ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ប្រទេសកម្ពុជាបានជួបប្រទះនូវទំនាស់ និងការលំបាកជាសត្យានុម័តដ៏ច្រើនដែលអាចរុញច្រានឱ្យសង្គមជាតិទាំង មូលដែលចង់បានធ្វើការកំណែទម្រង់រដ្ឋបាលឆ្ពោះទៅរកគោលការណ៍នីតិរដ្ឋប្រជាធិបតេយ្យភាវូបនីយកម្មទ័លច្រកបាន។ រាជរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសណាមួយក្រៅពីសម្រេចចិត្តថាតើត្រូវយកបញ្ហាណាមួយ ឬបញ្ហាណាខ្លះ ក្នុងចំណោមបញ្ហាជាច្រើនដើម្បីដោះស្រាយដំបូងគេជា អាទិភាពជាងគេ និងថាតើបញ្ហាណាផ្សេងទៀតដែលត្រូវរកដំណោះស្រាយជាបន្តបន្ទាប់តាមក្រោយ។

ហេតុនេះចាំបាច់គួរកំណត់អំពីគោលដៅនៃយុទ្ធសាស្ត្រ ជាតិក្នុងការធ្វើកំណែទម្រង់រដ្ឋបាលតាមបែបប្រព័ន្ធវិមជ្ឈការ វិសហមជ្ឈការ និងអំពីការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅ តាមបណ្តាថ្នាក់ក្រោមថ្នាក់ជាតិដើម្បីអនុវត្តឱ្យបានសម្រេច គោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពីកំណែទម្រង់រដ្ឋបាលតាមបែបវិមជ្ឈការ និងវិសមហជ្ឈការ។          ប្រព័ន្ធរដ្ឋបាលនៅថ្នាក់ ស្រុក ខណ្ឌ ជាទូទៅមានភាព ទន់ខ្សោយក្នុងការសម្រប សម្រួលក៏ដូចជាការគ្រប់គ្រង។ ប្រព័ន្ធគណនេយ្យភាពត្រូវ បានអនុវត្តតាមខ្សែ បណ្តោយរបស់វិស័យនីមួយៗ។ ក្រសួង និងស្ថាប័នខ្លះពុំទាន់មានការិយាល័យរបស់ខ្លួននៅថ្នាក់ស្រុក ខណ្ឌឡើយ។ រីឯខ្លះទៀតបានកំពុងប្រតិបត្តិក្រៅរង្វង់រដ្ឋបាល ស្រុក ខណ្ឌ។ បញ្ហាបន្ថែមមួយទៀតដែលបានកើតមានឡើងគឺកង្វះសង្គតិភាពរវាងរង្វង់ប្រតិបត្តិការក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួងនិងស្ថាប័នមួយចំនួននៅថ្នាក់ស្រុក ជាមួយនឹងព្រំប្រទល់រដ្ឋបាលស្រុក។ ទំហំខុសគ្នារវាងពីស្រុកមួយទៅស្រុកមួយទៀតក៏បានបង្កការលំបាកក្នុងការផ្តល់សេវាសំខាន់ៗជាមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដែលជាពិសេស សេវាខាងផ្នែកសង្គមកិច្ច។ ដូច្នេះការបង្កើនប្រសិទ្ធ-ភាពក្នុងការបង្កើនសេវាសាធារណៈនៅថ្នាក់ស្រុកតម្រូវឱ្យបង្កើតនូវយន្តការមួយដោយត្រូវគិតគូរឱ្យបានហ្មត់ចត់អំពីបញ្ហាគណនេយ្យភាពនៃថ្នាក់ស្រុកចំពោះប្រជាជនផងដែរ។

ឯកសារពិគ្រោះ

១- មាត្រា៩១-១ “សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់”

២- មាត្រា១៥ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី ចែងថា៖ នាយករដ្ឋមន្ត្រីតែងតាំង ផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីជាន់ខ្ពស់ ស៊ីវិល យោធា មន្ត្រីទូត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អភិបាលស្រុក ខណ្ឌ ដែលមិនមានចែងក្នុងមាត្រា១៤ លើកលែងតែ មន្ត្រីដែលមានចែងក្នុងមាត្រា២៨ នៃច្បាប់នេះ”។

៣- វាអាស្រ័យទៅលើការចង្អុលបញ្ជាក់របស់ច្បាប់ដែល សភា បានអន៉័ត។

៤- មាត្រា១នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រីចែងថា៖ “រាជរដ្ឋាភិបាលធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ លើកលែងតែកិច្ចការអ្វីដែល ជាសមត្ថកិច្ចរបស់អង្គនីតិប្រតិបត្តិ និងអង្គតុលាការ”។

៥- ទាំងនេះជាលិខិតបទដ្ឋានចាស់ បច្ចុប្បន្នមានច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលចូលជាធរមានហើយ។

៦- សាស្ត្រាចារ្យបណ្ឌិត សាយ បូរី នីតិរដ្ឋបាលទូទៅ (Droit Administratif General) បោះពុម្ពលើកទី៣ ភ្នំពេញ ឆ្នាំ២០០២

៧- នីតិរដ្ឋបាលទូទៅ (Droit Administratif General) បោះពុម្ពលើកទី៣ ភ្នំពេញ ឆ្នាំ២០០២ ទំព័រ៣៧៤

៩- កាសែតរស្មីកម្ពុជា ឆ្នាំទី១៣ លេខ៣៦២៩ ចេញផ្សាយ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៥។