ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត សំឃិន វៀន ក្រោមប្រធានបទ៖ ទិដ្ឋភាពច្បាប់ខ្មែរនាសម័យកណ្ដាល
ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត សំឃិន វៀន មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ទិដ្ឋភាពច្បាប់ខ្មែរនាសម័យកណ្ដាល នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
១-សេចក្ដីផ្ដើម
ក្រោយសម័យចាកចោលរាជធានីអង្គរ សង្គមជាតិមួយនេះបានធ្លាក់ចុះជាបណ្ដើរៗ ចាប់ពីចុងសត វត្សរ៍ទី១៤មក ពោលគឺនៅក្នុងសម័យកណ្ដាលនេះ អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយបានចាត់ទុកសម័យកាលនេះថា ជាដំណាក់កាល ធា្លក់ចុះនៃអរិយធម៌អង្គរ។ មានការលើកជាទស្សនៈជាច្រើន ជុំវិញការធ្លាក់ចុះនៃអរិយធម៌អង្គរ គឺរាជាណាចក្រមួយដែល ធ្លាប់មានកិត្យានុភាពល្បីល្បាញផងដែរក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមួយនេះ។ ទោះបីយ៉ាងណាក៏ដោយយើងមាន តែសេចក្ដីសន្និដ្ឋានតែប៉ុណ្ណោះ ចំពោះបុព្វហេតុនៃការចុះទន់ខ្សោយរបស់ប្រទេសកម្ពុជា នាសម័យអង្គរពីសតវត្សរ៍ទី១៤។ មូលហេតុទាំងនោះ ប្រហែលជាមានច្រើនជំពូកដែលប្រទាក់ប្រទាញគ្នា ទៅវិញទៅមកបណ្ដាលឱ្យព្រះរាជា-ណាចក្រខ្មែរសម័យអង្គរចុះអន់ថយ។
ចំពោះវិស័យប្រព័ន្ធច្បាប់វិញ យើងពិនិត្យឃើញថាប្រទេសកម្ពុជាមានប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់រួចជាស្រេចទៅហើយ តាំងពីសម័យកាលមុនអង្គរមកម្ល៉េះ។ ក្នុងសម័យអង្គរ ប្រព័ន្ធច្បាប់នៅពេលនោះគេហៅថា វ្រះសភា ដែលមានចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់កំពូល គឺព្រះមហា-ក្សត្រ។ វ្រះសភាភូមិ ហៅថា តុលាការភូមិ ហើយមួយទៀតមានវ្រះសភាស្រុក ហើយយើងឡើងតាមលំដាប់តទៅទៀតគឺហៅ វ្រះសភាវិស័យគឺជាតុលាការខេត្ត ហើយក្នុងនោះយើងឃើញតទៅទៀត គឺមានវ្រះសភានគរ គឺតុលាការជាន់ខ្ពស់ ដែលមានព្រះមហាក្សត្រ ជាប្រមុខកាត់ក្ដី។ ភស្តុតាងដែលបង្ហាញពីប្រព័ន្ធច្បាប់នៅសម័យអង្គរនោះ គឺតាមរយៈអត្ថបទសិលាចារឹកជាច្រើន ដែលមានដូចជាសិលាចារឹក KA-17 សរសេរនៅមហាសករាជ៩៣៦ ត្រូវនឹងឆ្នាំ១០១៤ នៃគ្រិស្តសករាជ។ សិលាចារឹកនេះសរសេរក្នុងអំឡុងរាជ្យរបស់ព្រះបាទសូរ្យវម៌្មទី១។ មានឯកសារខ្លះសរសេរថា ចាប់ពីសម័យក្រោយលង្វែក ដែលបែកបាក់ខ្ចាត់ខ្ចាយ បន្ទាប់ពីសឹកសង្គ្រាមជាមួយប្រទេសសៀមមក ពោលគឺចាប់ពីគ្រិស្តសករាជ១៥៨៧ ក្បួនច្បាប់ខ្មែរយើងត្រូវបានទទួលការបាត់បង់អស់មួយចំនួន។
យ៉ាងណាមិញ បើយោងទៅលើសម័យកាលនៃព្រះជ័យចេស្តារាមាឥសូរ បរមសុរិន្ទ បរមពិត ស្តេចខ្មែរអង្គនេះបានមានព្រះអង្ការនៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំច គ្រិស្តសករាជ១៦៧៥ ថាព្រះមហាក្សត្រដែលគ្រប់គ្រងព្រះនគររក្សាផែនដីទៅអនាគត ត្រូវតែមានការប្រតិបត្តិតាមច្បាប់។ កាលព្រះអង្គនៅក្នុងតំណែងជាឧភយោរាជ មុននឹងឡើងគ្រងរាជបល្ល័ង្កព្រះជ័យចេស្តាររមែងធ្វើការព្យាយាមសិក្សាច្បាប់ខ្មែរដោយព្រះតម្រិះផ្ទាល់។
