ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ឡាយ វិសិដ្ឋ ក្រោមប្រធានបទ៖ គតិយុត្តិការរដ្ឋបាលខេត្តពោធិ៍សាត់

202

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត ឡាយ វិសិដ្ឋ មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ គតិយុត្តិការរដ្ឋបាលខេត្តពោធិ៍សាត់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១- សេចក្ដីផ្ដើម

តាំងពីសម័យបុរាណមករហូតដល់សតវត្សរ៍ទី១៨សកម្មភាពគ្រប់គ្រងរដ្ឋបាលត្រូវបានគេចាត់ទុក ដូចជា សកម្មភាពក្នុងការអនុវត្តច្បាប់ដែរ។ មុខងាររដ្ឋបាលត្រូវ បានគេចាត់ទុកថា ជាមុខងារដែលមានលក្ខណៈបន្ទាប់បន្សំ និងជាមុខងារចំណុះមួយ។ មុខងាររដ្ឋបាលសាធារណៈកាលនោះ គឺជាមុខងារអនុវត្តច្បាប់។ ដូច្នេះរដ្ឋបាលជាមុខងារប្រតិបត្តិ។ បច្ចុប្បន្នន័យពាក្យ រដ្ឋបាលបានទទួលរងនូវហេតុការណ៍នៃការវិវត្តនៃការបែងចែកអំណាច។  រដ្ឋបាលគឺជាការផ្លាស់ប្តូរតួនាទីរបស់អង្គការប្រតិបត្តិ។ អង្គការប្រតិបត្តិមិនត្រឹមតែប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំសេចក្តីសម្រេច និងប្រើអំណាចស្វ័យតទៀតផង ដើម្បីចេញសេចក្តីសម្រេចផ្សេងៗ។

រដ្ឋបាលតាមន័យបច្ចុប្បន្នលែងជាមុខងារធម្មតានៃការ អនុវត្តច្បាប់ហើយ។ ក្នុងន័យនេះរដ្ឋបាលខេត្តពោធិ៍សាត់ គឺសំដៅដល់សកម្មភាពក្នុងការបំពេញតម្រូវការនៃសមូហភាព ឬតម្រូវការនៃផលប្រយោជន៍ទូទៅនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្តពោធិ៍សាត់ស្របតាមរបបគតិយុត្តផ្ទាល់របស់ខ្លួន។

ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាមានប្រវត្តិពឹងផ្អែកលើ ប្រពៃណី ទំនៀមទម្លាប់ និងសាសនាសម្រាប់គោរពប្រតិបត្តិ និងច្បាប់គ្រប់គ្រងដឹកនាំសង្គម ជាសហគមន៍មូលដ្ឋាន ជា ក្របខ័ណ្ឌភូមិសាស្រ្តភូមិ ឃុំ ស្រុក និង ខេត្ត ព្រមទាំងមាន កាលប្បវត្តិសំខាន់ៗ ដូចខាងក្រោម ៖

-ដើមសតវត្សទី១ កម្ពុជាបានអនុវត្តនូវរបបគ្រប់គ្រងជា សហគមន៍មូលដ្ឋានមានក្របខ័ណ្ឌទៅតាមភូមិសាស្រ្ត ជាស្រុកភូមិរួមក្នុងអំបូរខ្មែរមន។ មកដល់សតវត្សទី៣ទើប ខ្មែរ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថិតក្រោមអំណាចសកលរបស់ព្រះរាជាចក្រវាទីន (Chakravatin) រហូតដល់ដើមសតវត្សទី៩ សហគមន៍ទាំងអស់ត្រូវចំណុះរដ្ឋតែក៏ត្រូវ រក្សាឯករាជ្យភាពរបស់ខ្លួន។ ដែនដីត្រូវបានកាន់កាប់ដោយស្តេចត្រាញ់។ អំណាចនេះត្រូវបានអនុវត្តជាបន្តបន្ទាប់រហូតមកដល់ជំនាន់ស្តេចអង្គឌួង (១៨៤៥-១៨៦០) ទើបអំណាចនេះត្រូវបានដកហូតទៅវិញ។

