ពលករខ្មែរនៅថៃ​ ត្រូវពន្យារពេលត្រឡប់មកកម្ពុជា ​រហូតដល់ការបិទខ្ទប់ខេត្តទាំង​៨​បានបញ្ចប់

191

ពលករខ្មែរទាំងអស់​ដែលរស់នៅព្រះរាជាណាចក្រថៃឡង់ដ៍​ត្រូវពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន​មកកាន់ប្រទេសកម្ពុជា​រហូតដល់មានការបិទខ្ទប់ខេត្តត្រូវបានបញ្ចប់។​នេះបើតាមការបញ្ជាក់នៅក្នុងប្រការ​៧​នៃសារាចរ​ស្តីពី​ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ​និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩​នៅថ្ងៃទី​២៨​កក្កដា​ឆ្នាំ២០២១។

យោងតាមសារាចរខាងលើ​ដោយសារខេត្តដែលត្រូវបានបិទខ្ទប់​ភាគច្រើនមានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៍​និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង​និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩​ប្រភេទដែលតា​(Delta)​ក្នុងខេត្តដែលត្រូវបានបិទខ្ទប់​ប្រគល់ភារកិច្ចជូនក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ​ដើម្បីបិទព្រំដែនជាបណ្ដោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល​លើកលែងតែការដឹកជញ្ជូនទំនិញ​និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច​ជាអាទិ៍​ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​និងក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ត្រូវសហការគ្នា​ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់​បណ្តាខេត្តកម្ពុជាដែលមានព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍​ព្រមទាំងសម្របសម្រួលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចថ​ដើម្បីផ្ដល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅព្រះរាជាណាចក្រថៃឡង់ដ៍​ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែររស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ដែលមានបំណងវិលត្រឡប់មក​ព្រះរាជាណាចក្រកម្ពុជាវិញ​ឱ្យពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន​រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

បន្ថែមពីនេះ​គណៈអភិបាលខេត្តនៃខេត្តជាប់ព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍​ត្រូវបង្កើន​កិច្ចសហការ​និងការសម្របសម្រួលជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រថៃឡង់ដ៍​ដែលជាសមភាគីរបស់ខ្លួន​ដើម្បីធានាដល់ការអនុវត្តនូវបណ្តាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់​៕