ជប៉ុនបន្តផ្តល់រថយន្តពន្លត់អគ្គិភ័យសេរីទំនើបចំនួន៤គ្រឿងដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

103
UI Promtion 2021

រដ្ឋាភិបាលជប៉ុនតាមរយៈ(គម្រោងគូសាណូណិ) បានសម្រេចបន្តផ្តល់នូវរថយន្តពន្លត់អគ្គិភ័យចំនួនបួនគ្រឿងបន្ថែមទៀត ដែលរថយន្តសេរីទំនើប ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈជំនួយក្រោមហិរញ្ញប្បទានឥតសំណងនេះ បានធ្វើពិធីចុះហត្ថលេខាផ្តល់ និងទទួលនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកអគ្គរាជទួតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនោះលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឲ្យអង្គភាពនគរបាលពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា រថយន្តទាំងបួនគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះរួមមាន រថយន្តប្រភេទបាញ់គីមី១គ្រឿង រថយន្តមានជណ្តើរ១គ្រឿង និងរថយន្តស្តុកទឹក២គ្រឿង។ រថយន្តទាំងបួនគ្រឿងនេះនឹងយកទៅប្រើប្រាស់ សម្រាប់ឧត្តមប្រយោជន៍កាត់បន្ថយគ្រោះហានិភ័យសង្គម ក្នុងការបង្ការ និងសង្រ្គោះអគ្គិភ័យ ដើម្បីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាដើម។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្រៅពីផ្តល់នូវសម្ភារៈ និងរថយន្តសម្រាប់ពន្លត់ និងបង្ការ អគ្គិភ័យរដ្ឋាភិបាលជប៉ុន ក៏បានជួយហ្វឹកហ្វឺនជំនាញ់ពន្លត់ សង្រ្គោះ ពីអគ្គិភ័យដល់នគរបាល បុគ្គលិកនៃ ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ដោយការងារលំហាត់ជាក់ស្តែងនោះរួមមាន ការបើកបរ ការពង្រាយទុយោ ការឡើងជញ្ជាំង ការបំបុកឧបសគ្គ ការបាញ់គោលដៅ ការសង្រ្គោះមនុស្ស និងការការពារកន្លែងកើតហេតុជាដើម។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានរថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទចំនួន៥៤គ្រឿង មានស្ថានីយ៍រថយន្តប្រចាំការចំនួន៧កន្លែង មានគោលដៅប៊ូសបូមយកទឹកចំនួន១១០ទីតាំង ។ រថយន្តទាំង៥៤គ្រឿងនោះមាន រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសម្ភារៈ រថយន្តជណ្តើរ រថយន្តកន្រ្កក រថយន្តបុកបេតុង រថយន្តស្ទួច និងរថយន្តបាញ់ភ្លើងហ្វាជាដើម។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះនៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើត ឡើងចំនួន១៣០លើក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១៧៤គ្រឿង ហើយក្នុងហេតុការណ៍បាន បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់ របួស២៣នាក់ រថយន្តនិងម៉ូតូចំនួន៥៦គ្រឿងផ្ទះ តូប បន្ទប់ជូល ឃ្លាំង និងរោងចក្រជាច្រើនផងដែរ៕
អត្ថបទបានចក់រូបភាព អាត់ សុធា(ឯកឧត្តមឃួងស្រេង)