ក្នុងន័យនេះមានន័យថា ប្រព័ន្ធច្បាប់ខ្មែរនាសម័យ កណ្ដាលគឺមានមូលដ្ឋានរឹងមាំ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការគ្រប់គ្រងព្រះនគរដែលជាចំណែកមួយនៃទំនៀមប្បវេណី និងច្បាប់សាសនានានាដែលប្រជាជាតិខ្មែរត្រូវបានប្រកាន់យក និងអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
២-ការវិវត្តិនៃច្បាប់ក្នុងសង្គមខ្មែរនាសម័យអង្គរ
សារៈសំខាន់នៃអរិយធ៌មអង្គរ ក៏ដូចជាការយកចិត្តទុក ដាក់របស់ជនជាតិខ្មែរនៅក្នុងសម័យអង្គរ គឺជាកត្តាបង្ហាញឱ្យឃើញដល់អ្នកសង្គមវិជ្ជា ក៏ដូចជាអ្នកច្បាប់យល់ច្បាស់ថាច្បាប់ខ្មែរមានលក្ខណៈវិវឌ្ឍទៅមុខ និងមានមូលដ្ឋានជាក់លាក់ផងដែរ។ មានន័យថាបើនិយាយចាប់ពី សម័យអង្គរគឺពិតមែនតែខ្មែរនៅសម័យមុនៗពុំទាន់មានយុត្តិធម៌ដូចក្នុងសម័យបច្ចុប្បន្ន ក៏នៅក្នុងសម័យនោះគេសង្កេតឃើញថាខ្មែរបានខិតខំជាច្រើនក្នុងការបង្កើតក្បួនច្បាប់ទម្លាប់ដើម្បីរកយុត្តិធម៌ជូនប្រជារាស្ត្រ នេះបើយើងប្រៀបធៀបនឹងសម័យហ្វូណន់និងសម័យចេនឡា។ នៅក្នុងសម័យកាលនោះរាល់សង្គមខ្មែរដែលតែងមានការវិវឌ្ឍជាបន្តបន្ទាប់នោះសុទ្ធតែបានបង្កើតជាបទបញ្ជាផ្សេងៗដែលជាបទប្បញ្ញត្តិហាមប្រាមមិនឱ្យប្រព្រឹត្តអំពើណាមួយ ហើយបើទោះបីថាបទប្បញ្ញត្តិទាំងនោះសុទ្ធតែបានកើតចេញពីការនិយាយរបស់បុគ្គលអ្នកមានអំណាចក្តី ក៏បទប្បញ្ញត្តិទាំងនោះត្រូវបានគេចាត់ទុកថាជាបទបញ្ញត្តិដែលបានកើតចេញទាំងអស់ពីឆន្ទៈរបស់ព្រះវិស្ណុ ឬអាទិទេព។
តាមការសិក្សាស្រាវជ្រាវ យើងបានដឹងស្រាប់ហើយថា អំណាចទាំងអស់រាប់ទាំងអំណាចក្នុងការចាត់ចែង ឬការ តាក់តែងពីច្បាប់ទម្លាប់គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ព្រះរាជាទាំងស្រុង ដែលព្រះអង្គក៏ជាចៅក្រមក្នុងការជំនុំជម្រះ ផងដែរ។ ក្នុងកំណត់ហេតុរបស់ជីវតាខ្វាន់ បានបញ្ជាក់ដែរថា សូម្បីតែរឿងក្តីក្តៅបន្តិចបន្តួចក៏គេអាចឡើងមកព្រះ មហាក្សត្រ ដើម្បីរកយុត្តិធម៌ផងដែរ។ តែលោកបានបញ្ជាក់ថា នៅសម័យនោះមានការផ្តន្ទាទោសក្នុងភាពព្រៃផ្សៃផងដែរ ដូចជាបង្ខំឱ្យអ្នកជាប់ចោទលូកដៃក្នុងទឹក ឬប្រេង ដែលកំពុងពុះ ឈរ ឬអង្គុយឱ្យមូសខាំ… ដែលគេអាចបែងចែកថា ការផ្តន្ទាទោសមានលក្ខណៈបីយ៉ាង គឺពិន័យឱ្យបង់ជាមាស ប្រាក់ ឬទ្រព្យធនផ្សេងៗទៀត។ ចំពោះទោសជា មធ្យមអាចត្រូវបានគេកាត់កាត់ដៃ កាត់ជើង ឬច្រមុះស្លឹក ត្រចៀក ឬកៀបក្បាលក្នុងដង្ហើប….។ល។ រីឯទោសធ្ងន់ធ្ងរ គឺគេអាចយកអ្នកទោសទៅកប់ទាំងរស់។
នៅមានសិលាចារិក រូបចម្លាក់នៅលើប្រាង្គប្រាសាទនានា គឺសុទ្ធតែបានបង្ហាញនូវរូបភាពរបស់ព្រះរាជាកំពុងរង់ចាំស្តាប់យោបល់របស់ទីប្រឹក្សាទាំងអស់ ដែលព្រះអង្គបានតែងតាំងឡើង។ ទីប្រឹក្សាទាំងអស់នោះបានហោះឡើងទៅលើ ដើម្បីអានច្បាប់ពីឋានលើហើយវិលមកឋានកណ្ដាលវិញដើម្បីជួយបំពេញការងាររបស់ព្រះរាជា។ ព្រះរាជាដោយមាន អំណាចពេញលេញនៅក្នុងព្រះហស្ថរបស់ព្រះអង្គក៏ចេញ បទបញ្ជាឱ្យគេគោរពតាមរយៈនៃសារលិខិតនានារបស់ព្រះអង្គ។
