សច្ចវាចាលោក ប្រាក់ សុខុន ៖ ខ្ញុំពិតជាមានមោទនភាពដ៏ធំធេងដែលបានបម្រើប្រទេសកជាតិមាតុភូរបស់ខ្ញុំក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក

156
UI Promtion 2021

ភ្នំពេញ ៖ ពិតជាមានកិត្តិយសដ៏ធំធេងដែលបានបម្រើប្រទេសកំណើតរបស់ខ្ញុំក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។ នេះជាការថ្លែង របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ដែលបានហែលឆ្លងកាត់សោកនាដកម្មនៃសង្គ្រាម ខ្ញុំពិតជាមានកិត្តិយសដ៏ធំធេងដែលបានបម្រើប្រទេសកំណើតរបស់ខ្ញុំក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។
លោកបន្តថា, ខ្ញុំមានសេចក្តីសោកសង្រេងដែលទើបបានដឹងពីមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម។ ហើយវាក៏ជារឿងមួយដ៏សោកសៅផងដែរ ពេលដែលខ្ញុំនឹកឃើញដល់បងប្អូនខ្មែរស្លូតត្រង់ និងវីរជនដោះមីនទាំងឡាយដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារគ្រាប់មីន និងកាកសំណល់សង្រ្គាម។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរម្លឹកថា, សមានចិត្ត និងការបន់ស្រន់របស់ខ្ញុំ នឹងស្ថិតនៅជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះគ្រប់រូប។ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងផងដែរថា, ខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព មន្រ្តីដោះមីន ចំនួន ០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះមួយ ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោកថា, ឧបទ្ទវហេតុដ៏គួរឱ្យអាក្រក់មួយនេះ បានរំឭកយើងសារជាថ្មីអំពីផលវិបាកនៃសង្រ្គាម ដែលទោះបីជាយើងបានទទួលសុខសន្តិភាពជាច្រើនឆ្នាំមកយ៉ាងណាក្តី ក៏វានៅតែបន្តយាយីអាយុជីវិត និងគម្រាមកំហែងដល់ប្រជាពលរដ្ឋដដែល។ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្មនៃជម្លោះផ្ទៃក្នុងរាបទសវត្សកន្លងមកនេះ យើងយល់ច្បាស់នូវតម្លៃនៃសន្តិភាព សម្រាប់មនុស្សជាតិ។ សន្តិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺមិនត្រឹមតែជា “រតនវត្ថុ” ដ៏មានតម្លៃសម្រាប់កម្ពុជាយើងតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីតំបន់យើង និងពិភពលោកទាំងមូលផងដែរ៕