សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

90
UI Promtion 2021

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករាកន្លងទៅថ្មីៗនេះ។
ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី៤មករាឆ្នាំ២០២២។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបាន គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ស្ថានភាពនៅមីយ៉ាន់ម៉ាពីមុនហើយនិងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន។
សម្ដេចតេជោបានបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិត និងមានយោបល់ថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ ដូច្នេះហើយគោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី តាមរយៈលោកជំទាវ រ៉េតណូ ដើម្បីឲ្យលោកជំទាវជូនសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលយើងដឹងហើយថា គាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយនៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេក សំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែយើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ ៖
ទី១) លទ្ធផលដែលសម្ដេច ជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា ដែលសម្ដេចស្នើសុំឲ្យមានការឯកភាពពី ឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះនឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។
ទី២) ការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់ គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរ ដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ ដូច្នេះហើយនៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ នឹងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។