កិច្ចសន្ទនា លោក ប្រាក់ សុខុន តាមទូរស័ព្ទជាមួយលោក ចូសិប បូររែល ហ្វុនតេលលេ អនុប្រធានគណៈកម្មការអឺរ៉ុប

95
UI Promtion 2021

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២នេះ” ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ជាង២ឆ្នាំហើយ ដែលយើងបានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅទីក្រុងម៉ាឌ្រីត”។
លោក ប្រាក់ សុខុន បានថ្លែងបន្តថា យើងទាំងពីរពេញចិត្តនឹងភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីឆ្នាំមុន ហើយខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបនៅពេលនោះ ក៏ដូចជាពេលបច្ចុប្បន្ន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនឹងនេះ ជំនួយសុប្បរសធម៌របស់សហភាពអឺរ៉ុប និងប្រទេសសមាជិក ផ្តល់ជូនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺមានសារសំខាន់ណាស់។
ដោយឡែកចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានគូសបញ្ជាក់អំពីសារៈសំខាន់បំផុតនៃការបញ្ឈប់អំពើហិង្សា និងការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងមិនរើសអើងដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយ៕