ចំណេះដឹង៖ ហេតុអ្វីមនុស្សគ្រប់ៗរូបត្រូវបង្កើតទម្លាប់អាន! អានដើម្បីខ្លួនយើង និងគ្រួសារយើង! អានដើម្បីមានឱកាសចូលរួមជួយស្ថាប័ន/អង្គភាពយើង សហគមន៍យើង និងសង្គមជាតិយើង 

270

ថ្ងៃនេះ chnchannel សូមលើកយកអត្ថបទដ៏ល្អ១ របស់ឯកឧត្តមបណ្ឌិត សួន រ៉ានី ក្រោមចំណងជើងថា ហេតុអ្វីមនុស្សគ្រប់ៗរូបត្រូវបង្កើតទម្លាប់ (ឬវប្បធម៌) អាន! អានដើម្បីខ្លួនយើង និងគ្រួសារយើង! អានដើម្បីមានឱកាសចូលរួមជួយស្ថាប័ន/អង្គភាពយើង សហគមន៍យើង និងសង្គមជាតិយើង មកធ្វើការផ្សព្វផ្សាយចែករំលែកបន្ត។

អត្ថបទមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ការអាន មិនថាការអានសៀវភៅ ទស្សនាវដ្តី អត្ថបទប្រលោមលោក អត្ថបទល្អៗ ឬព័ត៌មានមានប្រភពជាក់លាក់។ល។ នោះទេ គឺសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកបង្កើតចំណេះដឹង និងសម្មាទិដ្ឋិអំពីជីវិត ការងារ ការចូលរួមក្នុងកិច្ចការសង្គម មនុស្សធម៌ និងការកសាងអនាគត។

ដើម្បីសម្រេចបានគោលដៅ១នេះ បងប្អូនទាំងអស់គ្នា និងខ្ញុំ មិនថាយើងទាំងអស់គ្នាជានរណា និងធ្វើការងារអ្វីនោះទេ (ជាមន្ត្រីរាជការ ទាំងក្នុងក្របខណ្ឌស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ) ជាបុគ្គលិក និយោជិត ពាណិជ្ជករ អាជីវករ និងជាអ្នករកចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។ល។ គួរតែប្រមូលផ្តុំចិត្តគំនិត និងថាមពល ងាកមកធ្វើកិច្ចការដ៏សំខាន់១នេះ និងចាប់ផ្តើមពីការជ្រើសរើស ឬជ្រើសសម្រាំងយកសៀវភៅ អត្ថបទល្អៗ ឬព័ត៌មានមានប្រភពជាក់លាក់មកអាន។

សម្រាប់បងប្អូនដែលមានទម្លាប់អានរួចហើយ មិនជាបញ្ហាអីទេ ប៉ុន្តែ សម្រាប់បងប្អូនដែលមិនសូវបានអាន ដោយសារហេតុផលផ្សេងៗពាក់ព័ន្ធនឹងជីវភាព ជីវិត ការងារ។ល។ និង។ល។ អាចថាពិបាកបន្តិច។

មិនបញ្ហាទេ! គ្មានអ្វី១ ដែលមនុស្សធ្វើមិនបាននោះឡើយ ប្រសិនបើ មនុស្សចាប់អារម្មណ៍ យល់ថាពុទ្ធិបានមកដោយសារការអាន ពុទ្ធិសំខាន់ខ្លាំងណាស់សម្រាប់ការបង្កើតតម្លៃនៃជីវិត និងតាំងប្តេជ្ញាចិត្តថា គាត់ត្រូវតែធ្វើឱ្យបាន មានន័យថា គាត់ត្រូវតែមានពុទ្ធិ និងអានដើម្បីបង្កើតពុទ្ធិ។

បញ្ជាក់៖ មនុស្សនឹងយល់ថាពុទ្ធិសំខាន់ ហើយបង្កើត បង្កើនការអាន ដរាបណាសង្គមផ្តល់តម្លៃយ៉ាងពិតប្រាកដទៅលើពុទ្ធិ និងលើកទឹកចិត្តមនុស្សគ្រប់ៗរូប ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងខំអាន។