-សតវត្សទី៩-១១ ក្រោយការរំដោះប្រទេសពីប្រទេស ជ្វាមកប្រទេសខ្មែរគោរពបូជាព្រះអាទិទេព​នៃលទ្ធិទេវរាជ។ ការគ្រប់គ្រងរដ្ឋតាមបែបមជ្ឈការសហគមន៍មូលដ្ឋានត្រូវ បានបាត់បង់អស់នូវឯករាជ្យភាពរបស់​ខ្លួនជាហេតុធ្វើឱ្យ ចាមវាយយកក្រុងអង្គរបាននៅគ.ស.១១៧៧។ បួនឆ្នាំ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបាន កែប្រែសង្គមជាតិឡើងវិញ ដោយរំលាយចោលនូវរបាំងវណ្ណៈ ការបែងចែករដ្ឋ និងប្រជារាស្រ្តធ្វើឱ្យសង្គមមានយុត្តិធម៌ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និងសង្គមកិច្ចដោយគតិបណ្ឌិតឈរលើទស្សនវិជ្ជានៃការគ្រប់គ្រងរដ្ឋ “ការឈឺចាប់របស់ប្រជារាស្រ្ត ជាការឈឺចាប់របស់ព្រះអង្គ”។

-សតវត្សទី១៦-១៩ ចាប់តាំងពីក្រោយសម័យលង្វែក មកការដណ្តើមអំណាចគ្នាធ្វើឱ្យរចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋ គ្មានភាពច្បាស់លាស់ មន្រ្តីរាជការបាត់បង់ឥទ្ធិពល ជាហេតុ ធ្វើឱ្យប្រទេសស្ថិតក្រោមអាណានិគមនិយមរបស់បារាំងតែ ម្តង។ សតវត្សទី១៧ ដែនដីរដ្ឋចែកជាដីភូមិភាគដែលមាន មន្រ្តីម្នាក់ទទួលខុសត្រូវលើភូមិភាគនីមួយៗ ដោយមាន“មឿង” ជាអ្នកកាន់កាប់ទឹកដីជាស្តេចត្រាញ់ក្នុងនាមព្រះមហាក្សត្រ។ ក្នុងសម័យបុរាណនោះ មណ្ឌលរដ្ឋបាលត្រូវបានគេហៅឈ្មោះថា “ដី” ដែលនៅជំនាន់នោះ “ដី” របស់ស្តេចត្រាញ់មានទំហំធំជាង “តំបន់” របស់សាធារណរដ្ឋខ្មែរ។

-ឆ្នាំ១៨៧៥ ប្រព័ន្ធគ្រប់គ្រងរដ្ឋស្ថិតនៅក្រោមការគ្រប់ គ្រងរបស់បារាំងផងសៀមផង។ កត្តាទាំងអស់ខាងលើនេះ ហើយគឺជាបទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គមខ្មែរពីអតីតកាល ដើម្បីធ្វើជាមូលដ្ឋានសិក្សាសម្រាប់រៀបចំ កែប្រែវាសនាអនាគតសង្គមជាតិរបស់យើង។

ចាប់តាំងពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវដ៏ផុយស្រួយ និងវែងឆ្ងាយមួយ ដែលពោរពេញដោយទំនាស់ និងការលំបាករាប់មិនអស់ដើម្បីឈានទៅរកវឌ្ឍនភាពសង្គម កសាងនីតិរដ្ឋ ប្រជាធិបតេយ្យ និង សេរីនិយមមួយ។

ក្នុងន័យនេះយើងព្យាយាមសិក្សាស្វែងយល់អំពីទិដ្ឋភាពចាំបាច់នានា និងលក្ខខណ្ឌជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានិងផលវិបាកជាកត្តាសត្យានុម័ត ដែលប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាទូទៅបើសិនជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើងមិនបានល្អប្រសើរនោះ។ អាស្រ័យហេតុនេះយើងធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទស្តីអំពី «គតិយុត្តិការរដ្ឋបាលខេត្តពោធិ៍សាត់» ដែលត្រូវបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីការរៀបចំអង្គការគ្រប់គ្រងរដ្ឋបាលជាតិប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដើម្បីជាឧត្តមប្រយោជន៍ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ស្ថាប័នរដ្ឋ​មួយចំនួន​និងអ្នក​ដែលមានបំណងចង់សិក្សាស្រាវជ្រាវពីរដ្ឋបាលជាតិ ជាពិសេសដើម្បីជាប្រយោជន៍​​ដល់​សង្គមខ្មែរ​ទាំងមូល។

