មិនគួរឱ្យជឿចុងម៉ោងស្រាប់តែ វៀតណាម យកឈ្នះ​ ហ្វីលីពីន ២-១ ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ ម៉ាឡេស៊ី

វៀតណាម៖​ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីនទាំង ២ជើងដោយលទ្ធផល ៤-២ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រជួបក្រុមម៉ាឡេស៊ី នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីពួកគេបានបន្ដយកឈ្នះក្នុងដី ២-១ នាជំនួបជើងទី២ កាលពីយប់មិញ។

សម្រាប់ជំនួបកាត់សេចក្ដីនេះ ហ្វីលីពីន បានព្យាយាមវាយបកយ៉ាងខ្លាំង បន្ទាប់ពីបរាជ័យក្នុងដីកាលជើងទី១ ដោយលទ្ធផល ២-១។ ប៉ុន្ដែតង់ទី១ ក្រុមទាំងពីរ មិនអាចបំបែកពងមាន់គ្នាបានទេ។ លុះចូលតង់ទី២ ប្រមាណ ១០នាទីចុងក្រោយ ទើបមានការស៊ុតបញ្ចូលទី ដោយក្រុមម្ចាស់ផ្ទះ រកបាន ២គ្រាប់មុន នៅនាទី៨៣ ដោយកីឡាករ Quang Hai និងនាទី៨៧ ដោយកីឡាករ Cong Phuong បន្ទាប់មកទើបកីឡាករ Young Husband រកបាន ១គ្រាប់ឲ្យហ្វីលីពីន មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅនាទី៩០។

ដូច្នេះវៀតណាម ត្រូវប៉ះម៉ាឡេស៊ី ដែលបានទម្លាក់ក្រុមការពារតំណែងជើងឯកថៃ កាលពីថ្ងៃអង្គារ នឹងត្រូវឡើងទៅជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយអនុវត្តរូបមន្ដប្រកួតក្នុងដី និងក្រៅដីដដែល ពោលគឺជើងទី១ ប្រកួតក្នុងទឹកដីម៉ាឡេស៊ី នាថ្ងៃទី១១-ធ្នូ និងជើងទី២ ប្រកួតលើទឹកដីវៀតណាម នាថ្ងៃទី១៥-ធ្នូ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ ក្រុមទាំងពីរ សុទ្ធតែមានប្រភពចេញពីពូលA ជាមួយក្រុមគោព្រៃកម្ពុជា ដែលបានធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ហើយកាលពីជួបគ្នាក្នុងពូល វៀតណាម បានយកឈ្នះម៉ាឡេស៊ី ២-០ ក្នុងដីទៀតផង៕

អត្ថបទដែលជាប់ទាក់ទង