សារលិខិតទាំងអស់នោះហើយដែលគេចាត់ទុកថាជាវត្ថុដ៏ពិសិដ្ឋ និងដែលត្រូវបានប្រជារាស្ត្ររបស់ព្រះអង្គគោរព កោតខ្លាច រហូតដល់គេនិយាយថា អ្នកដែលអនុវត្តតាមសារ លិខិតនេះ នឹងទទួលបាននូវផលបុណ្យផ្សេងៗទៀតផង។ នេះគឺរមែងបង្ហាញថាប្រជារាស្ត្រដែលគោរពសាសនាយ៉ាង ខ្ជាប់ខ្លួន តែងមានគំនិតគោរព ស្រឡាញ់សាសនាផងនិង ស្រឡាញ់ដល់ប្រទេសជាតិផង។ ទាំងអស់នេះគឺជាកត្តាមួយ ញ៉ាំងឱ្យការដឹកនាំរដ្ឋមានលក្ខណៈរឹងមាំនិងសាមគ្គីគ្នា។
សារលិខិតរបស់ព្រះអង្គត្រូវបានគេចាត់ទុកថាជាវត្ថុ ដ៏ពិសិដ្ឋត្រូវគោរពយ៉ាងខ្ជាប់ខ្ជួនរបស់ខ្មែរ។ ជាពិសេស លក្ខណៈជាប្រពៃណីសាសនាដែលត្រូវគេគោរពប្រណិប័តន៍ដូចជាការដាក់ឱ្យមានសម្បថដែលមន្ត្រីរាជការត្រូវធ្វើសច្ចាប្រណិធាន ដើម្បីនឹងបញ្ជាក់នូវស្មារតីភក្តីភាពចំពោះព្រះរាជាហើយរាល់ការបំពាននឹងត្រូវទទួលទោសធ្លាក់នរក-អវចី៣២ជាន់។ ពិធីបែបនេះគេឃើញមាននៅក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នផងដែរ។
ជាការជាក់ស្តែងដែលបានបកស្រាយខាងលើនេះ គេមិនឃើញមានព្រះរាជប្បញ្ញត្តិដែលនៅសេសសល់តាំងពីសម័យអង្គរនោះទេ។ ប៉ុន្តែតាមទំនៀមទម្លាប់គេនៅចងចាំខ្លឹមសារនៃព្រះរាជប្បញ្ញត្តិទាំងឡាយជារៀងរហូតមក បើទោះបីក្រោយគ្រិស្តសករាជឆ្នាំ១៥៩៣ ដែលនៅក្នុងឆ្នាំនោះទ័ពនគរសៀមបានវាយលុកចូលក្រុងលង្វែកយ៉ាងណាក៏ដោយ ហើយក្រោយឆ្នាំនេះមកទៀត ទ័ពសៀមបានវាយ និងដុតបំផ្លាញច្រាំងសាស្ត្រាគម្ពីរនានាដែលជាទីគោរពបូជារបស់ជាតិខ្មែរ ឬដុតបំផ្លាញក្រមច្បាប់ខ្មែរទាំងឡាយ ដែលហាមឃាត់ការធ្វើអំពើអាក្រក់ឬដែលបង្ក្រាបទៅលើអំពើ ទាំងឡាយណាដែលប្រឆាំងនឹងប្រទេសជាតិទោះបីជាយ៉ាងបែបនេះក៏ដោយក៏នៅសេសសល់រហូតមកដល់បច្ចុប្បន្ននេះតាមរយៈអ្នកចំរៀងដេញចាប៉ីម្នាក់គឺលោកភិរម្យក្រមង៉ុយ ដែលបានច្រៀងតាមកំណាព្យរ៉ាយរ៉ាបជាហូរហែរនូវពាក្យបណ្ដៅជាច្បាប់ផងដែរ។
មានសំណួរគេបានចោទសួរថា តើការអនុវត្តច្បាប់ខ្មែរ ក្នុងសម័យនោះជាអំពើព្រៃផ្សៃ ឬមួយយ៉ាងណានោះ? គេ អាចឆ្លើយបានថា នេះបើប្រៀបធៀបជាមួយនឹងការអនុវត្ត នៅប្រទេសផ្សេងៗទៀតក្នុងសម័យកាលនោះ ក៏ដូចជាបច្ចុប្បន្នវាមិនអាចចាត់ទុកថា “ព្រៃផ្សៃ” ឡើយ ដោយហេតុ ថា ប្រទេសមួយចំនួនរហូតមកដល់បច្ចុប្បន្ននៅតែប្រើច្បាប់ បុរាណនៅឡើយក្នុងការដាក់ទោសទៅលើជនមានទោស។
ដោយហេតុតែប្រទេសខ្មែរបានទទួលឥទ្ធិពលយ៉ាងខ្លាំង ពីប្រទេសឥណ្ឌាតាំងពីដើសតវត្សទី១នៃគ្រឹស្តសករាជមក សង្គមខ្មែរតែងតែបានទទួលនូវឥទ្ធិពលតាមបែបហិណ្ឌូ បាន សេចក្តីថា ខ្មែរបានបែងចែកវណ្ណៈជាបួន ដូចគេធ្លាប់ដឹងឮមកហើយ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវេស្ស និង វណ្ណៈសូទ្រ។ ពីសតវត្សទី៩ ដល់សតវត្សទី១៤ ប្រហែលជាការបែងចែកសង្គមខ្មែរបែបនេះមិនសូវត្រូវបានគេអនុវត្ត ទើបបានជាព្រះរាជានៅក្នុងសម័យកាលនោះបានកែប្រែ ដោយការពង្រឹងវណ្ណៈភាពទាំងបួនឱ្យបានច្បាស់លាស់ ដែលគេសង្កេតឃើញនៅក្នុងរាជនៃព្រះបាទសុរិយោវរ្ម័នទី១ (១០០២-១០៥០) ព្រះអង្គបានចាត់ចែងរៀបចំឡើងវិញ នៅក្នុងសង្គមខ្មែរ ដោយបានបែងចែកនូវករណីយកិច្ចទាំងឡាយដែលវណ្ណៈនីមួយៗត្រូវតែបំពេញ។
តែទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញថា នៅ ក្នុងរជ្ជកាលនៃព្រះបាទសុរិយោវរ្ម័នទី១ ថាមានព្រាហ្មណ៍ ម្នាក់ឈ្មោះសទាវិជ្ជាយាន្រ្ទបណ្ឌិតបានរៀបការជាមួយព្រះ រាជកន្និដ្ឋាថ្លៃរបស់ព្រះអង្គ (សិលាចារិកស្តុកកក់ធំ)។ ការ ប្រព្រឹត្តនេះជួយពីក្រឹត្យវិន័យដែលគេហាមព្រាហ្មណ៍មានភរិយាបានឡើយ។ គេមានភស្តុតាងជាច្រើនទៀតដែលយើងសង្កេតឃើញថា នៅរាជព្រះបាទសុរិយវរ្ម័នទី១មានភាពច្របូកច្របល់ក្នុងការប្រកាន់យកច្បាប់ទម្លាប់ដូចជាព្រះអង្គបានលើកតម្កើងជាហេតុមាននាទីមើលថែរក្សា និងបូជាព្រះសមលិង្គនៅលើភ្នំសរិយបពិត។ ហេតុដែលនាំឱ្យខ្មែរមានការច្របូកច្របល់បែបនេះព្រោះគេយល់ថាដោយសារការហូរចូលនៃព្រះពុទ្ធសាសនាដែលខ្មែរនិយមកាន់តែច្រើនឡើងៗ តាំងពីអតីតកាលរៀងមកហើយមិនសូវមានការបែងចែកវណ្ណៈខ្លាំងពេកទេ។ នៅឆ្នាំ១០៦២ក្នុងរាជហសិវរ្ម័នទី៣ គេឃើញមានសិលាចារិកមួយចែងពីវណ្ណៈទាំងបួនអាចទទួលបានការព្យាបាលជំងឺដូចគ្នានៅក្នុងមន្ទីរពេទ្យជាច្រើនដែលព្រះអង្គបានសាងសង់ឡើង។
ការចុះអន់ថយជាលំដាប់នៃវណ្ណៈដែលមាននៅក្នុង សង្គមខ្មែរបានក្លាយបន្តិចម្តងៗទៅជាក្រុមមនុស្សធំតូច ខ្ពស់ទាប ហើយតែងមានទំនាក់ទំនងជាធម្មតា មិនដូចជា ពេលមុនទេដែលនោះជាគោលការណ៍តាមបែបឋានានុក្រម គឺសំដៅធានារបៀបរៀបរយក្នុងការគ្រប់គ្រងប្រទេសជាតិនាក្នុងសម័យកាលនោះ។ ព្រះមហាក្សត្រសម័យអង្គរក៏បាន សម្រួលកិច្ចការប្រាស្រ័យទាក់ទងជាច្រើនផងដែរ ដោយ ព្រះអង្គរមែងតែងឧបត្ថម្ភគ្រប់សាសនាទាំងអស់ ហើយជា រៀងរាល់ថ្ងៃព្រះអង្គតែងតែបានបើកសវនាការដើម្បីកាត់ក្តី រាល់រឿងរ៉ាវតូចធំទាំងឡាយដែលមន្ត្រី និងរាស្ត្របានទូលព្រះអង្គ។
នៅក្នុងចំណុចនេះហើយដែលគេបានសន្និដ្ឋានថា តាំងពីសម័យអង្គរមកម្ល៉េះគឺសង្គមខ្មែរមានច្បាប់ទម្លាប់ និងការ ប្រកាន់យកប្រពៃណីច្បាស់លាស់មួយ ដោយការចេះស្គាល់ធំស្គាល់តូច ចេះគោរពមេបា ចាស់ព្រឹទ្ធចារ្យ និងមានច្បាប់ ទម្លាប់ត្រឹមត្រូវសម្រាប់ឱ្យមនុស្សប្រុសស្រីត្រូវគោរព ប្រណិប័តន៍ ដែលគេសន្និដ្ឋានថា ខ្មែរមិនមែនមានប្រព័ន្ធ ច្បាប់ទើបតែបារាំងចូលមកឈ្លានពាននិងដាក់ប្រទេសជាតិ ខ្មែរ ឱ្យស្ថិតនៅក្រោមអាណានិគមនេះទេ។ ខ្មែរមានប្រភព ច្បាប់របស់ខ្លួន គឺអំណាចដែលច្បាប់ត្រូវបានគេបង្កើត ឡើង។ ក្នុងន័យនេះដែរ យើងបានបង្ហាញផងដែរថា បើប្រៀបធៀប “ប្រព័ន្ធច្បាប់យុត្តិធម៌បុរាណ និងសម័យ ឃើញថា ប្រព័ន្ធយុត្តិធម៌សម័យបច្ចុប្បន្នមានលក្ខណៈ «ធូរស្រាលជាង»។ កាលពីសម័យអង្គរ គឺអំណាចគ្រប់បែបយ៉ាងនៅលើអង្គព្រះមហាក្សត្រ ប៉ុន្តែមានសេនាធិការប្រចាំក្រសួងនីមួយៗ គឺក្រសួងយុត្តិធម៌មានមន្ត្រីជាន់ខ្ពស់ម្នាក់គ្រប់គ្រង មានគោរមងារជា “ប្រតេងខ្លាញសភាបតី»។ នាហ្មឺនធំនេះទទួលខុសត្រូវលើប្រព័ន្ធតុលាការទូទាំងប្រទេស និងត្រូវនាំសេចក្តីឡើងក្រាបបង្គំទូលព្រះមហាក្សត្រដែលជា «ចៅក្រមកំពូល” ពោលគឺបើមានរឿងក្ដីក្ដាំណា កូនក្តីរងអយុត្តិធម៌ កើតទុក្ខមិនសុខចិត្ត ព្រះមហាក្សត្រនឹងត្រាស់បង្គាប់យករឿងក្តីនោះមកថ្វាយព្រះអង្គវិនិច្ឆ័យជាចុងក្រោយ។ ក្នុងករណីរកការពិតមិនឃើញត្រូវឡើងដល់ «តុលាការអាទិទេព” ពោលគឺត្រូវបញ្ចូលពិរុទ្ធជនទៅក្នុង «គុកសួគ៌»។ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧បានយកប្រាសាទ១២ ឬប្រាសាទសួព្រ័ត្រធ្វើជាគុកសួគ៌ ដោយរៀបគ្រឿងសក្ការបូជា ថ្វាយព្រះអាទិទេពរួចបញ្ចូលជនជាប់ចោទទៅក្នុងប្រាសាទដោយឃុំខ្លួន១យប់។ លុះព្រឹកឡើង បើឃើញជនជាប់ចោទណាចេញកមរមាស់ ឬឃ្លង់ស្រែងប្រតាកពេញខ្លួនក៏សន្មត់ថាជាឧក្រិដ្ឋជន ប៉ុន្តែបើគ្មានផលរមាស់អ្វីនោះ ចាត់ទុកជាមនុស្សសុចរិត រងការចោទប្រកាន់ទាំងបំពានតម្រូវឱ្យដោះលែងវិញ។ អ្នកទោសជាប់ពន្ធនាគារត្រូវរងទារុណកម្មធ្ងន់ណាស់ ជាពិសេស ត្រូវឆ្មាំគុកកាត់ម្រាមជើងទុកជាចំណាំ លុះរួចខ្លួនមានសេរីភាពវិញក៏នៅតែគ្មានសិទ្ធិចូលរាជធានីអង្គរព្រោះច្បាប់ជំនាន់នោះចែងថា «សត្វឆ្កែ និងមនុស្សកំបុតម្រាមជើងហាមចូលក្រុង (អតីតអ្នកទោស)” នេះបើយោងតាមឯកសារជីវតា-ក្វាន់ អ្នកការទូតចិន។
ពាក្យថា “គ្រាន់បើ” គឺនៅត្រង់គ្មានការធ្វើទារុណកម្មអ្នក ទោសបើកសិទ្ធិឱ្យកូនក្តីនិយាយតាមចិត្ត។ នៅក្នុងសម័យ បុរាណ បើមានទណ្ឌិតណារឹងទទឹង ឬហ៊ានប្រមាថថ្នាក់ ដឹកនាំ ច្បាស់ជារងទារុណ្ឌកម្មវាយនឹងប៉ែន ទះកំភ្លៀងបាក់ ធ្មេញ ឬយកទៅ «វាយបកក្រមរ» មិនខាន។ របៀបវាយបក ក្រមរនោះ មុនដំបូងគេយកអ្នកទោសចងឱ្យដេកផ្កាប់មុខ វាយ១០០រំពាត់ផ្តៅរហូតដល់សន្លប់ ក៏យកទៅឃុំទុកវិញ។ លុះបាន៣ថ្ងៃ នៅពេលស្នាមរំពាត់ក្លាយជាដំបៅចេញក្រមរ ពេញខ្លួន ក៏យកទៅវាយមួយសារទៀតឱ្យរបកក្រមរនោះក៏ ជាប់ឈ្មោះទារុណកម្មនេះថា «វាយបកក្រមរ»។ សម័យនេះ អ្នកជាប់ទោសមានសិទ្ធិចាយវាយលុយកាក់ទិញចំណីអាហារ ដែលគេលក់ក្នុងពន្ធនាគារបានតាមចិត្តឱ្យតែមានលុយដែល សាច់ញាតិ ឬក្រុមគ្រួសារយកទៅឱ្យ។ ឆាំ្មពន្ធនាគារគ្រប់រូប គោរពច្បាប់សិទ្ធិមនុស្ស និងមិនហ៊ានធ្វើទារុណកម្មអ្នកទោសជាដាច់ខាត ប៉ុន្តែធម្មតាប្រព័ន្ធយុត្តិធម៌តែងតែបម្រើរបបសង្គម បានន័យថាតុលាការសម័យបារាំងកាត់ទោសតាមច្បាប់បារាំង ជួនកាលលម្អៀងទៅក្នុង «អគតិ៤» រហូតដល់លោកតាមហាកវីង៉ុយក្រើនរំឭកចៅក្រមជំនាន់នោះថា «ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំថ្កើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្តី យកឧបេក្ខា»។ ចំណែកតុលាការបច្ចុប្បន្នក៏ត្រូវតែធ្វើអ្វីៗបម្រើរបបសង្គមដែរ ដើម្បីរក្សាស្ថិរភាពសង្គម លុបបំបាត់ភាពអនាធិបតេយ្យ គឺដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍជាតិ។
៣-ការវិវត្តិនៃច្បាប់ក្នុងសង្គមខ្មែរនាសម័យក្រោយអង្គរ
ដោយកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ឡាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងធ្លាប់គោរពព្រះពុទ្ធ សាសនាថេរវាទ និងព្រះពុទ្ធសាសនាមហាយាននោះ។ ហេតុនេះប្រព័ន្ធច្បាប់ដែលអនុវត្តនៅក្នុងប្រទេសនេះ មិនមានទ្រឹស្ដីច្បាប់បស្ចឹមប្រទេសដែលមានប្រភពពីរ៉ូម៉ាំង និងទំនៀមទម្លាប់ពីរដ្ឋបាលចិនទេ។ សង្គមខ្មែរមិននិយមសំណេរទេ។ មនុស្សធ្វើកិច្ចព្រមព្រៀងជាមួយគ្នាដោយផ្ទាល់មាត់ ឬសម្តី។ កិច្ចព្រមព្រៀងនេះមានលក្ខណៈបង្ខិតបង្ខំ ហើយមានឥទ្ធិពលជាងកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទៅ ទៀត។ ប្រពៃណីនៃកិច្ចព្រមព្រៀងបែបនេះជាសញ្ញាណនៃ កិច្ចសន្យាមានតម្លៃមួយបែបខុសគេ។ ប្រពៃណីខាងលើមិនសម្រួលឱ្យកើតនូវសញ្ញាណនៃនីតិដែលជាកិច្ចសន្យារវាងរដ្ឋនិងប្រជាពលរដ្ឋឡើយ។ ប្រព័ន្ធនេះបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងសង្គមខ្មែរ ជាហេតុធ្វើឱ្យពួកអាណានិគមមិន អាចយកប្រព័ន្ធដទៃមកជំនួសបានទេ។
មុនពេលដែលក្រមខ្មែរកើតឡើងគឺ “ច្បាប់ទំនើប” ក៏មិន ទាន់កើតឡើងដែរ។ ការកសាងស្ថាប័នឱ្យមានច្បាប់ទម្លាប់ ត្រូវចាប់ផ្តើមបន្តិចម្តងៗ។ ការបញ្ចូលទម្លាប់សរសេរក្នុងផ្នែក ច្បាប់មកក្នុងសង្គម បានកើតមានឡើងពីយូរយារណាស់មក ហើយ មិនមែនទើបតែកើតក្នុងពេលដែលអាណានិគមបារាំង និងសញ្ញាណច្បាប់បារាំងមកលើខ្មែរនោះទេ។
បន្ទាប់ពីរាជធានីអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ ១៤៦៣ រហូតដល់អាណាព្យាបាលបារាំង ប្រព័ន្ធច្បាប់ខ្មែរ ចាប់ផ្តើមមានការប្រែប្រួលយ៉ាងខ្លាំង។ គេដឹងថា “ក្រមខ្មែរ” ត្រូវបានរៀបរៀងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា (១៦១៨-១៦២៤)។ ទ្រង់បានសម្រេចព្រះជ័យធ្វើក្រមនេះនៅគ.ស.១២៦០ ដោយទ្រង់ទតឃើញថា មានការបំពាន និងភាពអយុត្តិធម៌ច្រើនក្នុងប្រព័ន្ធតុលាការ។ ប៉ុន្តែកាលណោះ គឺដោយសារមានសង្គ្រាមឈ្លានពានពីសំណាក់សៀមនៅគ.ស.១៦២១ និង១៦២២ គម្រោងធ្វើក្រមនេះក៏ត្រូវអាក់ខានវិញ។ តែមុនពេលព្រះអង្គចូលសោយទិវង្គត ទ្រង់បានធ្វើក្រមបានចំនួន២៤។ ព្រះមហាក្សត្រក្រោយៗ មានព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៥) ព្រះបាទអង្គសូរជ័យចេស្តា (១៦៧៥-១៧០៤) និងព្រះបាទអង្គឌួង (១៨៤៧-១៨៦០) បានកែសម្រួលក្រមនេះជាបន្តបន្ទាប់។
ព្រះបាទអង្គឌួង បន្ទាប់ពីទ្រង់ឡើងសោយរាជ្យនៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ១៨៤៨មក ដោយមានការយល់ព្រមពីសៀម និងយួន ទ្រង់បានឆក់ឱកាសពេលដែលស្រុកមានសន្តិភាពបានកសាងប្រទេសឡើងវិញលើគ្រប់វិស័យ។ នៅឆ្នាំ១៨៥៣ ទ្រង់បានបញ្ជាឱ្យគេសើរើក្រមទាំងអស់ឡើងវិញ ហើយទ្រង់ចូលរួមកិច្ចការនេះដោយផ្ទាល់ ដោយបន្តធ្វើរហូតដល់ថ្ងៃសោយទិវង្គតនៅឆ្នាំ១៨៦០។ ពេលដែលច្បាប់មួយត្រូវបានសើរើ ច្បាប់ដើមក៏អស់សុពលភាព និងត្រូវគេបោះបង់ចោល។ គេមិនដឹងទេថា ទម្រង់ច្បាប់ទាំងនោះ មានកម្រិតយ៉ាងណាមានទិសដៅយ៉ាងណាធូររលុងនិងតឹងរឹងយ៉ាងណានោះទេ។ តែគេបានដឹងថាព្រះរាជបំណងរបស់ព្រះបាទអង្គឌួងចង់ឱ្យទណ្ឌកម្មមានលក្ខណៈធូរស្រាលជាងមុន។ ត្រង់ចំណុចនេះ យើងអាចពិចារណាឃើញថានីតិកម្មក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងបានកែសម្រួលក្រមបានចំនួន១៥ ដោយព្រះអង្គផ្ទាល់ ហើយនីតិកម្មនៅសម័យនោះ បានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ ព្រះពុទ្ធ សាសនាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការធ្វើច្បាប់។ មានព្រះរាជបញ្ញត្តិមួយចំនួនដែលទាក់ទងនឹងទស្សនាទានព្រះពុទ្ធសាសនា ដូចជា ហាមមន្ត្រីរាជការមិនឱ្យផឹកស្រា ហាមដាក់ របាំងព្រួលទទឹងព្រែក ឬស្ទឹង ហាមប្រមាញ់សត្វស្លាប ឬ សត្វដទៃទៀតគ្រប់ប្រភេទដល់មន្ត្រីរាជវាំងជាដើម បើពុំនោះត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីសើរើរួចអាណា- ព្យាបាលបារាំងក៏បានយកក្រមទាំងនោះទៅបោះពុម្ពផ្សាយ។
