ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ឡឹម ពេជ្ញពិសី ក្រោមប្រធានបទ៖ ការគ្រប់គ្រងបែបអន្តរជាតូបនីយកម្មរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) នៅកម្ពុជា

71

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត ឡឹម ពេជ្ញពិសី មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមប្រធានបទ៖ ការគ្រប់គ្រងបែបអន្តរជាតូបនីយកម្មរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) នៅកម្ពុជា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១. សេចក្ដីផ្ដើម

ការគ្រប់គ្រងបែបអន្តរជាតូបនីយ៍កម្មបាននិងកំពុងរីក ចម្រើនជាលំដាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ជាមួយនឹងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រប់ទំហំកំពុងបង្កើតប្រតិបត្តិការរបស់ពួកគេនៅទីផ្សារបរទេស។ សេដ្ឋកិច្ចពិភពលោកពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនានាតាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងការដឹកជញ្ជូន។ល។ បច្ចុប្បន្ននេះមានចលនាអន្តរជាតិចម្រើនឡើងគួរអោយកត់សម្គាល់។ បណ្តាប្រទេសដែលផ្តល់នូវសេវាកម្មល្អជាក់លាក់ បច្ចុប្បន្ននេះអាចធ្វើពាណិជ្ជកម្មនៅពាសពេញសកលលោក។

ការពង្រីកប្រតិបត្តិការធុរកិច្ចជាលក្ខណៈអន្តរជាតិបាន ផ្តល់នូវគុណប្រយោជន៍ជាច្រើនរួមមានឱកាសកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មនៃទីផ្សារ។ យោងតាមការសិក្សារបស់លោក ហួង លីន សាស្រ្តាចារ្យ ជនជាតិជប៉ុន ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០០០ បានបង្ហើញថា ក្រុមហ៊ុនអន្តរជាតិសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសមួយផ្សេងទៀត ដោយផ្អែកលើជម្រើសបួនយ៉ាង៖

១. ការនាំចេញនូវផលិតផល ឬសេវាកម្មរបស់ខ្លួន(Exporting)។

២. ការផ្តល់នូវអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនក្នុងស្រុកនៃ ប្រទេសទីផ្សារគោលដៅដើម្បីធ្វើជាតំណាងចែកចាយរបស់ខ្លួន (Licensing)។

៣. ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកនៃប្រទេសទីផ្សារគោលដៅ (Joint-venture)។ និង

៤. ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ (Wholly-owned subsidiary-WOS) ដោយខ្លួនឯង។

ដោយឡែក ក្រុមហ៊ុនមេនូឡាហ្វ៍កម្ពុជា(Manulife) បានសម្រេចចិត្តធ្វើអន្តរជាតូបនីយ៍កម្មមកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០១២ ក្នុងរូបភាពជាក្រុមហ៊ុនបុត្រសម្ព័ន្ធ (Wholly-owned subsidiary-WOS)។

ក្រោយពេលប្រតិបត្តិការត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) បានរៀបចំរចនាសម្ព័ន្ធចាត់តាំងនិងពង្រីក សាខារបស់ខ្លួននៅតាមបណ្តាខេត្តនានា រួមទាំងបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនគួរឱ្យ កត់សម្គាល់។

២. ការគ្រប់គ្រងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ កម្ពុជា (Manulife Cambodia)

ក. ក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife

Cambodia)

ក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាល ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុង ប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការ ជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា ជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជន​ជាង​១១​ម៉ឺន​នាក់ (គេហទំព័រមេនូឡាយហ្វ៍កម្ពុជា ឆ្នាំ២០២០)។

ក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដ៏ធំមួយដែលមាននិយោជិតពេញម៉ោងចំនួនជាង ២០០នាក់ ហើយនិង បុគ្គលិកក្រៅម៉ោងជាង២០០០នាក់ (John Robert Elliott ២០១៧)។ យោងតាមគេហទំព័រនៃក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) ឆ្នាំ២០២០ បានអោយដឹងថា ក្រុមហ៊ុននេះបានចូលមកធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងទាំងស្រុងដោយខ្លួនឯង (WOS) ហើយរហូតដល់ពាក់កណ្តាល ឆ្នាំ២០២០នេះ ក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់សេវាកម្មធានា រ៉ាប់រង នៅកម្ពុជាចំនួនជាង១១០០០០នាក់។

ខ. តើមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មានអត្ថន័យយ៉ាងដូចម្តេច?

