សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់មន្ទីរពេទ្យ «ហ្លួងម៉ែ»

96

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសប្រទានព្រះរាជសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ មន្ទីរពេទ្យ «ហ្លួងម៉ែ»

ព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា ដោយបានទទួលនូវលិខិតចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ របស់សម្តេចអគ្គមហាសេនាបតីតេជោ បានទិញយកមន្ទីរពេទ្យ “នគរទេព” ហើយប្តូរ ឈ្មោះមន្ទីរពេទ្យនេះ ដាក់ថាមន្ទីរពេទ្យ “ហ្លួងម៉ែ”។ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់ និងសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះការខិតខំបំពេញភារកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងសមាជិក-សមាជិកា ដ៏ឧត្តុង្គឧត្តមទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»

សម្តេចម៉ែមានព្រះបន្ទូលក្នុងព្រះរាជសារបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ ក្នុងបរិការណ៍កូវីដ-១៩ នូវវិធានការផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពជូនប្រជារាស្ត្រកម្ពុជា នៅទូទាំងប្រទេស»៕