ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បម្លែងខ្លួនថ្មី Delta ៣៦ករណីបន្ថែមទៀត

145

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៣៦ករណីបន្ថែមទៀត កាលពីថ្ងៃទី០៣ ខែសីហា ម្សិលមិញនេះ។ ក្នុងនោះរាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ ស្ត្រី ១២៥នាក់។

ក្រសួងសុខាភិបាល បានលើកឡើងថា តាមរយៈទិន្នន័យនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩។ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំ ទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា» តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