ស្ថាប័នជំនាញពន្លត់អគ្គិភ័យ អំពាវនាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ

107
UI Promtion 2021

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសអំពីបញ្ហាគ្រោះអគ្គិភ័យនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ។ ការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចគឺស្របពេលដែលជារឿយៗតែងតែកើតមានករណីអគ្គិភ័យកើតឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ។អគ្គីភ័យមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិផ្ទះសំបែងប៉ុណ្ណោះទេ ប៉ុន្តែមួយរយៈនេះបានឆក់យកជីវិតមនុស្សទៀតផង។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនីជាដើម។ល។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងឈានចូលមដល់នៅថ្ងៃទី១រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ទោះយ៉ាងណាលោកថាកងកម្លាំងពន្លត់អគ្គិភ័យបានត្រៀមលក្ខណៈគ្រប់ ពេលវេលាជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។
សូមជម្រាបជូនថា បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុតសំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។ ជាប្រពៃណី ពិធីបុណ្យនេះចាប់ផ្ដើមនៅថ្ងៃទី១ នៃខែទី១ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។
ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិវៀតណាម, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ៕