២- រដ្ឋបាលខេត្ត

អនុលោមតាមការកំណត់នៃមាត្រា១៤៦ថ្មី (មួយ) នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកចេញជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ រាជធានី ចែកជាខណ្ឌ សង្កាត់។ ខេត្ត ចែកជាក្រុង និងជាស្រុក។ ក្រុងចែកជា សង្កាត់។ ស្រុក ចែកជាឃុំ និងជាសង្កាត់។

ការរៀបចំដែនដីតាមការបែងចែកនេះ គឺសំដៅរៀបចំ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឱ្យបានជាក់លាក់រវាងតំបន់ ទីក្រុង ទីប្រជុំជន និង តំបន់ជនបទ ដែលបានអនុវត្តរហូត មកទល់សព្វថ្ងៃ។

ចាប់ពីក្រោយឆ្នាំ២០០៨ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជាគឺមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នៅទូទាំងប្រទេសកម្ពុជាមានរាជធានី ចំនួន១ ខេត្តចំនួន២៤ ក្រុង ស្រុក ខណ្ឌចំនួន១៩៧ ឃុំ សង្កាត់ចំនួន១៦៤៦ និងភូមិចំនួន១៤.៣៨៣ (ស្ថិតិទិន្ន- ន័យ ឆ្នាំ២០១៩)។

រដ្ឋបាលខេត្តទទួលសិទ្ធិអំណាចខ្លួន ដោយរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ដែលស្របនឹងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

រដ្ឋបាលខេត្តមានរចនាសម្ព័ន្ធជាក់លាក់របស់ខ្លួនដោយផ្អែកទៅតាមបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះរចនាសម្ព័ន្ធរដ្ឋបាលខេត្តត្រូវបានចែកចេញជាពីរប្រភេទគឺរចនាសម្ព័ន្ធនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល។ ចំណែករចនាសម្ព័ន្ធនយោបាយគឺជារចនាសម្ព័ន្ធអនុវត្តអំណាចបញ្ញត្តិផ្នែកនយោបាយ ហើយក្នុងប្រអប់រចនាសម្ព័ន្ធនេះមានក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការនានា។ ម្យ៉ាងទៀតរចនាសម្ព័ន្ធរដ្ឋបាលជារចនាសម្ព័ន្ធអំណាចប្រតិបត្តិផ្នែករដ្ឋបាល​ហើយនៅក្នុងប្រអប់រចនាសម្ព័ន្ធនេះមានគណៈអភិបាលខេត្ត មន្ទីរ អង្គភាព ជំនាញ នាយករដ្ឋបាល និងទីចាត់ការនានា។

៣- បទពិសោធន៍គ្រប់គ្រងរដ្ឋបាលខេត្ត ពោធិ៍សាត់

ខេត្ដពោធិ៍សាត់មានប្រវត្តិយូរលង់នៅក្នុងប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា តាំងពីក្នុងរជ្ជកាលលង្វែក ឆ្នាំ១៥៧៦ ហើយ អាណាចក្ររដ្ឋបាលដែនដីសម័យនោះមានខេត្តចំនួន៧០។ ខេត្តពោធិ៍សាត់ត្រូវបានបង្កើតជាថ្មីម្តងទៀតនៅឆ្នាំ១៩០៧ រហូតមកដល់បច្ចុប្បន្ន។ ខេត្តពោធិ៍សាត់ជាខេត្ដមួយស្ថិតនៅទិសពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយ១៨៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតទល់នឹងខេត្ដកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្ដបាត់ដំបងនិងខេត្តត្រាតនៃប្រទេសថៃ (ខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណ ៨០គ.ម) ខាងជើងទល់នឹងបឹងទន្លេសាប (ប្រវែងប្រមាណ៨៦គ.ម) ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្ដកោះកុង។

ខេត្ដពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន១២.៦៩២គ.ម២ ស្មើនឹង១.២៦៩.២០០ហិកតា ហើយចែកចេញជារដ្ឋបាល ក្រុង១ រដ្ឋបាលស្រុក៦ សង្កាត់ចំនួន៧ ឃុំចំនួន៤២ និងភូមិចំនួន៥១១។ មានប្រជាជនសរុបចំនួន៤៩៣.៣៧១នាក់ ស្រី២៤៤.៦២៣នាក់ ស្មើនឹង១១៩.៣១៦គ្រួសារ។ មានមុខរបរជាកសិករចំនួន៧៥៨% សេវាករចំនួន២៣៥% និងសិប្បករចំនួន០៧%។ សណ្ឋានដីខេត្តនេះត្រូវបានបែងចែកជា៤ប្រភេទ រួមមាន៖ ដីទំនាបកណ្ដាល តំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ និងទន្លេសាប។