ក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia)បានចាប់ផ្ដើមប្រតិបត្តិ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ទាំងស្រុង គឺជាក្រុមហ៊ុនដែលភាគហ៊ុនធម្មតា១០០% កាន់កាប់ដោយក្រុមហ៊ុនមួយទៀតជាក្រុមហ៊ុនមេ។ នេះមានន័យថាក្រុមហ៊ុនមេជាម្ចាស់ភាគហ៊ុនទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងអាចមានទីតាំងការិយាល័យនិងប្រតិបត្តិការនៅក្នុងប្រទេសមួយខុសពីទីតាំងរបស់ក្រុមហ៊ុនមេ។ ទោះជាយ៉ាងណាក្តី ក៏ជម្រើសនៃការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមានផលប្រយោជន៍ច្រើនជាងជម្រើសផ្សេងៗទៀតផងដែរ ខណៈដែលក្រុមហ៊ុនមេមានហិរញ្ញវត្ថុរឹងមាំ។ ដោយឡែកចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធ មេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) វិញបានទទួលនូវការទំនុកបម្រុងជាច្រើនពីក្រុមហ៊ុនមេ មេនូឡាយហ្វ៍ ហ្វាយណិនស្យល (Manulife Financial) តាមរយៈការផ្តល់នូវចក្ខុវិស័យ និងការណែនាំការចែករំលែកធនធាន និងលទ្ធភាពចូលមកកាន់ទីផ្សារថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រជាជនមានចំណូលកាន់តែរីកចម្រើន។

គ. រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេនូឡាយហ៍កម្ពុជា (Manulife Cambodia)

ផ្អែកលើការសិក្សាស្រាវជ្រាវរបស់ លោក រូប៊ីន ដេសេនហ្សូ និងខូតល័រ ឆ្នាំ២០០៨ ការគ្រប់គ្រង ចែកចេញជា៤មុខងារ គឺការធ្វើផែនការ ការចាត់ចែង ការដឹកនាំនិងការត្រួតពិនិត្យ (THE ROBBINS DECENZO COUTLER ២០០៨)។

លើសពីនេះទៅទៀត ដើម្បីគ្រប់គ្រង និងចាត់តាំងបុគ្គលិកឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្រុមហ៊ុននានាតែងតែរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមរបៀបផ្សេងៗគ្នាមានជាអាទិ៍៖

១- រចនាសម្ព័ន្ធគ្រប់ទៅតាមមុខងារ (Functional Management Structure)

២- រចនាសម្ព័ន្ធគ្រប់ទៅតាមតំបន់ (Divisional Management Structure)

៣- រចនាសម្ព័ន្ធគ្រប់ទៅតាមគម្រោង (By Project Management Structure) និង

៤- រចនាសម្ព័ន្ធតាមបែបចម្រុះ ឬម៉ាទ្រិក្ស (Matrix Structure)
ចំពោះមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) វិញ ការគ្រប់គ្រងពីដំបូងក្រុមហ៊ុនបានរៀបចំការគ្រប់គ្រង តាមរបៀបងាយៗ គឺការគ្រប់គ្រងតាមមុខងារ ដែលជា របៀបនៃការចាត់តាំងធម្មតាបំផុត នៃរចនាសម្ព័ន្ធរបស់អង្គភាពដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនភាគច្រើន។ ក្រុមហ៊ុនរៀបចំការចាត់តាំងបុគ្គលិក និងក្រុមតាមមុខងារ ដោយយោងទៅតាមសកម្មភាពរបស់ពួកគេក្នុងអង្គភាព។

ក្នុងការប្រើរចនាសម្ព័ន្ធគ្រប់គ្រងតាមមុខងារនេះ ក្រុម-ហ៊ុនមេនូឡាយហ្វ៍ កម្ពុជា (Manulife Cambodia) ចាត់តាំងបុគ្គលិកទៅតាមនាយកដ្ឋានផ្សេងៗគ្នាចំនួន៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរួមរបស់អគ្គនាយកប្រតិបត្តិផ្ទាល់។ នាយកដ្ឋានទាំងនោះរួមមាន៖ នាយកដ្ឋានលក់ នាយកដ្ឋានអតិថិជន និងទីផ្សារ នាយកដ្ឋានភាពជាដៃគូ នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ នាយកដ្ឋានគណនាតម្លៃហានិភ័យ និងនាយកដ្ឋានហិរញ្ញវត្ថុ។

ដោយមានការរីកចម្រើន និងសន្ទុះនៃការគាំទ្រពី សំណាក់អតិថិជនក្រុមហ៊ុនមេនូឡាយហ្វ៍កម្ពុជា (Manulife Cambodia) បានពង្រីកសាខារបស់ខ្លួននៅតាមខេត្តចំនួន៥ បន្ថែមពីលើការិយាល័យកណ្តាលដែលមានទីតាំងនៅរាជធានីភ្នំពេញ។ សាខាទាំង៥របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ កម្ពុជា (Manulife Cambodia) មានទីតាំងនៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។

