ឯកឧត្ដម គង់ វិបុល អញ្ជើញចូលរួម ក្នុងវេទិកាពន្ធដារកម្ពុជា-កូរ៉េស្តីពី «ការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ»

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពី ភាពរីកចម្រើននានានាប្រទេសកម្ពុជា ជាពិសេសលើវិស័យពន្ធដារ។ ជាក់ស្ដែងលោកបានលើកឡើងពី វត្តមានវិនិយោគិនកូរ៉េ ដែលបានចូលមកវិនិយោគនៅកម្ពុជា ការចូលមកវិនិយោគនេះបានរួមចំណែក អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចនៅកម្ពុជាថែមមួយកំរិតទៀត។

ការលើកឡើងបែបនេះរបស់ឯកឧត្ដម គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងវេទិកាពន្ធដារកម្ពុជា-កូរ៉េស្តីពី «ការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ» រៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងនោះក៏មានការចូលរួមពីលោក Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំក្រកម្ពុជា លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) លោកប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា តំណាងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមន្ត្រីពន្ធដារ និងជាតំណាងសហគ្រាសកូរ៉េជាច្រើននាក់។

វេទិកានេះបានរៀបចំជាលើកទី២ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា។

លោក គង់ វិបុល បានលើកឡើងថា «វត្តមានរបស់វិនិយោគិនកូរ៉េ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួល និងជំរុញការប្រកួតប្រជែង ដោយស្មើរភាពក្នុងចំណោមក្រុមហ៊ុន-សហគ្រាសនានាថែមទៀតផង»។

លោកបន្ដទៀតថា រយៈពេល៦ឆ្នាំកន្លងមកនេះអគ្គនាយកដ្ឋានពន្ធដារ បានខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ ទាំងរដ្ឋបាលបាលសារពើពន្ធ និងការធ្វើទំនើបកម្មពន្ធដារ ព្រមទាំងកែលម្អនូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារមួយចំនួន ដោយអនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ព្រមទាំងការចូលរួម របស់សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ។

លោកបន្ដថា ជាគោលដៅក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៩-២០២៣ អគ្គនាយកដ្ឋានពន្ធដារនឹងមានគោលបំណងសំខាន់ផ្តោតលើកត្តាច្រើនដូចជា៖
១៖ ធានាបានចីរភាពកំណើនចំណូល, ទី២៖ ចីរភាពកំណើនសេដ្ឋកិច្ច, ទី៣៖ ប្រកួតប្រជែងដោយស្មើរភាពគ្នា និងទី៤៖ យុត្តិធម៌សង្គម។

លោកថា អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋកូរ៉េបាននិងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពន្ធដារ ចែករំលែកចំណេះដឹង និងមេរៀនបទពិសោធន៍ល្អៗ ក្នុងន័យពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវរដ្ឋបាលសារពើពន្ធកម្ពុជាបន្ថែមទៀត។

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានជំរុញ និងលើកទឹកចិត្តឱ្យមានការរៀបចំវេទិកាបែបនេះជាបន្តបន្ទាប់ ដើម្បីពង្រឹងព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការ ផ្តល់សេវាជូនអ្នកជាប់ពន្ធស្តាប់នូវរាល់បញ្ហាប្រឈម និងការលំបាកនានា ព្រមទាំងទទួលបាននូវដំណោះស្រាយដោយឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

លោក Oh Nak Young បានបង្ហាញក្តីសោមនស្សរីករាយចំពោះការផ្តល់ឱកាសដល់អ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណលោកប្រតិភូរាជរដ្ឋាភិបាល និងមន្រ្ដីពាក់ពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវេទិការនេះឡើង ដើម្បីបង្កភាពងាយស្រួលក្នុងការស្វែងយល់ កាន់តែច្បាស់អំពីប្រព័ន្ធពន្ធដារកម្ពុជា ក្នុងគោលដៅពង្រឹងអនុលោមភាពពន្ធ និងផ្តល់នូវយន្តការសម្រាប់ដោះស្រាយបញ្ហាប្រឈមផ្នែកពន្ធដារ។

លោកឯកអគ្គរាជទូត បានចូលរួមអបអរសាទរចំពោះ សេដ្ឋកិច្ចកម្ពុជាដែលរក្សាកំណើនថេរក្នុងរង្វង់ប្រមាណ៧% ក្នុង១ឆ្នាំ ខណៈដែលកម្រិតនៃការប្រកួតប្រជែងនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងសកលោកកើនឡើងនោះ៕

អត្ថបទដែលជាប់ទាក់ទង