ទោះជាយ៉ាងណាក៏ដោយ ក៏ពុទ្ធិនៅតែសំខាន់ និងមានតម្លៃខ្ពស់បំផុតសម្រាប់ជីវិត ជីវភាព ការងារ និងអនាគតនៃមនុស្សម្នាក់ៗ។

បែបនេះ សូមបងប្អូនទាំងអស់គ្នា ចាប់ផ្តើមបង្វឹកចិត្ត និងអារម្មណ៍របស់ខ្លួនឱ្យស្រឡាញ់ និងចូលចិត្តការអាន។ អានរាល់ថ្ងៃ អានបន្តិចម្តងៗ ដូចដែលយើងមានតម្រូវការបរិភោគ និង,ឬពិសារអញ្ចឹង។ អានរហូតក្លាយជាទម្លាប់។

ការអាន មិនបានជួយយើងឱ្យក្លាយជាអ្នកមាន ឬជាសេដ្ឋីអីភ្លាមនោះទេ ក្នុងថ្ងៃនេះ ប៉ុន្ដែ ការអាន ជួយយើងទាំងអស់គ្នាឱ្យមានពុទ្ធិ មានន័យថា មានការចេះដឹងកាន់តែច្រើន និងកាន់តែទូលំទូលាយ មានគំនិតផ្តួចផ្តើម មានសមត្ថភាពត្រិះរិះ ពិចារណា និងមានសមត្ថភាពធ្វើកិច្ចការសព្វសារពើបានល្អប្រសើរ។

ពុទ្ធិដែលយើងម្នាក់ៗមាននេះហើយ ដែលនឹងជួយយើងឱ្យដើរលើផ្លូវត្រូវ និងផ្លូវចាំបាច់ ដើម្បីគុណភាព-ឧត្តមភាពនៃជីវិត។

ការអាន មិនត្រឹមតែជាគន្លឹះ១ ជួយបង្កើតគុណភាព-ឧត្តមភាពនៃជីវិតរបស់បុគ្គលយ់ងម្នាក់ៗនោះទេ តែថែមទាំងជួយខ្លាំងណាស់ដល់ការអភិវឌ្ឍសង្គមជាតិ។

សង្គម១ខ្លាំង គឺជាសង្គមដែលមានប្រជាជនអានច្រើន ចេះច្រើន យល់ដឹងច្រើន ចេះមើលឃើញច្រើន និងច្បាស់ពីតម្លៃនៃសីលធម៌ សច្ចធម៌ និងគុណធម៌។

សូមបង្កើតទម្លាប់ (ឬវប្បធម៌) អាន! អានដើម្បីខ្លួនយើង គ្រួសារយើង សហគមន៍យើង និងដើម្បីសង្គមជាតិយើង។

ជាចុងក្រោយឯកឧត្តមបណ្ឌិត បានសំណូមពរឱ្យបងប្អូនមិត្តអ្នកតាមដាន chnchannel៖

១- ទទួលស្គាល់តម្លៃនៃពុទ្ធិសម្រាប់ជីវិត ជីវភាព ការងារ និងអនាគតដ៏ល្អប្រសើររបស់ខ្លួនឯង និងការចូលរួមជួយដល់ការអភិវឌ្ឍសង្គមជាតិ

២- ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន តាមរយៈការបង្កើតទម្លាប់ (ឬវប្បធម៌) អាន! អានដើម្បីខ្លួនយើង និងគ្រួសារយើង! អានដើម្បីមានឱកាសចូលរួមជួយស្ថាប័ន/អង្គភាពយើង សហគមន៍យើង និងសង្គមជាតិយើង។

បងប្អូនអាចចូលមើល និងទទួលយកចំណេះដឹងបន្ថែមតាមរយៈហ្វេសប៊ុកផេក៖ បណ្ឌិត សួន រ៉ានី Dr. Suon Rany។

សូមសំណាងល្អ និងជោគជ័យទាំងអស់គ្នា