អាជ្ញាធរខេត្តកំពង់ធំ មិនអនុវត្តន៍តាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាល រឿងបទល្មើសព្រៃឈើ

កំពង់ធំ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានគត់សម្គាល់ថា រហូតមកដល់ពេលនេះ បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះអាជ្ញាធរខេត្តកំពងធំ មិនចាត់វិធានការបង្ក្រាបបទល្មើស ដែលកើតឡើងយ៉ាងរាលដាលនោះទេ។

បញ្ហានេះ គឺជារឿងដែលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយទៀតឡើយ ព្រោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម និងរុក្ខប្រមាញខេត្តកំពង់ធំ មិនយកចិត្តទុកដាក់អនុវត្តន៍ តាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ? ។

ជាក់ស្តែងសកម្មភាព ដឹកឈើបែបអនាធិបតេយ្យនេះ ចេញពីព្រៃអង់តែន ព្រៃការពារដោយរដ្ឋ ព្រៃសហគមន៍ ចេញតាមភូមិដីថ្មី ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ យកមកទម្លាក់នៅភូមិឈូករំដួល ភូមិបុស្សចំបក់ ភូមិទីពោធិ ឃុំទីពោធិ៍ ស្រុកសន្ទុក ដោយមានឈ្មួញកណ្តាលឈរចាំទិញនៅទីនោះស្រាប់។ អាចនិយាយបានថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទៀតបានចាត់ទុកឈ្មួញ ជាប្រភពចំណូលរបស់ពួកគេ ទើបបណ្ដោយឲ្យឈ្មួញបន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា បទល្មើសព្រៃឈើកាប់បំផ្លាញ និងដឹកជញ្ជួន នៅតែបន្តកើតមានឥតឈប់ឈរជារៀងរហូត ដោយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មអសកម្ម ក្នុងការអនុវត្តន៍ការងារ ដែលធ្វើឲ្យមហាជនដាក់ការសង្ស័យថា ប្រហែលជាលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលបានផលប្រយោជន៍ពីក្រុមអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងអស់នេះហើយ បានជាមិនធ្វើការទប់ស្កាត់ និងបង្ក្រាប។

ប្រជាពលរដ្ឋបានរៀបរាប់ថា ភូមិសាស្ត្រខាងលើ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ដែលមានលោក សូរ រ៉ាត ជានាយសង្កាត់ ។

ប្រភពដដែលបានបន្តទៀតថា កន្លងមក ធ្លាប់ឃើញលោកនាយសង្កាត់ ចុះមកបង្ក្រាប ចាប់បានតែអ្នកដែលមិនបានបងលុយឲ្យប៉ុណ្ណោះ តែបើអ្នកបានបង់លុយរួច ដឹកចេញបានដោយរលូន៕ ដោយ Bun Rithy

 

អត្ថបទដែលជាប់ទាក់ទង