ចំណេះដឹង៖ យុវជន យុវនារី និងការកំណត់ជោគវាសនា និងអនាគតផ្ទាល់ខ្លួន!

379

ថ្ងៃនេះ សូមលើកយកអត្ថបទដ៏សំខាន់១ របស់ឯកឧត្តមបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមចំណងជើងថា #យុវជន យុវនារី និងការកំណត់ជោគវាសនា និងអនាគតផ្ទាល់ខ្លួន មកធ្វើការផ្សព្វផ្សាយចែករំលែកបន្ត ដើម្បីជាប្រយោជន៍ដល់យុវជន និងយុវនារីយើង។

អត្ថបទមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា យុវជន យុវនារី ខ្មែរ ត្រូវតែជាអ្នកកាច់ចង្កូត និងជាអ្នកកំណត់ជោគវាសនា/អនាគតរបស់ខ្លួន ដោយខ្លួនឯង និងការពារសេចក្តីប្រាថ្នា (ឬថាបំណង មហិច្ឆតា ឬគោលដៅ) មួយនេះឱ្យខាងតែបាន។

ការក្លាយជាអ្នកស្នងបន្តវេនល្អ ខ្លាំងពូកែ និងជោគជ័យ គឺទាមទារ៖

– ឧបនិស្ស័យ ឬចំណង់ពុះកញ្ជ្រោល (មហិច្ឆតា)
– សេចក្តីក្លាហាន ភាពអង់អាច មោះមុត និងការលះបង់ច្រើនបន្តិច…

ដើម្បីជម្នះបញ្ហា និងឧបសគ្គរារាំងទាំងឡាយ ហើយធ្វើឱ្យរឿង (សុបិន) ១នេះកើតមានឡើង។

អ្នកស្នងបន្តវេនល្អ ខ្លាំងពូកែ និងជោគជ័យ ជាទូទៅ គឺជាអ្នកកាច់ចង្កូត កំណត់ជោគវាសនា/អនាគតរបស់ខ្លួនគេ ដោយខ្លួនឯង។

ពួកគេ គឺជាអ្នក៖
– ជ្រើសរើសផ្លូវឱ្យខ្លួនឯងដើរ រាប់ទាំងការសេពមិត្តផង
– អារកាត់ (ឬនិយាយថា ឬត្រួសត្រាយផ្លូវដើរដោយខ្លួនឯង)

ដោយការ #ដាក់ទូរស័ព្ទចុះ និងជំនួសដោយការប្តេជ្ញាដ៏មុតមាំថា #ខ្ញុំត្រូវតែអានសៀវភៅ អានសៀវភៅល្អៗ អានដើម្បីបានដឹង បានយល់ បានច្បាស់រឿងអាទិភាពជាច្រើនដែលត្រូវដឹង និងដែលខ្ញុំមិនធ្លាប់បានដឹង។

អ្នកស្នងបន្តវេនល្អ ខ្លាំងពូកែ និងជោគជ័យ ឱ្យតម្លៃខ្ពស់ទៅលើការសិក្សា រៀនសូត្រឥតឈប់ឈរ និងជាពិសេស គឺការអាន។

ពួកគេយល់ និងច្បាស់ថា សៀវភៅគឺជាបណ្តុំ នៃចំណេះដឹង អានច្រើនកើនចំណេះ ការដឹង ការយល់ និងជួយឱ្យមានសមត្ថភាពខាងមើល និងឃើញរឿងល្អៗ រឿងអស្ចារ្យៗ រឿងស្រស់សោភា ដែលមនុស្សធម្មតាមើលមិនឃើញ។

អ្នកស្នងបន្តវេនល្អ ខ្លាំងពូកែ និងជោគជ័យ ជាទូទៅ៖

• ចង់ចេះចង់ដឹង និងប្រឹងប្រែងបង្កើនបញ្ញា/ភាពវៃឆ្លាត
• មោះមុតក្នុងការលះបង់រឿងមានផលប៉ះពាល់អវិជ្ជមាន
• លះបង់ភាពស្រណុកសុខស្រួល និងភាពសប្បាយ រួមទាំងការជួបជុំនានា
• បែងចែក និងប្រើប្រាស់ពេលវេលារបស់ពួកគេឱ្យមានតម្លៃ៖

– ដើម្បីអនុវត្តធ្វើរឿងត្រូវធ្វើ
– ប្រឹងប្រែងឱ្យអស់លទ្ធភាពធ្វើរឿងឆ្ពោះទៅគោលដៅ
– ដើម្បីរៀនសូត្រ និងអានបំប៉នវិជ្ជា។

ជាចុងក្រោយឯកឧត្តមបណ្ឌិត បានស្នើសុំឱ្យយុវជន យុវនារីខ្មែរ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រៀនអាន ដើម្បីអនាគតដ៏ល្អប្រសើររបស់ខ្លួន និងដើម្បីលើកតម្លៃគ្រួសារ រួមទាំងសង្គមជាតិផង។

បងប្អូនអាចចូលមើល និងអានអត្ថបទរបស់ឯកឧត្តមបណ្ឌិត តាមរយៈ ហ្វេសប៊ុកផេក បណ្ឌិត សួន រ៉ានី Dr. Suon Rany។

សូមសំណាងល្អ និងជោគជ័យទាំងអស់គ្នា