ពលករប្រុសស្រីចំនួន ១០នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ ត្រូវកម្លាំងប៉ុស្តិ៍​ការពារព្រំដែនគោកឃាត់ខ្លួន…

164

បន្ទាយ​មាន​ជ័យ៖ ពលករប្រុសស្រីចំនួន ១០នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ប្រាសាទត្បែង នៃនគរបាលការពារព្រំដែនគោកលេខ៨០៧​ ឃាត់ខ្លួន បន្ទាប់ពីពលករទាំង ១០នាក់ខាងលើ បម្រុងនឹងឆ្លងដែនខុសច្បាប់ ជិតព្រំដែនខាងកើតភូមិប្រាសាទត្បែង ប្រហែល៣គីឡូម៉ែត្រ ក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក កាលពីរសៀលថ្ងៃទី៩ មិថុនា ២០២១ ។

តាមការសាកសួរពីកម្លាំងការពារព្រំដែនគោកលេខ៨០៧ នឹងតាមចំលើយសារភា​ពពីពលករខាងលើបានបញ្ជាក់ថា ពួកគេទាំង១០នាក់គឺមកពីខេត្តចំនួន៤ផ្សេងគ្នា គឺខេត្តបន្ទាយមានជ័យ,បាត់ដំបង,ពោធិ៍សាត់ និងត្បូងឃ្មុំ។

ក្រោយការឃាត់ខ្លួននិងសាកសួររួច ពលករទាំង១០នាក់ខាងលើ ត្រូវបាន​ប្រគល់ទៅខាងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកថ្មពួក ដើម្បីសាកសួរបន្ត។

លោកអធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់បន្ថែមថា ក្រោយពីលោកទទួលបន្តពីខាងនគរបាលការពារព្រំដែនគោក​ លោកក៏បានឲ្យខាងជំនាញក្រោមឱវាទសាកសួរ និងធ្វើកំណត់ហេតុ បន្ទាប់មកក៏បានអប់រំណែនាំមិនឲ្យឆ្លងដែនខុសច្បាប់ ព្រោះពេលជួបបញ្ហាណាមួយលើទឹកដីគេ និងគ្មានអ្នកទទួលខុសត្រូវឡើយ ហើយបានឲ្យពួកគេធ្វើកិច្ចសន្យាបន្ទាប់មកបានណែនាំឲ្យត្រឡប់ទៅធ្វើចត្តាឡីស័កឯស្រុកកំណើតរៀងខ្លួនៗ៕