សម្រាប់អ្នកដែលមាន ជម្ងឺថ្លើម-ក្រពះ-ពោះវៀន លែងបារម្ភហើយ នឹងមានឱកាសព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ ទន្ទឹមនឹងការផ្តល់សេវាពិនិត្យព្យាបាល កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របពេលជាមួយនឹងការអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធ ធនធានមនុស្សកម្រិតឯកទេស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ទីរពេទ្យកាល់ម៉ែត បានបន្តអភិវឌ្ឍន៍មួយជំហ៊ានថ្មីទៀត ជាមួយដៃគូសហប្រតិបត្តិការ ផ្នែកឧបករណ៍វេជ្ជសាស្រ្តលំដាប់ខ្ពស់កម្រិតចុងក្រោយ សម្រាប់ជំនាញឯកទេសព្យាបាលជំងឺ ថ្លើម-ក្រពះ-ពោះវៀន ដែលមានទឹកប្រាក់សរុប៤៣០០០០ដុល្លារ។

មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ឧបករណ៍វេជ្ជសាស្រ្តថ្មី ម៉ូដែល Endoscopy CV190 នេះ មានសមត្ថភាពពិសេស អាចធ្វើរោគវិនិច្ឆ័យបានច្បាស់ពីជំងឺក្រពះ-ពោះវៀន ថែមទាំងអាចឆ្លុះឃើញជំងឺមហារីកតំណាក់កាលដំបូង និងកោសិកាដែលបម្រុងបំលែងខ្លួនជាកោសិកាមហារីកយ៉ាងប្រាកដថែមទៀត។

ម៉ាស៊ីននេះ បានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាពិសេស ដែលអាចឱ្យយើងមើលរូបភាពបានយ៉ាងច្បាស់ និងអាចមានសមត្ថភាពង្រីករូបភាពដូចជា អតិសុខុមទស្ស (Microscope) បូករួម និងបច្ចេកវិទ្យាពន្លឺ NBI ដែលអាចបែងចែកពណ៌ក្រហមដាច់ពីពណ៌ផ្សេងទៀត ក្នុងជម្រៅស្រទាប់សាច់ក្រពះ-ពោះវៀន ព្រមទាំងសរសៃឈាមតូចៗថែមទៀតផងដែរ។

ម៉្យាងវិញទៀត ម៉ាស៊ីនថ្មីនេះ មានបំពាក់បន្ថែមនូវប្រព័ន្ធឧស្ម័ន ដែលមានលក្ខណៈពិសេសកាត់បន្ថយជាអតិបរមានូវហានិភ័យក្នុងប្រតិបត្តិការ ពិនិត្យនិងព្យាបាលដោយបច្ចេកវិទ្យាទំនើប។

ធនធានមនុស្សដ៏ជំនាញគួបផ្សំនឹងលក្ខណៈពិសេសជាច្រើនទៀត ម៉ាស៊ីនដ៏ទំនើបនេះ នឹងជួយបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជាយើង ឲ្យមានឱកាសព្យាបាល បានប្រកបដោយប្រសិទ្ធភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនៅបណ្តាប្រទេសជឿនលឿនលើសកលលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង