កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) ចំនួន ៣៩ករណីបន្ថែមទៀត 

147

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2  (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

មេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។

ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។

មេរោគកូវីដ១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ៕