ខេត្តកំពត នឹងត្រូវលេចចេញនូវក្រុងថ្មីមួយបន្ថែមទៀត ដោយកាត់យកឃុំចំនួន៣ បង្កើតជាក្រុង”បូកគោ”

149

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញចេញអនុក្រឹត្យ សម្រេចបង្កើតក្រុងថ្មីមួយបន្ថែមទៀត នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ បង្កើតទៅជាក្រុងបូកគោនាពេលខាងមុខនេះ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានកំណត់នូវចំណុចធំៗ ក្នុងការបង្កើតក្រុងខាងលើរួមមាន៖

១/. ត្រូវបានបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

២/. ក្រុងបូកគោ មានសង្កាត់ចំនួន០៣គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។

៣/. ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ណោះ។

៤/. ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