រដ្ឋបាលខេត្តពោធិ៍សាត់ត្រូវបានបង្កើតឡើងដោយ ច្បាប់រៀបចំអង្គការ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំនានា ដើម្បីដាក់ឱ្យ ដំណើរការរដ្ឋបាលខេត្តបានប្រព្រឹត្តទៅដោយរលូនមាន ប្រសិទ្ធភាពស្របតាមគោលការណ៍អភិវឌ្ឍន៍ទៅតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

រដ្ឋបាលខេត្តពោធិ៍សាត់ជានីតិបុគ្គលនៃនីតិសាធារណៈ មានសិទ្ធិអំណាចកំណត់ដោយច្បាប់ ហើយត្រូវប្រើសិទ្ធិ អំណាចទាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និង ប្រកបដោយវិចារណញាណ ចេះមានគំនិតផ្តួចផ្តើមដាក់ ចេញនូវវិធានការសមស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់ខេត្ត។ រដ្ឋបាលខេត្តត្រូវចេះចាត់ចែងបែងចែកការ ទទួលខុសត្រូវរបស់ខ្លួនទៅតាមឋានានុក្រមរដ្ឋបាល និងមន្ត្រីរាជការក្រោមឱវាទទាំងឡាយដើម្បីការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពថែមទៀត និងកាន់តែមានទំនុកចិត្តពីប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តត្រូវចេះសម្របសម្រួលការងារនានាសំដៅធានាបាននូវភាពស្របច្បាប់ និងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងធានាការគោរពច្បាប់ ការឯកភាពជាតិ សុខសន្តិភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តដើរតួនាទីជាកាតាលីករក្នុងការជំរុញឱ្យ មានការផ្តួចផ្តើមគំនិតពីផ្នែកឯកជន និងការចូលរួមពីប្រជា ពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ឡើង។ ចំពោះរដ្ឋបាលខេត្តត្រូវលើកកម្ពស់គោលការណ៍ គណនេយ្យភាពដោយបញ្ចូលនូវគំនិតថ្មី និងកាន់តែមានលក្ខណៈវិជ្ជាជីវៈដើម្បីបង្កើនផលិតភាព និងកែលម្អគុណភាពសេវាដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។

សម្រាប់ផលប្រយោជន៍រយៈពេលវែងប្រជាពលរដ្ឋនឹង ទទួលបានការអភិវឌ្ឍកាន់តែទូលំទូលាយ និងប្រកបដោយ ចីរភាពនៅមូលដ្ឋាន។ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិឱ្យកាន់តែទទួលប្រសិទ្ធភាពផ្តល់សេវាសាធារណៈប្រកបដោយគុណភាពនិងកាន់តែល្អប្រសើរឡើង ដើម្បីបង្កើនល្បឿនកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយផ្តោតលើក្រុមជនងាយរង គ្រោះស្រ្តី និងកុមារ។

មេរៀន និងបទពិសោធន៍ក្នុងអាណត្តិទី២របស់ក្រុម ប្រឹក្សាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តបានរៀនសូត្រនូវគន្លឹះ មួយចំនួនសម្រាប់ជាបទពិសោធន៍ក្នុងការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួននៅអាណត្តិបន្ទាប់ទៀត ដែលចំណុចគន្លឹះ ទាំងនោះរួមមាន៖

ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិបានជួយពង្រឹង តួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ គណនេយ្យភាពនៅមូលដ្ឋាននិងប្រើប្រាស់តួនាទី និងសិទ្ធិ អំណាចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែនទៀត។

គណនេយ្យភាពតាមបែបប្រជាធិបតេយ្យមិនមែនត្រឹម តែជាការចូលរួមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការយកចិត្តទុកដាក់ជាពិសេសលើវត្តមានរបស់តួអង្គអភិវឌ្ឍនានារួមមាន ក្រុមប្រឹក្សា មន្ត្រីសាធារណៈ ប្រជា ពលរដ្ឋ សហគមន៍ ឬវិស័យឯកជនជាដើម ការសម្រេចចិត្ត និងការបង្កើតជម្រើសរួមគ្នា និងអនុវត្តតួនាទីរបស់តួអង្គ នានា ជាពិសេស ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិដើម្បីឆ្លើយ តបសេចក្តីត្រូវរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ សាធារណៈដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់។

