ដោយសារជម្ងឺឆ្លងកូវិត-១៩, ពិធីរៀបមង្គលការអាចនឹងត្រូវដាក់ឱ្យពន្យាពេល

12

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
ម៉ោង ០៩:៥២:២៣

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រោងរៀបមង្គលការថា បើអាចពន្យាពេលបាន គួរណាស់តែពន្យាពេលសិន ហើយបើធ្វើ គួរកាត់បន្ថយចំនួនមនុស្សអ្នកចូលរួមឱ្យនៅតិចបំផុត ប្រសិនបើអាចធ្វើទៅបាន។ ការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងស្របពេលនឹងមានការផ្ទុះជម្ងឺកូវិត-១៩ ឆ្លងនៅតាមសហគមន៍ ដែលសម្តេចបានចាត់ទុកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ថាជាព្រឹត្តិការណ៍លំបាកជាងព្រឹត្តិការណ៍ឆ្លងមុនៗ។

តាមរយៈសារជាសំឡេងរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកឆ្លងកូវិត-១៩ មានការកើនឡើង ហើយនៅកន្លែងមួយចំនួន មានការពិបាកគ្រប់គ្រង ទើបតម្រូវឱ្យមានការបិទសាលារៀននៅ រាជធានីភ្នំពេញ និង ខេត្តកណ្តាលជាបណ្តោះអាសន្ន។

សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមខេត្ត ផ្អាកការធ្វើដំណើរមករាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីទុកឱ្យកាសដល់អាជ្ញាធររៀបចំដោះស្រាយបញ្ហាព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ជាមុនសិន។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់សំណាក និង ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានករណីចាំបាច់ ចៀសវាងការរីករាលដាលជំងឺឆ្លង។