ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត សំរោង មន្ត្រា ក្រោមប្រធានបទ៖ នីតិវិធីក្នុងការឆែកឆេរនៃបទល្មើសព្រហ្មទណ្ឌ

64

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត សំរោង មន្ត្រា មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ នីតិវិធីក្នុងការឆែកឆេរនៃបទល្មើសព្រហ្មទណ្ឌ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១. សេចក្តីផ្តើម

ចំពោះគោលការណ៍នីតិរដ្ឋដែលព្រះរាជាណាចក្រកម្ពុជាប្រកាន់យក គឺជាគោលការណ៍សកលមួយដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគោលដៅចម្បងសំដៅទៅលើសិទ្ធិមនុស្សដែលមានសិទ្ធិពីរធំៗគឺសិទ្ធិរស់រានមានជីវិត និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ដូចនេះ ចំពោះក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាលទ្ធផលការងារអស់រយៈពេល១០ឆ្នាំរបស់រដ្ឋាភិបាលដែលមានក្រសួងយុត្តិធម៌ជាសេនាធិការក្នុងការរៀបចំឡើងដោយមានជំនួយពីសហប្រតិបត្តិការបារាំង។ ពោលគឺ ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រសួងយុត្តិធម៌បានចាប់ផ្តើមរៀបចំកែសម្រួលក្រមទាំងពីរនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសដែលចង់បានក្រមនីតិវិធីមួយដែលច្បាស់លាស់ និងពេញលេញព្រោះថាក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាអត្ថបទច្បាប់ដ៍ចម្បងនិងជាមធ្យោបាយដ៍សំខាន់របស់តុលាការផ្នែកព្រហ្មទណ្ឌហើយក៏ជាបណ្តុំនៃវិធានដែលត្រូវបានយកទៅអនុវត្តចាប់ពីពេលដែលមានការសង្ស័យពីការប្រព្រឹត្តិបទល្មើស​រហូតដល់ពេលដែលជនល្មើសដែលត្រូវបានកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសនោះបានចាប់ផ្តើមអនុវត្តទោសរបស់ខ្លួន។

ជាការពិតណាស់នៅពេលដែលមានបទល្មើសមួយបានកើតឡើងវិធានការផ្លូវច្បាប់មួយចំនួនត្រូវបានមន្រ្តីអនុវត្ត ច្បាប់ យកមកប្រើប្រាស់ដើម្បីរក្សានូវតម្រុយពិរុទ្ធភាព និង ស្វែងរកចាប់ជនល្មើសដូចជាវិធានការឆែកឆេររកវត្ថុតាង និងការឃាត់ខ្លួនជនជាប់សង្ស័យជាដើម។ ជាការពិត ណាស់ ការស្វែងយល់ពីវិធានការឆែកឆេរ និងការឃាត់ខ្លួនគឺជាភាពចាំបាច់មួយដែលអ្នកសិក្សាស្រាវជ្រាវ និងសាធារណៈជនត្រូវតែសិក្សាស្វែងយល់បន្ថែមទៀត​ដើម្បីឱ្យដឹងថានៅពេលមានបទល្មើសមួយកើតឡើង​ តើរដ្ឋត្រូវមានវិធានការឆែកឆេរ និងការឃាត់ខ្លួនយ៉ាងដូចម្តេចខ្លះ?

ដូចនេះដើម្បីផ្សាភ្ជាប់ទៅនឹងបញ្ហាទាំងនេះ ការសិក្សា ស្រាវជ្រាវរបស់នាងខ្ញុំបានដាក់ចេញនូវ​ចំណោទបញ្ហា ដ៏សំខាន់ដូចខាងក្រោម៖

១. អ្វីទៅជានីតិវិធីក្នុងការឆែកឆេរនៃបទល្មើសរឿងព្រហ្មទណ្ឌ

២. បញ្ហាប្រឈមក្នុងពេលឆែកឆេររវាងមន្រ្តីនគរបាល យុត្តិធម៌ និងប្រជាពលរដ្ឋ

៣. ដំណោះស្រាយ បញ្ហាប្រឈម និងប្រសិទ្ធិភាពក្នុង ឆែកឆេរ

២. នីតិវិធីក្នុងការឆែកឆេរ និងការឃាត់ខ្លួន 

យោងទៅលើវចនានុក្រមរបស់សម្តេចសង្ឈ ជួន ណាត ពាក្យថាឆែកឆេរ គឺជាការសួររក ពិនិត្យមើលត្រួតត្រាមើល ឱ្យឃើញ។ រីឯការឆែកឆេរនៅក្នុងច្បាប់ព្រហ្មទណ្ឌគឺជា វិធានការនៃការស្វែងរកភស្តុតាងផ្សេងៗដែលពាក់ព័ន្ធនឹង បទល្មើសដើម្បីជាតម្រុយឈានទៅដល់ការចោទប្រកាន់ពី បទល្មើសព្រហ្មទណ្ឌ។

