ប្រជាពលរដ្ឋសង្ស័យលោក លឿន ណុច ចៅសង្កាត់កូនក្រៀល នៅពីក្រោយរឿងរំលោភយកដីរបស់ពួកគាត់

ឧត្តរមានជ័យ៖ តាមប្រភពពីប្រជាពលរដ្ឋ ភូមិបុស្ស និងភូមិសុក្រំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា សព្វថ្ងៃនេះ ពួកគាត់(ប្រជាពលរដ្ឋ) បានបាត់បង់ដីស្រែសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ក្នុងមួយគ្រួសារៗចំនួន ៥ហិតា ដែលត្រូវជនមានអំណាចឈ្មោះ វិន ចោម អាយុប្រហែល៥០ឆ្នាំ នៅក្នុងអង្គភាពកងពលតូច៤២ និងលោក ផន ផុន អាយុប្រហែល៥៥ឆ្នាំ ( ហៅឌឿក) នៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មនុស្សពីរនាក់នេះ គេស្គាល់ថា ជាមនុស្សជិតស្និតបំផុតរបស់លោកចៅសង្កាត់កូនក្រៀល លឿន ណុច។

ប្រភពដដែលបានបន្តទៀតថា ឈ្មោះ ផន ផុន (ហៅឌឿក) និងលោក វិន ចោម ដែលជានាយទាហ៊ាន នៅកងពលតូច៤២ ក៏បានឃុបឃិតគ្នាជាមួយលោក លឿន ណុច ចៅសង្កាត់កូនក្រៀល លួចធ្វើលិខិតកាន់កាប់ដីធ្លី ដើររំលោភយកដីប្រជាពលរដ្ឋលក់ទៅឲ្យឈ្មួញដទៃទៀត ។

ជាក់ស្តែងដីប្រជាពលរដ្ឋ១៤គ្រួសារ ស្មើនឹង៧០ហិចតា ដែលពួកគាត់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០១ និង២០០៤មក ក៏ត្រូវឈ្មោះខាងលើ និងលោកចៅសង្កាត់វាទទីយកដែរ ហើយថ្មីៗនេះ ដីរបស់លោក ហៀវ ឈឿន ១៣០ហិតា ក៏ក្រុមពួកនេះរំលោភយកដែរ។

លោក ហៀវ ឈឿន បានប្រាប់ថា ដីរបស់លោកមានចំនួន១៣០ហិតា គឺបានមកពីការចូលលុយគ្នាជាមួយបងប្អូនកូន ទិញពីក្រុមគ្រួសារកងទ័ព កាលនោះ មានតម្លៃ១ហិចតា ២០ម៉ែត្រ ៤០ម៉ែត្រ ទៅ៥០មុឺនរៀល ហើយលោកក៏បានធ្វើប្លង់បានមួយចំនួននៅមួយចំនួនទៀតមិនទាន់បានធ្វើប្លង់ទេ ដីនេះ គាត់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០១ មករហូតដល់បច្ចុប្បន្ន ។ នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨ លោក ហៀវ ឈឿន ក៏បានអញ្ជើញមន្ត្រីសូរិយោដីក្រុងសំរោង មកវាស់វែងដើម្បីធ្វើប្លង់ ស្រាប់តែគេប្រាប់ថា ដីនេះ ឈ្មោះ ផន ផុន (ហៅឌឿក) និងលោក វិន ចោម វាស់យកអស់ហើយ។

ពេលដែលលឮបែបនេះ ពួកគាត់មានការស្រងាកចិត្ត ហើយក៏បានទៅសួរលោកចៅសង្កាត់ លោកចៅសង្កាត់បានប្រាប់ថា លោកមិនដឹងទេ ។ ដោយពុំមានការដោះស្រាយនៅសាលាសង្កាត់ ទើបលោក ឈឿន សម្រេចចិត្តដាក់ពាក្យបន្តឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីរកយុតិ្តធម៌។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កូនក្រៀល សព្វថ្ងៃពួកគាត់មានការព្រួយបារម្មរណ៍ចំពោះសុវត្ថិភាពដីធ្លី ដោយខ្លាចបាត់បង់នៅថ្ងៃណាមួយ ដូចប្រជាពលរដ្ឋនៅភូមិបុស្ស និងភូមិសុក្រំ ពីសំណាក់ក្រុមមនុស្សរបស់លោកចៅសង្កាត់ លឿន ណុច ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កូនក្រៀល សំុសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ប៉ែន កុសល្យ មេត្តាសើុបអង្កេតទៅលើករណីមនុស្សរបស់លោក ចៅ សង្កាត់កូនក្រៀល ដែលដើររំលោភយកដីរបស់រាស្រ្តនៅក្នុងសង្កាត់កូនក្រៀល ពីសំណាក់មនុស្សអគតិ បក្សពួកនិយមរបស់លោក លឿន ណុច ដែលជាចៅសង្កាត់សព្វថ្ងៃនេះផង ។

ពាក់ព័ន្ធការរិះគន់ និងការសង្ស័យរបស់ពលរដ្ឋ យើងមិនអាចសុំការបំភ្លីពីលោក លឿន ណុច ចៅសង្កាត់កូនក្រៀល នៅឡើយទេ ដើម្បីដឹងការពិត ដោយសារយើងកំពុងរកលេខទូស័ព្ទ៕BRT

 

 

 

 

អត្ថបទដែលជាប់ទាក់ទង