សម្តេច ហ៊ុន សែន ស្នើសុំទៅប្តីប្រពន្ធដែលឈ្លោះគ្នា សូមកុំហែកកេរ្តិ៍គ្នាលើ Facebook

161
UI Promtion 2021

នៅថ្ងៃទី៥ មករា ម្សិលមិញ គឺជាខួបអាពាហ៍ពិពាហ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចប្រធានកាកបាទក្រហមកម្ពុជា ប៊ុន រ៉ានី ហ៊ុនសែន ដែលជាខួបលើកទី៤៦ឆ្នាំ។ ​ប្រមុខ​ថ្នាក់​ដឹកនាំ បានបញ្ជាក់ថា ស្នេហាសម្តេចដែលកើតចេញពីបេះដូងនិងមានប្រវត្តិជូរចត់យ៉ាងច្រើន នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ក្នុងគ្រាប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន ៦ រូប តែមួយរូបបានស្លាប់ ពេល​ចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបានអំពាវនាវទៅដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម។ សម្តេចថា ពេលបែកបាក់គ្នានោះ សូមកុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមកជាពិសេសកិត្តិយសកូនៗ។ សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះធ្វើឡើងក្នុងពេលជាអធិបតីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

ការប្រកាសស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាល នៅពេលនេះ ទំនងកើតឡើងផ្អែកលើជំលោះរវាងគ្រួសារមួយចំនួននៅកម្ពុជា គ្រប់វណ្ណៈ ដូចជាមន្រ្តីរាជការ ប្រជាពលរដ្ឋទូទៅ អ្នកជំនួញ ឧកញ៉ា និងអ្នកសិល្បៈ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានការឈ្លោះប្រកែកគ្នាហើយឈានទៅលែងលះគ្នាហែកកេរ្តិ៍គ្នាលើ Facebook ដែលសម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទង្វើនេះជាទង្វើអសីលធម៌ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសកូនៗ។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “គូស្រករដែលបែកបាក់គ្នានោះ កុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមក ហើយការឈ្លោះហែកកេរ្តិ៍គ្នារបស់ឪពុកម្តាយ ធ្វើឲ្យប៉ះពាល់អារម្មណ៍កូនយ៉ាងធ្ងន់ធ្ងរ រួមទាំងការសិក្សាផងដែរ”

បើតាមសម្តេច ហ៊ុន សែន បើគូស្រករណាមានបញ្ហាចែកផ្លូវគ្នាគួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀម និងទុកកិត្តិយសរាប់អានគ្នាពេលក្រោយ។

បច្ចប្បន្ននេះ​ អត្រា​លែងលះ​នៅក្នុង​ប្រទេសកម្ពុជា មិនមានឯកសារណាមួយបញ្ជាក់នោះទេ​។ ខណៈទស្សនៈមួយចំនួនបានលើកឡើងដែលថា គ្មាន​អ្នកណា​រៀបការ​ហើយ​ចង់​បែកបាក់គ្នា​ឡើយ​ ហើយក៏​រឹតតែ​គ្មាន​អ្នកណាម្នាក់​ ចង់​បែកបាក់ទៅ​ដោយ​ការឈ្លោះ​ប្រកែកគ្នា​ទៅទៀត​។

តែយ៉ាងណា បុរស-នារី បើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន នោះមិនអាចចាត់ទុកថាមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ ហើយការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា “អនីតិសង្វាស” ការរស់នៅជាអនីតិសង្វាសបែបនេះ ប្រសិនបើ បុរស-នារីរូបនោះអស់មនោសញ្ចេតនាលែងចង់រួមរស់ជាមួយគ្នាទៀត ពួកគេគ្រាន់តែសម្រេចចិត្តដើរចេញ បែកលំនៅឋានគ្នា និងលែងរួមរស់នៅជាមួយគ្នាជាការស្រេច៕

UI Promtion 2021
#CHNChannelNews