កុមារគថ្លង់ ចំនួន៩០នាក់ ក្នុងខេត្តសៀមរាបទទួលបានការបង្រៀនហែលទឹក ដើម្បីជួយសង្រ្គោះជីវិតខ្លួនឯង​

សៀមរាប៖ លោក Natthasak Thawudom ដែលជាលោកគ្រូបង្រៀនហែលទឹក បានមានប្រសាសន៍ថា កម្មវិធី​នេះត្រូវបានរៀបចំដោយ Dolphin Swimming Club Cambodia ក្នុងគោលបំណង់ គឺជួយដល់កុមារកម្ពុជា ជាពិសេសកុមារកំព្រាគថ្លង់ ដើម្បីឲ្យចេះហែលទឹក ដើម្បីជួយសង្រ្គោះអាយុជីវិតខ្លួនឯង ដែលបានមកពីអង្គការគ្រួសារថ្មី ចំនួន៩០នាក់ ដែលជាកុមារ ដែលប្រឈមខណៈពេលដែលលង់ទឹកកុមារទាំងនេះ ពុំអាចស្រែករកជំនួយបានទេ ទើបរៀបចំកម្មវិធីបង្រៀនកុមារគថ្លង រយៈពេល៣ថ្ងៃ ឲ្យជួយខ្លួនឯងនៅពេលលង់ទឹក ដែលជាកម្មវិធីមនុស្សធម៌ ដែលបានផ្តើមធ្វើឡើងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨ នេះ។

កុមារគថ្លង់ គឺជាកុមារ ខ្វះឱកាសក្នុងការរៀនហែលទឹក ដែលជាបញ្ហាប្រឈម ខណៈពេលដែលតួលេខបានកើនឡើងជាលំដាប់ អត្រាការស្លាប់នៅកម្ពុជា ពីការលង់ទឹកដោយយោងទៅតាមទិន្នន័យដែលទទួលបាន នៅឆ្នាំ២០១២ កម្ពុជាបានបាត់ជីវិតពីការលង់ទឹក៧៣៤នាក់ និងចំនួនការបាត់បង់ជីវិតមានការកើនឡើង ទើបគណៈគ្រប់គ្រង់ និងក្រុមគ្រួសារហែលទឹក Dolphin Swimming Club Cambodia ដែលជាសាលាបង្រៀនហែលទឹក សម្រាប់ទារក កុមារ និងមនុស្សធំ បានបង្កើតដោយលោក សារឿន ដារាគីមម៉េង និងវិទ្យាសាស្រ្តជនជាតិថៃ អ្នកស្រី Sudsiri Prasitphorn បានផ្ទេរចំណេះដឹង នៃការជួយជីវិតខ្លួនឯងពីការលង់ទឹក ។

លោក Natthasak Thawudom ជាគ្រូបង្រៀនហែលទឹកមានបទពិសោធន៍១៣ឆ្នាំ និងមានបទពិសោធន៍ក្នុង​ការបង្រៀនដល់កុមារគថ្លង់ ហែលទឹកជាច្រើនឆ្នាំ បានជួយដល់កុមារថៃដែលខ្វះក្នុងការរៀនហែលទឹក និងមានបំណងល្អសម្រាប់ជួយដល់កុមារ កំព្រា កុមារគថ្លង់កម្ពុជា ជាលើកទី២នៅកម្ពុជា និងជាលើកដំបូង សម្រាប់ខេត្តសៀមរាប ទើប Dolphin Swimming Club បានបង្កើតកម្មវិធីមនុស្សធម៌នេះឡើង ដោយពុំគិតថ្លៃគ្រូបង្រៀន និងថ្លៃចំណាយផ្សេងៗនោះឡើយ និងបានទទួលការឧបត្ថម្ភពីសម្បុរសជនលោក Kenneth McLeod និងលោកស្រី Ginnie Ko នាយកសាលារៀន SCI Education ដែលមានទីនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសកាណាដា និងលោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។

លោក Natthasak Thawudom បានបន្តថា លោកសង្ឃឹមយ៉ាងជឿជាក់ថា កម្មវិធីនេះ នឹងជួយដល់កុមារទាំងឡាយឲ្យបានរៀន ពីវិធីជួយខ្លួនឯងពីការលង់ទឹក និងការជួបគ្រោះថ្នាក់ ជាពិសេសកុមារគថ្លង់ និងកុមារ កំព្រា ក្នុងគោលបំណងឲ្យសង្គមជាតិ កម្ពុជាមើលឃើញពីសារសំខាន់ នៃការហែលទឹក និងជាកីឡាមួយប្រភេទ ដែលជួយសង្រ្គោះអាយុជីវិតខ្លួនឯងបាន តែវានឹងប្រឈម និងគ្រោះថ្នាកដល់អាយុជីវិត បើសិនជាគ្មានជំនាញក្នុងការហែលទឹក។

លោកបានបញ្ជាក់ថា លោកមានចិត្តសប្បាយរីករាយ ដោយសារតែលោកបានចូលរួមជួយដល់កុមារ កំព្រា កុមារគថ្លង់ ដែលជាកុមារខ្វះឱកាសក្នុងការសិក្សា និងបានរួមធ្វើបុណ្យកុសលផងដែរ ៕ ប៊ុន រិទ្ធី

 

 

អត្ថបទដែលជាប់ទាក់ទង