ទីបំផុត នាយករដ្ឋមន្ត្រីថៃ សម្រេចចិត្តចាក់វ៉ាក់សាំង AstraZeneca បន្ទាប់ពីលោកបានចម្រូងចម្រាសលុបចោលការចាក់វ៉ាក់សាំងកាលពីសប្តាហ៍មុន​

88

ថៃ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១៦ មីនានេះ បានសម្រេចចិត្តទៅចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ប្រភេទ AstraZeneca បន្ទាប់ពីគម្រោងចាក់វ៉ាក់សាំងរបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានលុបចោលភ្លាមៗ ព្រោះមានរឿងចម្រូងសម្រាសទាក់ទងនឹងផលប៉ះពាល់នៃវ៉ាក់សាំងត្រូវបានផ្ទុះឡើង។​

គេសង្កេតឃើញថា កាលពីសប្តាហ៍មុននេះ មានបណ្តាលប្រទេសជាច្រើននៅតំបន់អឺរ៉ុបនិងរួមទាំងប្រទេសថៃផង បានប្រកាសផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋ ព្រោះគេបានរកឃើញថា អ្នកដែលទទួលបានវ៉ាក់សាំងនេះរួចអាចប្រឈមនឹងការកើតមានបញ្ហាកកឈាមយ៉ាងឆាប់រហ័ស។

យ៉ាងណាក្តី ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានចេញមកអះអាងថា វ៉ាក់សាំងរបស់ខ្លួនគ្មានផលប៉ះពាល់នោះទេ តែអ្វីដែលជាបញ្ហានោះ គឺដោយសាអ្នកមកទទួលវ៉ាក់សាំងមានបញ្ហាសុខភាពខ្លួនឯងស្រាប់ និងព្យាយាមលាក់បាំងរឿងនេះទៅកាន់ក្រុមគ្រូពេទ្យដើម្បីទទួលបានវ៉ាក់សាំង ឬពេលខ្លះពួកគេមានសុខភាពទ្រុឌទ្រោមណាស់ទៅហើយ ក្នុងការទទួលបានវ៉ាក់សាំងតែក្រុមគ្រូពេទ្យមិនបានពិនិត្យសុខភាពពួកគេឲ្យល្អិតល្អន់នោះទេមុនពេលចាក់ ហើយជាលទ្ធផលទើបត្រូវធ្វើឲ្យពួកគេកើតមានប្រតិកម្មតែម្តងក្រោយទទួលបានវ៉ាក់សាំង។

ស្របពេលដែលប្រទេសមួយចំនួនបានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងនោះ ក៏នៅមានជាច្រើនទៀតនៅតែបន្តចាក់វ៉ាក់សាំង AstraZeneca ជូនពលរដ្ឋដដែល ព្រោះពលរដ្ឋនៅក្នុងប្រទេសទាំងនោះពុំបានកើតមានប្រតិកម្មណាមួយឡើយ។

បន្ទាប់ពីបានសិក្សាអំពីហេតុផលទាំងនេះហើយ ទើបលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តទៅចាក់វ៉ាក់សាំង AstraZeneca វិញ ហើយបើតាមគម្រោងការចាក់វ៉ាក់សាំងរបស់គាត់នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈផងដែរ៕