ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ឌី សុផល ក្រោមប្រធានបទ៖ កំណែទម្រង់ផែងការ និងគាំទ្រមូលដ្ឋាន
ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត ឌី សុផល មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ក្រោមប្រធានបទ៖ កំណែទម្រង់ផែងការ និងគាំទ្រមូលដ្ឋាន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
១. សេចក្ដីផ្ដើម
ក្នុងរយៈពេល៣ឆ្នាំ (២០១៥-២០១៨) របស់ស្រុក ពារាំងមានស្វ័យភាពក្នុងការកសាងផែនការនិងការចាត់ចែង ធនធានផ្ទាល់របស់ខ្លួន ដើម្បីអនុវត្តមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ខ្លួន។ ផែនការនេះត្រូវឆ្លើយតប នឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងចូលរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ បរិស្ថាន និងការសម្រេចបាននូវផែនការ យុទ្ធសាស្រ្តអភិវឌ្ឍជាតិ ព្រមទាំងស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរបស់ស្រុកពារាំង។ ទន្ទឹមនឹងនេះ ការកសាង ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគស្រុកក៏ជាឯកសារណែនាំ និងតម្រង់ទិសដល់ការិយាល័យអង្គភាពជំនាញស្រុកក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ និងអាទិ-ភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
២. ការកសាងផែនការអភិវឌ្ឍ និងកម្មវិធី វិនិយោគ
ការកសាងផែនការរបស់ស្រុកពារាំងត្រូវធានាឱ្យមាន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សមធម៌ និងការ ចូលរួមពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ការិយាល័យ អង្គភាពជំនាញស្រុក អង្គការសង្គមស៊ីវិល ផ្នែកឯកជន និង អ្នកពាក់ព័ន្ធនានា។ ផែនការស្រុកគឺជាផែនការដែលមានការ សម្របសម្រួលគ្នារវាងផែនការស្រុកជាមួយផែនការឃុំក្នុងស្រុក ដើម្បីធានាថា ផែនការស្រុកបំពេញបន្ថែម និងគាំទ្រ ដល់ផែនការឃុំសំដៅបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន។
ក្រុមប្រឹក្សាស្រុកត្រូវរៀបចំនិងអនុម័តផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាម រយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ។ ក្នុងការ រៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ ស្រុកពារាំង ក្រុមប្រឹក្សាស្រុកត្រូវពិគ្រោះយោបល់ជាមួយ ប្រជាជនពលរដ្ឋ ប្រភេទក្រុមប្រឹក្សាផ្សេងទៀត ការិយាល័យ អង្គភាពជំនាញនានារបស់ក្រសួង ស្ថាប័នដែលប្រតិបត្តិការ នៅក្នុងដែនសមត្ថកិច្ចរបស់ស្រុក អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។
ការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរយៈពេល៥ឆ្នាំរួមបញ្ចូលនូវចក្ខុវិស័យ គោលបំណង និងគោលដៅរបស់ក្រុមប្រឹក្សាក្រុង ស្រុក សម្រាប់អភិវឌ្ឍន៍ ការប៉ាន់ ប្រមាណពីកម្រិតនៃការអភិវឌ្ឍដែលមានស្រាប់នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួននិងការប៉ាន់ប្រមាណពីតម្រូវការអភិវឌ្ឍ សំខាន់ៗ ផែនការប្រើប្រាស់ និងគ្រប់គ្រងដីធ្លីនិងធនធាន ធម្មជាតិ ផែនការគ្រប់គ្រងគ្រោះមហន្តរាយ ផែនការហិរញ្ញវត្ថុ យុទ្ធសាស្រ្តអនុវត្តផែនការអភិវឌ្ឍន៍ ដែលធានាដល់ការឆ្លើយតបតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋទាំងអស់។ ដោយកំណត់នូវសូចនាករ និងចំណុចដៅសំខាន់នៃអាទិភពអភិវឌ្ឍន៍នីមួយៗ។
ការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរយៈពេល៥របស់ស្រុកពារាំងត្រូវរួមបញ្ចូលនូវផែនការអភិវឌ្ឍន៍និងថវិការបស់ការិយាល័យអង្គភាពនានារបស់ក្រសួង ស្ថាប័ន ដែលប្រតិបត្តិការនៅក្នុងស្រុក។ ទន្ទឹមនឹងដែរ ក្រុមប្រឹក្សា ស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នូវផែនការអភិវឌ្ឍន៍បន្ទាប់ពីបានអនុម័ត។ សាធារណៈជន អាចពិនិត្យឯកសារផែនការនេះនៅការិយាល័យស្រុកដោយ ឥតគិតថ្លៃ ឬអាចស្នើសុំជាវឯកសារផែនការនេះពីក្រុមប្រឹក្សាស្រុក ដោយគិតត្រឹមតម្លៃដើម។ ក្រុមប្រឹក្សាស្រុកត្រូវតាមដាន និងវាយតម្លៃជារៀងរាល់ឆ្នាំទៅលើការអនុវត្តផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគរបស់ខ្លួន។ រដ្ឋបាលស្រុកត្រូវដឹកនាំការគ្រប់គ្រងចាត់ចែង និងសម្របសម្រួលកិច្ចដំណើរការនៃការរៀបចំការគ្រប់គ្រង និងការអនុវត្តផែនការអភិវឌ្ឍន៍របស់ស្រុកស្របតាមគោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៣. ការអនុវត្តគម្រោងអភិវឌ្ឍ
ក្រុមប្រឹក្សាស្រុកត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ស្រុក ព្រមទាំងពិនិត្យ និងអនុម័តទៅលើប្រតិទិនការងារ សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងងកម្មវិធីវិនិយោគបីឆ្នាំរំកិល សេចក្តីព្រាងផែនការអភិវឌ្ឍ រយៈពេលប្រាំឆ្នាំ និងសេចក្តីព្រាងនូវកម្មវិធីវិនិយោគបីឆ្នាំ រំកិល។ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក ជាពិសេសគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានភារកិច្ចចូលរួមនៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលមុនដាក់ជូនក្រុមប្រឹក្សាស្រុកពិនិត្យ និងអនុម័ត។
អភិបាលស្រុកមានភារកិច្ចដឹកនាំនិងសម្របសម្រួល កិច្ចដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងដាក់ជូនក្រុមប្រឹក្សានូវសេចក្តីព្រាងដើម្បីពិនិត្យ និងអនុម័ត។ ក្រុមការងារកសាងផែនការស្រុកដោយមានការិយាល័យផែនការ និងការគាំទ្រឃុំជា លេខាធិការដ្ឋានត្រូវអនុវត្តការសម្របសម្រួលកិច្ចដំណើរការកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក។
៤. ការគាំទ្រមូលដ្ឋាន
ក្រុមប្រឹក្សាស្រុកពារាំងត្រូវគាំទ្រដល់ឃុំក្នុងការសិក្សា គម្រោង និងរៀបចំប្លង់ប៉ាន់ស្មានតម្លៃ និងងការរៀបចំ សំណើគម្រោងមូលនិធិឃុំ និងបានពិនិត្យភាពត្រឹមត្រូវលើ សំណើគម្រោង មុននឹងស្នើបញ្ជាក់ទៅមន្ទីរជំនាញរៀបចំធ្វើកិច្ចលទ្ធកម្មនៅថ្នាក់ឃុំ។ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍនៅក្នុងស្រុកពារាំងជារៀងរាល់ឆ្នាំ គឺឃុំបានពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋដើម្បីធ្វើផែនការ និងចាត់អាទិភាព គម្រោងនិងសកម្មភាព។ គម្រោងទាំងនោះរួមមានកសាង ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន លូ) គាំទ្រសេវាកម្មសង្គម ដូចជាផ្នែកសុខភាព អប់រំនិងផ្តល់ថវិកាជួយដល់អ្នកក្រីក្រ។ ភាគច្រើននៃថវិកាសម្រាប់គម្រោងអភិវឌ្ឍទាំងនេះបានមក ពីរាជរដ្ឋាភិបាលតាមរយៈមូលនិធិឃុំ ដោយសារតែមានការ ពន្យាពេលនៃការទម្លាក់ថវិកា និងដោយសារតែរដូវភ្លៀង គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្លះត្រូវចំណាយពេល២ឆ្នាំ ដើម្បីបញ្ចប់។
សេចក្តីសន្និដ្ឋាន
ជាលទ្ធផលនៃការធ្វើការអនុវត្តគម្រោងអភិវឌ្ឍស្រុក ពារាំងសម្រេចលទ្ធផលដោយឃុំកំពង់ពពិលបានអនុវត្តនូវ គម្រោងចំនួនប្រាំមួយគឺ១)គម្រោងជួសជុលផ្លូវចាក់កៅស៊ូ DBST ប្រវែង ៣.០០០ម ២)គម្រោងផ្លូវបេតុងប្រវែង ១.១០០ម ៣)គម្រោងជួសជុលទ្វារ បង្អូចនិងបំពេញដីទីធ្លាសាលាបឋមសិក្សាខ្សុំជើង ៤)គម្រោងសម្រាប់ចាក់សាបនៅបរិវេណវិទ្យាល័យហ៊ុន សែន កំពង់ពពិល ៥)គម្រោងជួស ជុលផ្លូវដីស និង៦)គម្រោងជួសជុលផ្លូវថ្មី។ ឃុំកញ្ចំបានបញ្ចប់ការអនុវត្តគម្រោង២ គឺ១)គម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម ២.១១០ម និង២)ឥណទានប្រាក់សាក់ អេស៊ីលីដា លីហួរ ក្រេឌិត ស្ថាបនា ហត្ថកសិករ អម្រិត ប្រាសាទមាស ABA ហ្វាយនែន អិលអូអិលស៊ី។ ឃុំកំពង់ប្រាំងបានបញ្ចប់នូវគម្រោងចំនួនពីរគឺ១)ការជួសជុលផ្លូវលំដីស ដាក់លូ ដាំស្មៅមួយខ្សែប្រវែង២៧០០ម ស្ថិតនៅភូមិព្រែកជ្រូក និងនៅក្នុងភូមិតារ័ត្នចំណាយទឹកប្រាក់ចំនួន ៩០.៤៧៥.០០០៛ និង២)គម្រោងគាំទ្រដោយមន្ទីរកសិកម្ម។
ចំណែកឃុំមេសរប្រចាន់មានតែគម្រោងមួយទេដែល បានបញ្ចប់គឺគម្រោងឥណទានសាច់ប្រាក់គ្រប់ស្ថាប័នដែល មានការសន្យាគាំទ្រ។ នៅឃុំព្រៃព្នៅមានគម្រោងចំនួន៥ បានបញ្ចប់គឺ១)សាង់សង់សាលាឃុំថ្មី១ខ្នង និងប៉ុស្តិ៍ នគរបាល១ខ្នង (ឯកឧត្តម ចាន់ អ៊ាន) ២)សាងសង់អាគារសិក្សា១ខ្នង (ABD) ៣)ជួសជុលផ្លូវលំ១៦០០ម ក្រាលខ្សាច់ភ្នំ (ឯកឧត្តម ចាន់ អ៊ាន) ៤)ជួសជុលបន្ទប់សិក្សា២បន្ទប់ (អង្គការកូរ៉េ) ៥)គម្រោងចំនួន៥គាំទ្រដោយមន្ទីរកសិកម្ម។ ឃុំព្រៃស្នៀតមាន២គម្រោង ដែលបានអនុវត្តបញ្ចប់គឺ ១)គម្រោងសាងសង់សាលាឃុំបាន១ខ្នង ដែលគាំទ្រដោយក្រសួងមហាផ្ទៃ និង២)គម្រោងអនុវត្តបច្ចេកទេសកសិកម្ម គាំទ្រដោយមន្ទីរកសិកម្ម។ ចំពោះឃុំព្រៃស្រឡិតបានបញ្ចប់គម្រោងចំនួន៣គឺ ១)សាង់សង់អាគារសិក្សាចំនួន៣បន្ទប់ គាំទ្រដោយក្រុមការងារចុះជួយឃុំព្រៃស្រឡិត ២)ឧបត្ថម្ភកង់ដល់សិស្សចំនួន៤០០គ្រឿង គាំទ្រដោយក្រុមការងារចុះជួយឃុំព្រៃស្រឡិត ៣)ជួសជុលផ្លូវលំប្រវែង៩០០០ម គាំទ្រដោយក្រុមការងារចុះជួយឃុំព្រៃស្រឡិត។ ឃុំរាបកំពុងដំណើរការ២គម្រោងគឺ ១)ឥណទានសាច់ ប្រាក់ អេស៊ីលីដា ប្រាសាក់ អម្រឹត លីហួរ និងហត្ថាកសិករ និង២)ការឆ្លើយតបនិងឆ្ពោះទៅមុខក្នុងការងារលុបបំបាត់ជំងឺ អេដស៍ចំពោះការឆ្លងរាល់ដាថ្មីនៅកម្ពុជាគាំទ្រដោយអង្គការ Women។ ឃុំរកាមានគម្រោងពីរកំពុងតែដំណើរការគឺ ១)ស្តារប្រឡាយប្រវែង២៥០០ម គាំទ្រដោយមន្ទីរធនធានទឹក ២)ជួសជុលផ្លូវក្រោលខ្សាច់ភ្នំ ៣៥០០ម អស់ថវិកាចំនួន៩៦.០០០.០០០៛ បាន៥០%។
ឯកសារយោង
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើវិសោធន កម្មនៅឆ្នាំ២០១៤-២០១៥
២. ច្បាប់ស្តីពី «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់» ឆ្នាំ២០០១
៣. ច្បាប់ស្តីពី« របបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិខេត្ត ក្រុង» ឆ្នាំ១៩៩៨
៤. ច្បាប់ស្តី« ការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់» ឆ្នាំ២០០១
៥. រាជរដ្ឋាភិបាលកម្ពុជា សេចក្តីណែនាំលេខ ០២ ស.ណ. ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្តីពី«កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»
៦. គណៈកម្មការជាតិ សម្រាប់តាមការអភិវឌ្ឍតាមបែបលទ្ទិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ «ទស្សនាទានស្ដីអំពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជា» ឆ្នាំ ២០០៦៕