អត្ថប្រយោជន៍ចំពោះសុខភាពពីការហូបផ្លែ ឈើរី មានពាក់ព័ន្ធ ទម្ងន់ បេះដូង និងមហារីក

ផ្លែឈើរី ច្រើននាំចូលពីក្រៅស្រុកតែប៉ុណ្ណោះ និងភាគច្រើនអាចរកទិញបាននៅតាមផ្សារទំនើប តែតម្លៃរាងនៅខ្ពស់បន្តិច។

ផ្លែឈើនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែប រាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីទៀតផង ដែលធ្វើឲ្យវាជាផ្លែឈើមួយដ៏ល្អខ្លាំងសម្រាប់សុខភាព។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងទទួលបានពីការហូបផ្លែ ឈើរី៖
១. ជួយដល់ការសម្រកទម្ងន់

ផ្លែ ឈើរី មិនត្រឹមមានកាឡូរីតិចទេ  អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វាក៏ជួយកាត់បន្ថយកំហាប់ខ្លាញ់នៅក្នុងឈាមដែរ។

ការសិក្សាស្រាវជ្រាវ ដោយតេស្តទៅលើសត្វកណ្តុរពីរក្រុម។ មួយក្រុមគេបានផ្តល់របបអាហារ ដែលមានរួមបញ្ចូលផ្លែឈើរី រីឯមួយក្រុមទៀតទទួលបានរបបអាហារដូចគ្នា ប៉ុន្តែពុំមានផ្លែឈើរីឡើយ។ ជាលទ្ធផលបង្ហាញថាសត្វកណ្តុរមួយក្រុមដំបូងនោះ (មានឈើរី) ពុំមានឡើងទំងន់ ឬកើនឡើងខ្លាញ់តាមសរសៃឈាម និង ក្បាលពោះ ដូចកណ្តុរមួយក្រុមទៀត ដែលមិនបានទទួលផ្លែឈើរីក្នុងរបបអាហារឡើយ។

២. ជំរុញសុខភាពបេះដូង

សារធាតុប្រឆាំងជាតិពុលទទួលបានពីផ្លែឈើរី ត្រូវបានគេសិក្សាឃើញថា វាបានជួយយ៉ាងខ្លាំងទៅដល់សុខភាពប្រព័ន្ធរបត់ឈាម។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ផ្លែឈើរី អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

សារធាតុសរសៃ និងសារធាតុអង់តូស៊ីយ៉ានីន (Anthocyanin) ទទួលបានពីផ្លែឈើរី ក៏បានជួយជំរុញយ៉ាងខ្លាំងដល់សុខភាពនៃបេះដូងដែរ ដោយការកាត់បន្ថយកម្រិតកូលេស្តេរ៉ុលមិនល្អ និងបង្កើនកូលេស្តេរ៉ុលល្អ។ កត្តានេះមិនត្រឹមផ្តល់ផលវិជ្ជមានដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាមទៀតផង។

៣. ប្រឆាំងនឹងជំងឺមហារីក

ម៉ូលេគុលនៃរ៉ាឌីកាល់សេរី ត្រូវបានគេសិក្សាឃើញថា វាជាភ្នាក់ងារមួយដ៏ចំបងដែលបង្កជំងឺទូទៅសព្វថ្ងៃនេះ។ ម៉ូលេគុលនេះអាចផលិតផ្ទាល់ដោយកោសិកាយើង និង ទទួលបានពីខាងក្រៅ។ វាអាចមានឥទ្ធិពលបំផ្លិចបំផ្លាញកោសិកាយ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផល វាអាចបង្កជំងឺមួយចំនួនដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេងវង្វាន់។

ទោះបីយ៉ាងណា សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីដូចជា Anthocyanin ជាដើម ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងឥទ្ធិពលរបស់ពួកវា និងប្រឆាំងជាមួយការរលាកផ្សេងៗទៀត។ នេះជាមេកានិចមួយដ៏ចំបងក្នុងការបង្ការនឹងការលូតលាស់នៃដុំសាច់មហារីក។

ការធ្វើតេស្តសាកល្បងទៅលើសត្វកណ្តុរ និងមនុស្សបានឱ្យដឹងថា សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី បានកាត់បន្ថយហានិភ័យនៃការលូតលាស់កោសិកាមហារីកផ្សេងៗ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកពោះវៀនធំរបស់មនុស្សទៀតផង។

ជាពិសេសទៅទៀត ការហូបផ្លែឈើរី ប្រៀបបានដូចជាថ្នាំធម្មជាតិទប់ទល់នឹងហានិភ័យនៃជំងឺភ្នែកមួយចំនួន ដោយសារឥទ្ធិពលរបស់វាក្នុងការប្រឆាំងនឹងរ៉ាឌីកាល់សេរីនេះឯង៕

អត្ថបទដែលជាប់ទាក់ទង