ចំណេះដឹង៖ ការអត់ធ្មត់ គឺជាគន្លឹះដើម្បីរីកចម្រើន និងជាអាវុធយកឈ្នះឧបសគ្គក្នុងជីវិត!

950

ថ្ងៃនេះ chnchannel សូមលើកយកអត្ថបទដ៏ល្អ១ របស់ឯកឧត្តមបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមចំណងជើងថា #ការអត់ធ្មត់ គឺជាគន្លឹះដើម្បីរីកចម្រើន និងជាអាវុធយកឈ្នះឧបសគ្គក្នុងជីវិត មកធ្វើការផ្សព្វផ្សាយចែករំលែកបន្ត ដើម្បីជាប្រយោជន៍ដល់មិត្តអ្នកតាមដាន chnchannel។

អត្ថបទមានខ្លឹមសារទាំងស្រុងដូចតទៅ៖
មនុស្សគ្រប់រូប និងប្រសិនបើ គាត់ជាឪពុកម្តាយ អាណាព្យាបាល ជាគ្រូ និងជាអ្នកដឹកនាំ អ្នកគ្រប់គ្រងផង គឺនៅក្នុងជីវភាពរស់នៅ ការធ្វើការងារ និងការធ្វើគ្រប់យ៉ាង ដើម្បីការបោះជំហានទៅមុខប្រកបដោយលទ្ធផលផ្លែផ្កា ឬថាដើម្បីសម្រេចបានគោលដៅជាក់លាក់ណា១ គឺជៀសមិនផុតឡើយពីជួបការលំបាក ឧបសគ្គ ការទើសរង្កៀសចិត្ត មិនសមដូចបំណង ឬក៏ថាការមិនពេញចិត្ត។ល។

នេះក៏ដោយសារថា អ្នកទាំងអស់គ្នា ធ្វើការជាមួយមនុស្ស មានតម្រូវការឱ្យមនុស្សជួយបំពេញការងារ និងចំណង់របស់ខ្លួន។ រីឯមនុស្ស (អាចនិយាយថាអ្នកក្រោមបង្គាប់ ឬអ្នកជុំវិញ) មិនមែនជាអ្នកទាំងអស់គ្នា ហើយក៏មិនដូចអ្នកទាំងអស់គ្នាដែរ។

ប្រឈមនឹងសភាពដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានការធ្វេសប្រហែស ទប់ចិត្ត និងអារម្មណ៍អត់បាន ហើយបញ្ចេញកាយវិការ សម្តីភាសានិយាយ ឬបញ្ចេញសកម្មភាពឆ្លើយតបដោយកំហឹង និងច្រងេងច្រងាង ពិតណាស់ បញ្ហា ការចងកំហឹង គំនុំ ការខឹងសម្បា ការស្អប់។ល។ នឹងផ្ទុះឡើង! នឹងកើតមានឡើង! ហើយរីកដុះដាលភ្លាម។

បើបញ្ហាបែបនេះ បានកើតមាន គុណភាពនៃទំនាក់ទំនង ការងារ និងការសម្រេចគោលដៅ គឺមានបញ្ហាហើយ ផលប៉ះពាល់ជាអវិជ្ជមានគឺកើតមានហើយ។

នេះបញ្ជាក់ថា បើអ្នកទាំងអស់គ្នា មិនចេះ ឬមិនអាចអត់ធ្មត់ ការរីកចម្រើនពិតជាពិបាកកើតមានខ្លំាងណាស់ និងឧបសគ្គក្នុងជីវិត ក៏មានកាន់តែច្រើនដែរ។ អ្នកទាំងអស់គ្នា នឹងជួបព្យុះ ជួបភ្លៀង ជួបភាពរអាក់រអួល មិនរលូន និងជួយឧបសគ្គរាប់មិនអស់។

មានតែការអត់ធ្មត់ ស៊ូទ្រាំ ខាំមាត់សង្កត់ចិត្តមិននិយាយ មិនបញ្ចេញកាយវិការ ឬធ្វើអ្វីតាមចិត្តចង់ និងទប់អារម្មណ៍កុំឱ្យឆេវឆាវ។ល។ ទប់ឱ្យបាន ទើបអ្នកទាំងអស់គ្នា អាចពង្រឹងការងារតាមវិជ្ជាជីវៈ តាមចំណង់ឱ្យឈានឡើង និងទទួលបានជោគជ័យ។

ដើម្បីយកឈ្នះលើចិត្ត និង #ការអត់ធ្មត់ ជាពិសេសនៅពេលបញ្ហា ឬការទើសរង្កៀសចិត្ត មិនសមដូចបំណង ឬក៏ថាការមិនពេញចិត្តកើតមានឡើង អ្នកទាំងអស់គ្នា អាចសិក្សា និងពិនិត្យពិចារណាលើយោបល់ដូចខាងក្រោមនេះ។

សូមនឹកឱ្យឃើញភ្លាមថា៖
• ខឹងខុស ខឹងខាត ខឹងនាំអន្តរាយ
• ឡូឡាស្តីបន្ទោសច្រើន កើនសត្រូវ និងការស្អប់
• មនុស្សមិនមែនខ្ញុំ ធ្វើម៉េចដូចខ្ញុំកើត
• អ្នកជោគជ័យ គឺជាអ្នកចេះធ្វើជាមិនឃើញ មិនដឹង មិនឮច្រើនបន្តិច
• ខ្ញុំត្រូវតែចេះឱ្យអភ័យឱ្យបានច្រើនបន្តិច
• ខ្ញុំមិនត្រូវបំផ្លាញខ្លួនឯង ដោយសារអណ្តាត និងទង្វើរបស់ខ្ញុំឡើយ។

បន្ទាប់មក គឺ៖
១- តាំងធ្វើការទប់ចិត្តឱ្យខាងតែបាន
២- ធ្វើអារម្មណ៍ឱ្យស្ងប់ត្រជាក់ដោយព្យាយាមដកដង្ហើមឱ្យបានវែងៗ
៣- រិះគិតភ្លាមៗថាខ្ញុំត្រូវធ្វើម៉េចទើបល្អ?
៤- បើរកឃើញវិធីល្អត្រូវធ្វើហើយ គឺធ្វើភ្លាម (តែត្រូវចេះបត់បែន និងប្រុងប្រយ័ត្នបន្តិច)។
៥- បង្វឹកខ្លួនបន្តិចម្តងៗ និងផ្តើមពីក្នុងគ្រួសាររបស់ខ្លួន
៦- តាមដាន ដាស់តឿនខ្លួនឯង និងកែលម្អជាប់ជាប្រចាំ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត បានសំណូមពរឱ្យបងប្អូនមិត្តអ្នកតាមដាន chnchannel ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ខំរៀន ខំអាន ដើម្បីបង្កើនទុនសម្រាប់ជីវិត។ ការយកឈ្នះលើចិត្ត និងបង្កើត #ការអត់ធ្មត់ បាន… ជីវិត និងការងាររបស់បងប្អូន គឺអាចដំណើរការទៅមុខបានរលូន មិនសូវជួបឧបសគ្គ និងជោគជ័យ។

បងប្អូនអាចចូលមើល និងទទួលយកចំណេះដឹងបន្ថែមតាមរយៈហ្វេសប៊ុកផេក៖ បណ្ឌិត សួន រ៉ានី Dr. Suon Rany។

សូមសំណាងល្អ និងជោគជ័យទាំងអស់គ្នា៕