សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវរឹតបន្ដឹងត្រួតពិនិត្យ កន្លែងមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩

161

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញ ការហាមឃាត់ ឬរឹតបន្ដឹងត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

តាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេស សម្រាប់រយៈពេល១៤ ចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងរយៈពេលនៃការអនុវត្តយុទ្ធនាការនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញ ការហាមឃាត់ ឬរឹតបន្ដឹងការត្រួតពិនិត្យ និងការរៀបចំ របៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ផ្សារនិងទីកន្លែងលក់ដូរ គ្រឿងឧបភោគបរិភោគ និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំង ទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធី ប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ដនានា និងត្រូវហាមឃាត់មិនឱ្យ បើកដំណើរការ ចំពោះផ្សារឬទីតាំងណា ដែលមិនរៀបរយ ឬដែលមិនធានាបាន នូវវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល»។

សម្ដេចតេជោ បន្ដថា អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យ បានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាម កម្រិតនៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រ ដែលស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន សំដៅគ្រប់គ្រង កន្លែងដែលមានការផ្ទុះឆ្លង និងកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺនេះ ទាំងក្នុងភូមិសាស្ដ្រ ដែលត្រូវបិទខ្ទប់ និងតំបន់ផ្សេងៗទៀត តាមរយៈអភិក្រម នៃការគ្រប់គ្រង ដោយបែងចែកជា «តំបន់ក្រហម» សម្រាប់ភូមិសាស្ដ្រ ដែលមានកម្រិត នៃការឆ្លងរាលដាល ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឬ «តំបន់លឿងទុំ» សម្រាប់ភូមិសាស្ដ្រដែលមានកម្រិតនៃការឆ្លងរាលដាលមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឬ «តំបន់លឿង» សម្រាប់ភូមិសាស្ដ្រ ដែលមានកម្រិត នៃការឆ្លងរាលដាលស្រាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំ ដល់អភិបាលរាជធានី-ខេត្ត ជាពិសេស បណ្ដាអភិបាលខេត្តជាប់ព្រំដែន ត្រូវចាត់ទុកការទប់ស្កាត់ ឬកាត់ផ្ដាច់ ការឆ្លងរាលដាល នូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍ ជាអាទិភាពចម្បង និងជាការទទួលខុសត្រូវខ្ពស់បំផុតរបស់ខ្លួន ដែលការដាក់ចេញវិធានការនានា ត្រូវតែមានភាពម៉ឹងម៉ាត់ និងឆាប់រហ័ស៕