ការឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមកុមារនៅក្នុងប្រទេសម៉ាឡេស៊ីបង្កឱ្យមានការព្រួយបារម្ភខ្លាំង

192

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី លោក Ismail Sabri Yaakob បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​នោះ​ថា ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​កុមារ និង​ទារក គឺជា​មូលហេតុ​នៃ​ការព្រួយបារម្ភ ដោយសារ​ពួកគេ​បាន​ក្លាយជា​ក្រុម​មាន​ហានិភ័យ​បំផុត​បន្ទាប់ពី​ក្រុមមនុស្ស​ចាស់​។​

​លោក​បាន​និយាយថា រហូតមកដល់​ពេលនេះ​មាន​កុមារ និង​ទារក​ចំនួន ៤៨ ២៦១​នាក់​នៅ​ទូទាំងប្រទេស​បាន​ឆ្លង​ជំងឺ​នេះ ដោយ​ក្នុងចំណោម​នោះ​មាន​ទារក​ចំនួន ៦ ២៩០​នាក់​ដែលមាន​អាយុ​ក្រោម ១៨​ខែ​។​

​អ្នកតំណាង​មូលនិធិ​បន្ទាន់​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​អ្នកតំណាង​ពិសេស​របស់​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម វេជ្ជបណ្ឌិត Rashed Mustafa Sarwar បាន​និយាយថា សាធារណៈជន​ត្រូវ​បន្ត​ស្វែងរក​វិធី​ថ្មី និង​ច្នៃប្រឌិត​ដើម្បី​ការពារ​កុមារ​នៅក្នុង​ប្រទេស​នេះ​។​

​លោក​វេជ្ជបណ្ឌិត Rashed បាន​និយាយ​នៅក្នុង​គណនី​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់លោក​ថា «​អនាគត​កុមារ​រាប់លាន​នាក់​ពឹង​ផ្អែកទៅលើ​សកម្មភាព​ដែល​យើង​ធ្វើ​នៅថ្ងៃនេះ​។ យើង​ត្រូវ​រួមគ្នា​ដើម្បី​រក្សា​សុវត្ថិភាព​ពួកគេ​»​។​

​ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា គឺមាន​ចំនួន ៧ ៤៧៨​នាក់​កាលពី​ថ្ងៃទី ២៦ ខែឧសភា​។ តួលេខ​នេះ​បានធ្វើឱ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​នៅក្នុង​ប្រទេស​នេះ​មាន​ចំនួន ៥៣៣ ៣៦៧​នាក់ និង​មាន​អ្នកស្លាប់​សរុប​ចំនួន ២ ៤៣២​នាក់​។​

​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង ២,៥៨​លាន​ដូ​សត្រូវ​បានផ្តល់​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​រហូតមកដល់​ពេលនេះ ដោយមាន​ប្រជាជន​ចំនួន ៩៣៥ ៨៦៥​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ២​ដូ​ស​រួចហើយ តាមរយៈ​កម្មវិធី​ជាតិ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩៕