ផ្ទុះឡើងជាថ្មី!! សិស្សវិទ្យាល័យថ្មគោល ចុកពោះ និងក្អួតបង្អោរ ជាង៤០នាក់

បាត់ដំបង៖ ករណីស្រដៀងគ្នា បានផ្ទុះឡើងជាថ្មីទៀត នាំឲ្យសិស្សវិទ្យាល័យថ្មគោល ចុកពោះ វិលមុខ និងក្អួតបង្អោរតគ្នាជាង៤០នាក់។ តាមព័ត៌មានបឋមនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ផ្ទុះការភ្ញាក់ផ្អើលជាថ្មីទៀត លើសិស្សវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង បង្កឲ្យកូនសិស្សភាគច្រើនជាស្ត្រីចុកពោះ វិលមុខ និងក្អួតចង្អោរបន្តបន្ទាប់គ្នា ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយមានកូនសិស្សនារីម្នាក់ មានអាការចុកពោះ ភ្លាមៗ ត្រូវគ្រូបន្ទប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ មិនយូរប៉ុន្មានមានកូនសិស្សដទៃទៀត ក៏កើតមានអាការដូចគ្នាបន្តបន្ទាប់ រហូតដល់ជាង៤០នាក់។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្រោយការបញ្ជូនសិស្សរងគ្រោះ ដែលមានបញ្ហាសុខភាពទៅកាន់មន្ទីរពេទ្យ ស្រាប់តែកើតមានរឿងចំឡែកមួយទៀត ដែលនាំសិស្សម្នាក់ក្នុងចំណោមសិស្សសាលាជាច្រើននាក់ ត្រូវអ្នកតាចូលរូប ហើយបានស្អែកឡូឡាក្តែងៗថា យើងជាអ្នកតាថែរក្សាសាលារៀននេះ ជាអ្នកធ្វើឲ្យកូនសិស្សទាំងអស់ចុកពោះ វិលមុខ និងក្អួតចង្អោរ​ ពីព្រោះមានសិស្សមួយចំនួនបានប្រព្រឹត្តិអំពើមិនគប្បីចោលកាកសំណល់លើកន្លែងរបស់គាត់រស់នៅ មិនតែប៉ុណ្ណោះ ថែមទាំងបាននោមលើកន្លែងរបស់លោកតាផងដែរ។

មកដល់ល្ងាចម៉ោងប្រមាណជាង៥នឹង០០នាទី ថ្ងៃដដែលនេះ សិស្សមួយចំនួនដែលមានកលតិចតួចបានធូរស្រាលវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ រីឯសិស្សមួយចំនួនធំទៀត មានសភាពធ្ងន់ធ្ងរកំពុងសម្រាកសង្គ្រោះ ត្រូវតាមដានបន្តពីសំណាក់ក្រុមគ្រូពេទ្យ ៕ ដោយ: SR

អត្ថបទដែលជាប់ទាក់ទង