ក្នុងរជ្ជកាលព្រះបាទនរោត្តមគ.ស.១៨៨១ ក្រម៣៩ក្នុងចំណោមក្រមទាំង៥២ ត្រូវបានផ្សព្វផ្សាយ។ ដោយសារក្រមនេះធ្វើឡើងសម្រាប់អ្នកច្បាប់ប្រើប្រាស់។ ហេតុនេះវាក្យសម្ព័ន្ធនៃភាសានិងសំនួនវោហារពិសេសមួយចំនួនមាន លក្ខណៈពិបាកយល់។ អត្ថបទនៃក្រមនេះហាក់ដូចជាមិនមែនជាអត្ថបទច្បាប់តែម្តងទេតែជាសេចក្តីសម្រេចរបស់តុលាការដែលធ្វើឡើងនៅពេលមានវិវាទ ហើយនឹងត្រូវគេបញ្ជូនទៅថ្វាយព្រះមហាក្សត្រ។ ក្រមទាំងនោះត្រូវបានកែ សម្រួលជារឿយៗដោយអង្គព្រះមហាក្សត្រ មន្រ្តីរាជវាំង ព្រាហ្មណ៍ បុរោហិត មេបព្វជិត ទីប្រឹក្សា មន្ត្រីមានឋានៈខ្ពស់ ចៅក្រម និងហោរាជាដើម។
សព្វថ្ងៃនេះ នៅមានសល់ក្រមចំនួន២៧គឺ៖ ១-ក្រមចោរ ២-ក្រមទោសភរិយា ៣-ក្រមបំណុល ៤-ក្រមសាក្សីពិសោធន៍ ៥-ក្រមតុលាការ ៦-ក្រមរាជក្រឹត្យសម្តី ៧-ក្រមព្រះធម្មសថ ៨-ក្រមអន្ដា-ភាស ៩-ក្រមព្រះធម្មនុញ្ញ ១០-ក្រមកត់សំណួរ ១១-ក្រមតំណាងកូនក្តី ១២-ក្រមឧទ្ធរណ៍ ១៣-ក្រមក្បត់ សឹក ១៤-ក្រមអាជ្ញាហ្លួង ១៥-ក្រមព្រហ្មទណ្ឌ ១៦-ក្រមវិវាទ ១៧-ក្រមទាសករ ១៨-ក្រមជនបទ ១៩-ក្រមបៀរ ២០-ក្រមពិធីការ ២១-ក្រមព្រះរាជខ័ន្ត (ក្រមនេះចេញនៅរជ្ជកាលព្រះបាទអង្គឌួង) ២២-ក្រមសេះ ២៣-ក្រមមរតក ២៤-ក្រមពួក ២៥-ក្រមិចក្រី ២៦-ក្រមស្រុក និង២៧-ក្រមរាជនិស្ស័យ។
ដោយកម្ពុជាបានធ្វើសន្ធិសញ្ញាជាមួយបារាំងនៅឆ្នាំ ១៨៨៤ ដាក់កម្ពុជាឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង ទើបធ្វើឱ្យស្ថានភាពនៃច្បាប់មានការផ្លាស់ប្តូរ ដោយសារ ព្រះបាទនរោត្តម សន្យាទទួលយកការកំណែទម្រង់រដ្ឋបាល យុត្តាធិការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ កិច្ចការនីតិកម្មបាន ចាប់ផ្តើមដំណើរការយ៉ាងពេញទំហឹងនៅឆ្នាំ១៩១០។ ហេតុ នេះ ច្បាប់ទំនើបត្រូវបានបញ្ចូលក្នុងកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩១មក។ ការចងក្រងនេះ គឺធ្វើឡើងដើម្បីគ្រប់គ្រង សង្គមខ្មែរដោយការផ្លាស់ប្តូរខ្លឹមសារទម្រង់របស់ក្រមខ្មែរ ដែលមានពីមុនមក។ ព្រះរាជបញ្ញត្តិចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩១១ ប្រកាសឱ្យប្រើប្រាស់ក្រមពីរគឺ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនិងការរៀបចំតុលាការ ហើយចូល ជាធរមានពេញទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩១២។ នេះជាសក្ខីកម្មមួយបញ្ជាក់ថាកម្ពុជាបានចាប់ផ្តើម ចាប់យកប្រព័ន្ធច្បាប់ស៊ីវិល។ ជាបន្តបន្ទាប់មក អាជ្ញាធរបារាំងបានបង្កើតគណៈកម្មការចំនួន៥ ដើម្បីសិក្សាពីច្បាប់រដ្ឋប្បវេណី។ គណៈកម្មការទាំងនោះត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ៥ផងដែរ។ ឆ្នាំ១៩២០ បង្កើតក្រមរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី និងការរៀបចំសាលាក្តីរដ្ឋប្បវេណី។ ក្រមរដ្ឋប្បវេណីមាន១៣៦៥មាត្រា ដោយមានចំណងជើងនិយាយពីច្បាប់ អានុភាពរបស់ច្បាប់ និងសៀវភៅចំនួន៣និយាយពីបុគ្គល វត្ថុ និងកាតព្វកិច្ច។ ស្នាដៃនៃនីតិកម្មរបស់បារាំងនេះ គឺជាសមិទ្ធផលដ៏ធំដែលឱ្យច្បាប់ខ្មែរក្លាយទៅជាសមាជិកនៃបណ្តាប្រទេសប្រើប្រាស់ច្បាប់រ៉ូម៉ាំង។
៤-សន្និដ្ឋាន
វិធានច្បាប់ប្បវេណី និងសាសនានាសម័យកណ្ដាល គឺ ជាយុត្តិសាស្ត្រ ធម្មសាស្ត្រ និងនីតិសាស្ត្រដ៏ចាំបាច់បំផុតមួយនៃទម្រង់ច្បាប់រដ្ឋដែលប្រជាជាតិខ្មែរបានយកមកគ្រប់គ្រងសង្គមនាសម័យកណ្ដាល និងចំពោះសង្គមកម្ពុជានាសម័យទំនើប ដែលគួរត្រងត្រាប់ឈ្វេងយល់ជាលំអាន។ យើងពិតជាមើលឃើញនូវគុណតម្លៃ និងសារៈប្រយោជន៍នៃវិធានច្បាប់ប្បវេណី និងសាសនានេះដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់ដល់សង្គមខ្មែរឱ្យមានស្ថេរភាព និងរក្សាបាននូវអត្តសញ្ញាណជាតិ ព្រមទាំងកិត្យានុភាពជាតិ ប៉ុន្តែវាមានការអភិវឌ្ឍទៅតាមសម័យកាល ដោយពិភពលោកមានការវិវឌ្ឍផ្នែកសិទ្ធិមនុស្ស និងច្បាប់ទំនើប ដូចនេះទម្រង់ច្បាប់ខ្មែរក៏មានការវិវឌ្ឍទៅតាមនោះដែរ។
យើងពិតជាទទួលស្គាល់ថា ច្បាប់ដែលមានអត្ថិភាព បច្ចុប្បន្នទោះស្ថិតក្នុងប្រទេសណាក៏ដោយ ក៏គ្មានភាព សុក្រឹតឥតខ្ចោះដែរ ប៉ុន្តែគោលបំណងសំខាន់របស់ច្បាប់ជា ទូទៅ គឺបម្រើនូវផលប្រយោជន៍របស់មនុស្សភាគច្រើនបំផុត ជាងផលប្រយោជន៍បុគ្គល ក្រុម ឬបក្សនៃអ្នកបង្កើតច្បាប់។ ព្រោះច្បាប់គឺជាបាតុភូតនៃសង្គមមួយ។ ម្យ៉ាងទៀតវិធានប្បវេណី និងសាសនាក្នុងសង្គមខ្មែរនាសម័យកណ្ដាលនេះគឺជាកេរដំណែលវប្បធម៌នៃយុត្តិធម៌ខ្មែរពីបុរាណឱ្យស្ថិតស្ថេរចីរកាលគង់វង្សជាអង្វែងរៀងទៅសម្រាប់ជាឧត្តមប្រយោជន៍ ការឈ្វេងយល់ស្វែងចេះដឹងរបស់ប្រជាជនខ្មែរអំពីបេតិកណ្ឌនីតិសាស្ត្រ និងធម្មសាស្ត្រជាតិ ដែលជាទ្រព្យសម្បត្តិវប្បធម៌ និងជាអត្តសញ្ញាណជាតិខ្មែរដ៏មានតម្លៃបំផុត។
គន្ថនិទ្ទេស
១-ក្រុមប្រឹក្សានីតិកម្ម កម្រងច្បាប់ខ្មែរពីបុរាណ ភាគ១‑២ ឆ្នាំ២០១៦
២-ខ្លូត ធីតា ទស្សនវិជ្ជាខ្មែរសម័យចតុមុខ លង្វែក ឧដុង្គ និងបារាំង រាជបណ្ឌិត្យសភាកម្ពុជា គ.ស.២០១១
៣-ត្រឹង ងា ប្រវត្តិសាស្ត្រខ្មែរ ភាគ១ ២ ភ្នំពេញ គ.ស.១៩៧១
៤-យិន គឹមវាណ ប្រវត្តិសាស្ត្រអំពីស្ថាប័ននយោបាយ រដ្ឋបាលប្រទេសកម្ពុជា និងបុព្វហេតុសង្គ្រាម ២០១២
៥-ហ៊ែល ចំរើន មរតកយុត្តិធម៌ខ្មែរ រោងពុម្ពភ្នំពេញ ២០០៩
៦-អេង សុត ការសិក្សាច្បាប់គ្រប់គ្រងមាត្រាទាំងអស់ក្នុង ក្រមព្រហ្មទណ្ឌ ១៩៦៤
៧-Adhémard Leclère Recherches sur les origins brahmaniques des lois cambodgiennes Nouvelle revue historique de droit français et étranger tome 22 11898 pp.609 à 656 et tome 23 1899 pp.265 à 283.
៨-Adhémard Leclère Les codes cambodgiens Ernest Leroux Paris 1898.
៩-Kong Phalack, Introduction to Law : Phnom Penh 2005