ចំណែកពាក្យថា ការឃាត់ខ្លួនគឺជាវិធានការមួយនៃការ ឃាត់ខ្លួនទុករយៈពេលខ្លូនដែលធ្វើឡើងដោយមន្រ្តីនគរបាលយុត្តិធម៌ ក្រោមការត្រួតពិនិត្យរបស់ស្ថាប័នអយ្យការដើម្បីធ្វើ ការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងបញ្ជូនទៅកាន់ស្ថាប័នអយ្យការ។ តួអង្គចាំបាច់នៅក្នុងដំណាក់កាលឆែកឆេរ និងឃាត់ខ្លួននេះរួមមានមន្រ្តីនគរបាលយុត្តិធម៌ ស្ថាប័ន​អយ្យការ និងចៅក្រមស៊ើបសួរ។

២.១. ដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌

នគរបាលយុត្តិធម៌ គឺជាជំនួយរបស់អំណាចតុលាការ និងមានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និង បទលហុ។ ព្រះរាជអាជ្ញា ជាអ្នកដឹកនាំ និងសម្របសម្រួល សកម្មភាពរបស់មន្រ្តីនគរបាលយុត្តិធម៌ និងភា្នក់ងារនគរបាលយុត្តិធម៌នៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ មន្រ្តីនៅក្នុងការអនុវត្តដីកាចាត់ឱ្យស៊ើបជំនួសមន្រ្តីនគរបាលយុត្តធម៌ត្រូវស្ថិតនៅក្រោមអំណាចរបស់ចៅក្រមស៊ើបសួរ។

សមាសភាពរបស់មន្រ្តីនគរបាលយុត្តិធម៌មានកំណត់ នៅក្នុងមាត្រា៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ គុណសម្បត្តិ ជាមន្រ្តីនគរបាលយុត្តិធម៌អាចទទួលបានតាមរបៀបពីរយ៉ាងគឺ៖

-តាមការប្រលងយកសញ្ញាប័ត្រជាន់ខ្ពស់ខាងនគរបាលយុត្តធម៌។

-តាមមុខងារដែលនិងឋានន្តរស័ក្តិរបស់មន្រ្តីនគរបាល យុត្តធម៌។

បេសកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ រួមមាន៖

-ទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ ស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការអង្កេតបឋម។

-ធ្វើកំណត់ហេតុលើគ្រប់ពាក្យបណ្តឹង។

-រៀបចំបញ្ជីពាក្យបណ្តឹង ចំណាត់ការលើពាក្យបណ្តឹង។

២.១.១. ការស៊ើបអង្កេតជាក់ស្តែង

ការស៊ើបអង្កេតជាក់ស្តែង ត្រូវធ្វើឡើងក្នុងករណីមាន បទឧក្រិដ្ឋ ឬបទមជ្ឈឹមជាក់ស្តែង (មាត្រា៨៥​នៃក្រមនីតិវិធី ព្រហ្មទណ្ឌ)។ មន្រ្តីនគរបាលយុត្តិធម៌ អាចធ្វើការឆែកឆេរ បានតាមមាត្រា៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌដោយទទួល ជាបឋមនូវការអនុញ្ញាតពីព្រះរាជអាជ្ញា ទោះបីនោះជាការ អនុញ្ញាតដោយផ្ទាល់មាត់ក្តី។ មន្រ្តីនគរបាលយុត្តិធម៌ត្រូវធ្វើ ការឆែកឆេរនៅចំពោះមុខអ្នកកាន់កាប់ទីកន្លែងឬបើគ្មាន ត្រូវធ្វើនៅមុខចំពោះសាក្សី២នាក់ដែលមិនអាចជានគរបាលយុត្តិធម៌ ឬជាកងរាជអាវុធហត្ថ។