រចនាសម្ព័ន្ធនានាដែលស្ថិតនៅក្រោមក្រុមប្រឹក្សា ជា ពិសេស គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តបាន ដើរតួនាទីសំខាន់ណាស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ ក្រុមប្រឹក្សា ជាពិសេស សម្រេចជោគវាសនានៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធនេះតម្រូវឱ្យមានការគាំទ្រ ខាងហិរញ្ញវត្ថុចាំបាច់ដើម្បីអនុវត្តការងារឱ្យបានពេញលេញ និងធានានិរន្តរភាព។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានចង្អុលបង្ហាញនូវមូលដ្ឋានគ្រឹះ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សង្គមស៊ីវិលដើម្បីចូលរួមក្នុងសកម្មភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចអភិវឌ្ឍក្នុងន័យពង្រឹងគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន។

វេទិកាផ្សព្វផ្សាយ និងការពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋជាយន្តការមួយយ៉ាងល្អប្រពៃ ដែលផ្សារភ្ជាប់ក្រុមប្រឹក្សាជាមួយនឹងប្រជាពលរដ្ឋ។ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងបុរសទាំងស្រ្តី និង កុមារក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកានេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ដឹកនាំខេត្តរហូតដល់ថ្នាក់សហគមន៍មូលដ្ឋានដែលជាការផ្តល់លទ្ធភាពឱ្យពួកគេទទួលបាននូវព័ត៌មានស្តីពីសកម្មភាពនានាដែលរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗនាឆ្នាំកន្លងមក និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ព្រមទាំងបានផ្តល់ឱកាសដល់អ្នកចូលរួមអាចលើកឡើងនូវសំណួរ សំណូមពរ កង្វល់ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍនៅតាមមូលដ្ឋាននិងការបម្រើសេវានានានៅក្នុងសហគមន៍របស់ពួកគេ។

ទន្ទឹមនឹងទទួលបាននូវសមិទ្ធផល និងមេរៀនជាបទ ពិសោធន៍សំខាន់ៗដូចបានជម្រាបជូនខាងលើ ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដែល ក្លាយជាឧបសគ្គរារាំងក្នុងការអនុវត្តសិទ្ធិអំណាច តួនាទី និង ភារកិច្ចរបស់ខ្លួនផងដែរ។

បញ្ហាប្រឈមចម្បងៗ រួមមានដូចខាងក្រោម ៖

សមត្ថភាពទូទៅរបស់សមាជិកក្រុមប្រឹក្សាមួយចំនួន នៅមានកម្រិត ទាមទារឱ្យមានការតម្រង់ទិស និងពង្រឹង បន្ថែម ដើម្បីបានយល់ដឹងស៊ីជម្រៅអំពីគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរាជរដ្ឋាភិបាល។ ការធ្វើប្រតិភូកម្មមុខងារ និងធនធានរបស់ថ្នាក់ជាតិដល់រដ្ឋបាលខេត្តពោធិ៍សាត់មានការយឺតយ៉ាវ ស្ទាក់ស្ទើរ ដែលមិនធ្វើឱ្យការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាមិនបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ពេលមានកង្វះខាតមន្ត្រីនៅរដ្ឋបាលខេត្ត និងសមត្ថភាពរបស់មន្រ្តីនៅមានកម្រិត មន្រ្តីចាស់ៗដែលមានបទពិសោធន៍ ក៏ចូលនិវត្តន៍ជាបន្តបន្ទាប់។

ការពង្រឹងភាពជាម្ចាស់ក្នុងការប្រតិបត្តិសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការ អនុវត្តកិច្ចដំណើរការកំណែទម្រង់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិមានកម្រិតនៅឡើយ។

ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់មន្រ្តីរដ្ឋបាលខេត្តពោធិ៍សាត់ចំពោះការអនុវត្តគោលនយោបាយកំណែទម្រង់ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានានៅមានកម្រិតដោយសារប្រាក់ឧបត្ថម្ភបន្ថែមមិនទាន់សមាមាត្រនឹងទំហំការងារពួកគេ។

