សម្តេចតេជោ ហ៊ុន សែន ចង់ពិគ្រោះជាមួយគ្រូពេទ្យថា តើគួរចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២ ឬអត់

222

(ភ្នំពេញ)៖ ក្រោយទទួលដំណឹងថា វ៉ាក់សាំងអាស្ត្រាហ្សេនីកា ធ្វើឲ្យមានបញ្ហា «កំណកឈាម» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា សម្តេចនឹងពិគ្រោះជាមួយគ្រូពេទ្យ រឿងចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា សម្រាប់ដូសទី២។

ក្នុងឱកាសថ្លែងសារពិសេស សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមការគ្រោងទុក សម្តេចត្រូវចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ឬចាក់មុនពេលកំណត់ បើសិនជាចាំបាច់ ប៉ុន្តែអាចនឹងពិចារណាសិន ពីផលប៉ះពាល់នៃវ៉ាក់សាំង របស់ប្រទេសអង់គ្លេសមួយនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងអាស្ត្រាហ្សេនីកា ម្តងថាបែបនេះ ម្តងថាបែបនោះ! ខ្ញុំចង់ពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្ញុំឡើងវិញ បើថាមិនកើតទេ អាស្ត្រាហ្សេណេកា ដូសទី២ (សម្រាប់ខ្ញុំ) មិនបាច់ទទួលចាក់ទេ»

តាមរបាយការណ៍ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនកងកម្លាំង ២១៦,៩០៣នាក់ ខណៈក្រសួងសុខាភិបាល បានចាក់ជូនជនស៊ីវិលទូទាំងប្រទេស ៦៧៨,៤០៦នាក់។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឡើងបន្ទាប់ពីកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ រួមមាន៖ ស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន មានចំនួន ១លាន៣សែនដូស, អាស្ត្រាហ្សេណេកា ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ចំនួន ៣២៤,០០០ដូស និងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ១លាន៥សែនដូស។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ។ ទោះបីជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពប្រជាជនយ៉ាងនេះក្តី ក៏ក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល បានបំភ្លៃថា វ៉ាក់សាំងរបស់ចិន មិនមានប្រសិទ្ធភាព ហើយចាក់ទៅធ្វើឲ្យមនុស្សស្លាប់ជាដើម និងជំរុញពលរដ្ឋកម្ពុជាមិនឲ្យចាក់ផងដែរ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, មិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់ មានបញ្ហាដោយសារចាក់វ៉ាក់សាំងរបស់ចិននោះទេ។ ផ្ទុយទៅវិញ វ៉ាក់សាំងអាស្ត្រាហ្សេណេកា ដែលបង្កឲ្យអ្នកចាក់មួយចំនួនលើពិភពលោក មានបញ្ហា «កំណកឈាម» និងវ៉ាក់សាំងចនសុន របស់អាមេរិក ផលិតខុសវត្ថុធាតុ ១៥លានដូស បែរជាមិនមានមុខក្រុមប្រឆាំងចេញរិះគន់សោះ។

សម្តេចបានថ្លែងដោយអស់សំណើច ចំពោះពាក្យភូតភរពីក្រុមប្រឆាំង និងចាត់ទុកថា ក្រុមប្រឆាំងតែងតែធ្វើនយោបាយដោយគ្មានមាយាទ។ សម្តេចថ្លែងថា «កូនខ្ញុំទាំងអស់ សុទ្ធតែចាក់វ៉ាក់សាំងស៉ីណូហ្វាម គួរតែអ្នកឯងសើចទៅ ព្រោះកូនខ្ញុំងាប់ជិតអស់ហើយ ព្រោះចាក់ស៉ីណូហ្វាម និងស៉ីណូវ៉ាក់»

សូមជម្រាបថា កាលពីចុងខែមីនា ឆ្នាំ២០២១កន្លងទៅ មានមនុស្ស ៧៩នាក់នៅចក្រភពអង់គ្លេស មានបញ្ហាកំណកឈាម បន្ទាប់ពីពួកគេទទួលចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដោយក្នុងចំណោមពួកគេមានករណីស្លាប់ទៀតផង។ បញ្ហានេះ ធ្វើឲ្យបណ្តាប្រទេសនៅអឺរ៉ុប មានការព្រួយបារម្ភជាខ្លាំង ហើយក៏ពិចារណាឡើងវិញ ក្នុងការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកផងដែរ៕