ក្រុមភ្នាក់ងារស៊ើបការណ៍​សម្ងាត់របស់រុស្ស៊ី បានឃ្លាំមើល​ក្បួនរថយន្ត​ដឹក​ប្រេង​ពី​ភាគ​ខាង​កើតយ៉ាងប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចផ្ដល់ជំនួយដល់ពួក ISIS

ម៉ូស្គូ៖ តាមការអះអាង​របស់មេបញ្ជាការយោធា​រុស្ស៉ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) ដែលសារព័ត៌មានរុស្ស៉ី Sputnik បានចេញផ្សាយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះថា ក្រុមភ្នាក់ងារស៊ើបការណ៍​សម្ងាត់របស់រុស្ស៊ី តែងធ្វើការឃ្លាំមើល​ក្បួនរថយន្ត​ដឹក​ប្រេង​ពី​ភាគ​ខាង​កើត ​​ប្រទេស​ស៊ីរី​​ទៅតួកគី និងអ៊ីរ៉ាក់ ដោយប្រាក់​ចំណូល​ពីប្រតិបត្តិការ​ទាំងនោះ ត្រូវបានប្រើប្រាស់​ក្នុងការផ្តល់ហិរញ្ញប្ប​ទាន​ទៅ​ឲ្យក្រុម​ភេរវករ ISIS។

លោក Gerasimov បានថ្លែងដូច្នេះថា «ថវិកាបានពីការលក់ប្រេងកំពុងត្រូវបានចំណាយ​លើ​ការផ្តល់ហិរញ្ញប្ប​ទាន​ដល់​ភេរវកររបស់ក្រុម ISIS។ កាលពីខែធ្នូឆ្នាំមុន ដំណាក់កាលសកម្មនៃប្រតិបត្តិការដើម្បីកម្ទេច ISIS នៅក្នុងប្រទេសស៊ីរី ត្រូវបានបញ្ចប់។ សព្វថ្ងៃនេះពួក ISIS មានវត្តមានតែនៅភាគខាងកើតនៃទន្លេ អឺប្រាត (Euphrates) ក្នុងតំបន់ដែលគ្រប់គ្រង​​ដោយសហរដ្ឋអាមេរិកប៉ុណ្ណោះ»។ លោក Gerasimov បានសង្កត់ធ្ងន់ថាក្រុមអ្នកសំងំលាក់ខ្លួនដែលគេហៅថា «Sleeper Cell» របស់ពួក ISIS បាន​ផ្តើម​ចេញ​សកម្មភាពនិងពង្រីកឥទ្ធិពលរបស់ពួកគេនៅតាមតំបន់ផ្សេងៗ។

គួរជម្រាបថារុស្ស៊ីបានបញ្ជូនរបាយការណ៍មួយទៅកាន់អង្គការសហប្រជាជាតិ ដែលបង្ហាញពីការដឹកជញ្ជូន​ប្រេង​ពីស៊ីរី​ទៅតួកគី ព្រមទាំងអំពីទំនាក់ទំនង​នៃការដឹកជញ្ជូនទាំងនេះ ជាមួយការផ្តល់ហិរញ្ញប្បទាន​ដល់ក្រុម​ភេរវករ ISIS កាលពី ៣ឆ្នាំមុន នៅពេលដែលទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងម៉ូស្គូ បានធ្លាក់ចុះដុនដាប ដោយសារការ​តែបាញ់​ទម្លាក់​យន្តហោះ​​ចម្បាំងរុស្ស៊ីមួយគ្រឿង ដោយកងទ័ពតួកគី នៅព្រំដែន​តួកគី-ស៊ីរី៕

អត្ថបទដែលជាប់ទាក់ទង