ជាងនេះទៅទៀត ក្រុមហ៊ុនមេនូឡាហ្វ៍កម្ពុជា (Manulife Cambodia) បានបង្កើតនូវទំនាក់ទំនងក្នុងភាពជាដៃគូជាមួយធនាគារចំនួន៥សម្រាប់ការចែកចាយសេវាកម្មធានារ៉ាប់រងរបស់ខ្លួន។ ធនាគារទាំង៥ រួមមាន៖ ធនាគារស្ថាបនា ធនាគារ អេ.ប៊ី.អេ (ABA Bank) ធនាគារស៊ីអាយអិមប៊ី (CIMB Bank) ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FIB Bank) និងធនាគារជេត្រាស់រ៉ូយ៉ាល់ (J-Trust Royal Bank)។

៣. សេក្តីសន្និដ្ឋាន

ការសិក្សានេះ ផ្តោតលើប្រទេសកម្ពុជាដែលជាប្រទេស កំពុងអភិវឌ្ឍ ហើយសេដ្ឋកិច្ចពឹងផ្អែកលើវិស័យផលិតកម្ម និងសេវាកម្មរួមទាំងកត្តានានា ដែលអនុគ្រោះដល់ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិដែលអនុគ្រោះដល់ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិលើវិស័យធានារ៉ាប់រងដែលជាទីផ្សារពឹងផ្អែកជាសំខាន់លើអ្នកមានចំណូលមធ្យម និងចំណូលខ្ពស់។

អន្តរជាតូបនីយ៍កម្មអាចផ្តល់អោយអាជីវកម្មនូវការចូលទៅកាន់ពិភពនៃឱកាស។ ការចាកចេញពីតំបន់សុខស្រួលរបស់ក្រុមហ៊ុន ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិអាចធ្វើឱ្យអាជីវកម្មរបស់គេកាន់តែរឹងមាំ ទទួលបានជោគជ័យ និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។

ជារួម ការពង្រីកអាជីវកម្មអន្តរជាតិ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ក្រុមហ៊ុន ពោលគឺមានន័យថា ការអភិវឌ្ឍ របៀបនេះអាចធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពដល់ការចែកចាយផលិតផល សេវាកម្ម និងប្រតិបត្តិការអាជីវកម្មទាំងមូល។

ជាងនេះទៅទៀត ការគ្រប់គ្រងបែបអន្តរជាតិតូបនីយ៍កម្ម តាមរយៈជម្រើសនៃការចូលទីផ្សារប្រទេសគោលដៅបែបក្រុមហ៊ុនបុត្រសម្ព័ន្ធ (Wholly-owned subsidiary-WOS) របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) បាននាំមកនូវការរីកចម្រើនដល់គ្រប់ភាគី ពាក់ព័ន្ធ៖ ទាំងក្រុមហ៊ុនទាំងអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និងទាំងរាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ក្រុមហ៊ុនផ្ទាល់ មេនូឡាយហ្វ៍ (Manulife) ទទួលបាននូវកំណើននៃប្រាក់ចំណូលតាមរយៈកំណើននៃចំនួនអតិថិជននៅក្នុងទីផ្សារថ្មី (កម្ពុជា) និងបន្ថយបាននូវហានិភ័យជាច្រើន ចំណែកប្រជាជនកម្ពុជា (អតិថិជន) ទទួលបាននូវផ្នត់គំនិតថ្មីក្នុងការគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈកម្មវិធីផ្សេងរបស់ក្រុមហ៊ុន មានជាអាទិ៍៖ ការសន្សំប្រាក់សម្រាប់ការអប់រំដល់បុត្រធីតានៅថ្ងៃអនាគត ការត្រៀមបម្រុងថវិកាហិរញ្ញវត្ថុសម្រាប់ការព្យាបាលនៅពេលជួបបញ្ហាសុខភាព ឬគ្រោះថ្នាក់ជាយថាហេតុ។ល។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលផលចំណេញតាមរយៈការទទួលបាននូវការរួមចំណែកពីផ្នែកឯកជនក្នុងការថែរក្សាសុខមាលភាពប្រជាជន និងចំណូលពីការបង់ពន្ធរបស់ក្រុមហ៊ុនសម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

គន្ថនិទ្ទេស

១. គេហទំព័រក្រុមហ៊ុនមេនូឡាយហ្វ៍ឆ្នាំ២០២០៖

https://www.manulife.com.kh/km/about-us/our-story/our-brand.html

២. រ៉ូប៊ឺត ចន អ៊ីលីយ៉ូត ឆ្នាំ២០១៧៖ បទសម្ភាសន៌ជាមួយអ្នកស្រាវជ្រាវ: ការធ្វើអន្តរជាតូបនីយ៍កម្មរបស់ក្រុមហ៊ុនមេនូវឡាយហ្វ៍ (Manulife) មកកាន់ព្រះរាជាណាចក្រកម្ពុជា។

៣. Huang Lin (2000) Choice of Market Entry Mode in Emerging Markets Journal of Global Marketing.

៤. ROBBINS DECENZO COUTLER (2008) Fundamental of Management- Essential Concepts and Applications 8th Edition PEARSON.