ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា សម្រាប់ជនបរទេសណា ដែលគេចវេះពីការធ្វើចត្តាឡីស័ក លែងឱ្យចូលវិញជារៀងរហូត។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ–១៩ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ការសម្រចខាងលើ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍នូវវិធានការចំនួន៣ចំណុច៖
១/ ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី។
២/ ចំពោះជនជាតិខ្មែរ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
៣/ សម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១៕