ករណីបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រោះវីរុសកូវីដ១៩ វាយលុកលឿន ធ្វើឱ្យរលាកសួតធ្ងន់ធ្ងរ

134

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៤៦ឆ្នាំ​ ដោយសារវីរុសជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្ដាលឱ្យស្លាប់នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២១​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបានបញ្ជាក់ថា បុរសដែលស្លាប់នេះ ជាជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្ដៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរ ពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ទុយោក្នុងបំពង់ខ្យល់ ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ តែជាអកុសល មិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទីរសៀល៕