ការសិក្សាលទ្ធភាពលើគម្រោងធ្វើឡើងមិនទាន់បាន ហ្មត់ចត់ និងច្បាស់លាស់ ដើម្បីធានាថាការវិនិយោគត្រូវចំគោលដៅ និងសមស្របនឹងតម្លៃ និងប្រសិទ្ធភាព។ ការ វិនិយោគលើគម្រោងសេវាសង្គមមិនទាន់កញ្ចប់ថវិកាច្បាស់​លាស់ និងកំណត់យុទ្ធសាស្រ្តឱ្យមានប្រសិទ្ធភាពនៅឡើយ។

៤- សេចក្តីសន្និដ្ឋាន

ការងារធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អាស្រ័យដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ រាជរដ្ឋាភិបាល និងដោយមានការគាំទ្រការចូលរួមពីក្រសួង  ស្ថាប័ន រដ្ឋបាលខេត្តពោធិ៍សាត់ និងអ្នកពាក់ព័ន្ធបានជំរុញ ដំណើរការកំណែទម្រង់ឱ្យឈានចូលក្នុងដំណាក់កាល កាន់តែស៊ីជម្រៅដែលក្នុងនោះសមិទ្ធផលសំខាន់ៗដែល មានលក្ខណៈជាប្រវត្តិសាស្រ្តនោះគឺជាការកែសម្រួលនូវរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុងស្រុកតាមរយៈការអនុវត្តអនុក្រឹត្យចំនួន៣ ដែលត្រូវបានឆ្លុះបញ្ចាំងពីប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាងក្រុង ស្រុក និងខណ្ឌ។ ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងនេះ បានភ្ជាប់ជាមួយការផ្ទេរមុខងារ និងមុខងាររងមួយចំនួនទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះក៏មានអនុក្រឹត្យស្តីពីការផ្ទេរមុខងារផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តផងដែរ។ ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ការផ្ទេរមុខងារ ធនធានទៅឱ្យថ្នាក់រដ្ឋបាលក្រុង ស្រុក និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលខេត្ត ធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ សង្កាត់នឹងត្រូវបានបង្កើនឡើងទ្វេដងចាប់ពីឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍នេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣។

វឌ្ឍនភាពថ្មីៗនៃដំណើការកំណែទម្រង់នេះនឹងបង្ក លក្ខណៈសម្បត្តិដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមាន លទ្ធភាពក្នុងការផ្តល់នូវសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ដែលជួយ ពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រៅពីសមិទ្ធផលទាំងនេះនៅមានសមិទ្ធផលនានាជា ច្រើនទៀត ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានខិតខំពុះពារ ឱ្យសម្រេចបានពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ កន្លងទៅដូចជាការពង្រឹងការគ្រប់គ្រងដឹកនាំស្របពេលដែលមានកំណើនប្រជាសាស្រ្តតម្រូវការរបស់ប្រជាពលរដ្ឋ និងកំណើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សទាំងផ្នែករដ្ឋបាល និង ផ្នែកជំនាញ ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល មានអង្គការអន្តរជាតិ និងប្រទេសនានា និងកិច្ចសហការសម្របសម្រួលជាអន្តរស្ថាប័នជាមួយក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្ត៕

គន្ថនិទ្ទេស

  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • សម្តេចសង្ឃ ជួន ណាត «វចនានុក្រមខ្មែរភាគ១ និងភាគ២» បោះពុម្ពលើកទី៥ ឆ្នាំ១៩៦៧
  • ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទី១ ឆ្នាំ១៩៦១
  • កៅ មុយថង វិមជ្ឈការនិងវិសហមជ្ឈការ រាជធានីភ្នំពេញ បោះពុម្ពលើកទី១ ឆ្នាំ២០០៧
  • កៅ គឹមហួន ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការកសាងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាននៅកម្ពុជា ឆ្នាំ២០០២
  • ពេជ្រ ប៊ុនធិន ស៊ន សុឃន និង សិក ហេងឡុង ចំណេះដឹងអំពីមុខងារសាធារណៈ ឆ្នាំ២០១០
  • សាយ បូរី វិទ្យាសាស្រ្តរដ្ឋបាល កណ្ឌទី១ បោះពុម្ព លើកទី១ ឆ្នាំ ២០០៧
  • ហែម ឡាច ក្រមសីលធម៌មន្រ្តីសាធារណៈ ឆ្នាំ២០១១