អាជ្ញាធរខេត្តកំពត សម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងជួបជុំនានាបណ្ដោះអាសន្ន ក្រោយផ្ទុះបុរសម្នាក់ផ្ទុកកូវីដ១៩ បានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក

128

ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា ការចេញបំរាមរបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងមានបុរសអាយុ២៣ឆ្នាំ ឆ្លងជំងឺកូវីដ-១៩ ម្នាក់ បានទៅចូលរួមពិធីមង្គលការមួយនៅខេត្តកំពត ដែលស្ថិតនៅភូមិតំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

បុរសអាយុ ២៣ឆ្នាំខាងលើ ស្នាក់នៅខណ្ឌបឹងកេងកង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។

ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។

ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។

ចំណែកអ្នករួមដំណើរ ០៥នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