ការឆែកឆេរមិនអាចធ្វើនៅមុនម៉ោង០៦:00ព្រឹក និង ក្រោយម៉ោង១៨:00ល្ងាចបានទេ លើកលែងតែ៖

-ករណីបទល្មើសជាក់ស្តែង

-ការឆែកឆេរក្នុងករណីមានសម្រែកស្រែកឱ្យគេជួយពី ក្នុងទីកន្លែង។

-ការឆែកឆេរនៅក្នុងពេលម៉ោងដែលបើកចំហទៅដល់សាធារណៈជន។

-ការឆែកឆេរកន្លែងផលិត​ រក្សាទុក ជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន។

២.១.២. ការស៊ើបអង្កេតបឋម

ការបើកការស៊ើបអង្កេតបឋម ចំពោះបទឧក្រិដ្ឋ ឬបទ មជ្ឈិម ឬបទលហុ មន្រ្តីនគរបាលយុត្តិធម៌អាចធ្វើការស៊ើប អង្កេតដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា។

ការឆែកឆេរក្នុងការស៊ើបអង្កេតបឋម មន្រ្តីនគរបាល យុត្តិធម៌ត្រូវមាន៖

-ការយល់ព្រមច្បាស់លាស់ និងពិតប្រាកដពីអ្នកកាន់កាប់ទីកន្លែង។

-ត្រូវធ្វើឡើងជាលាយល័ក្ខអក្សរ សរសេរដោយផ្ទាល់ដៃការឆែកឆេរមិនអាចចាប់ផ្តើមមុនម៉ោង០៦:០០ព្រឹក និងក្រោយម៉ោង១៨:០០ល្ងាចឡើយ។

២.២. ដំណាក់កាលស៊ើបសួរ

នៅក្នុងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឆែកឆេរអាចធ្វើឡើងនៅដំណាក់កាលស៊ើបសួរបានដោយ អនុលោមទៅតាមនីតិវិធីចាប់ពីមាត្រា១៥៩ ​ដល់មាត្រា ១៦០​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ការឆែកឆេរមិនអាចធ្វើនៅមុនម៉ោង០៦:00ព្រឹក និង ក្រោយម៉ោង១៨:00ល្ងាចបានទេ លើកលែងតែ៖

-ក្នុងករណីការឆែកឆេរនៅទីកន្លែងដែលបើកចំហដល់ សាធារណៈជន។

-ក្នុងករណីការឆែកឆេរកន្លែងផលិត រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

-ការឆែកឆេរក្នុងការិយាល័យមេធាវីត្រូវធ្វើនៅចំពោះ មុខប្រធានគណៈមេធាវី ឬប្រតិភូរបស់ប្រធានគណៈមេធាវី។

-ការឆែកឆេរក្នុងអាគាររបស់សារព័ត៌មាន សហគ្រាសនៃសារព័ត៌មាន ​និងសោតទស្សន៍។

៣. សេចក្តីសន្និដ្ឋាន

យើងសង្កេតឃើញថាការឆែកឆេរក្នុងរឿងព្រហ្មទណ្ឌគឺជាសិទ្ធិក្នុងការស្រាវជ្រាវរកធាតុនៃវត្ថុតាងអំពីប្រព្រឹត្តិបទ ល្មើសមួយដែលធ្វើឡើងដោយមន្រ្តីនគរបាលយុត្តិធម៌ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរ។ ក្នុងករណីការស៊ើបអង្កេតជាក់ស្តែង អំណាចរបស់មន្រ្តីនគរបាលយុត្តិធម៌ មានលក្ខណៈបង្ខិតបង្ខំខ្លាំងដោយការ ឆែកឆេរអាចប្រព្រឹត្តិទៅបានមិនចាំបាច់មានការយល់ព្រមពីបុគ្គលដែលកាន់កាប់ទីកន្លែង។ រីឯការស៊ើបអង្កេតបឋម ទាល់តែមានការយល់ព្រមពិតប្រាកដនិងច្បាស់លាស់ពី បុគ្គលដែលកាន់កាប់ទីកន្លែង។  ក្នុងករណីស៊ើបអង្កេតបឋម អំណាចនេះមិនសូវមានលក្ខណៈបង្ខិតបង្ខំនោះទេ។

គន្ថនិទ្ទេស

១. ក្រមនីតិវិធីព្រហ្មទណ្ឌ»២០០៧

២. ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩

៣. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

៤. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិអ្នកនយោបាយ ឆ្នាំ១៩៦៦

៥. រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៧២/រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៧៦/រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៨១

៦. ច្បាប់ព្រហ្មទណ្ឌអន្តរកាល ឆ្នាំ១៩៩២