បុរសជនជាតិខ្មែរម្នាក់ទៀត អាយុ ៥៩ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ មុនពេលទៅដល់មន្ទីរពេទ្យ

104

ភ្នំពេញ៖ បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ ដែលរស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតរួចហើយ មុន​ពេលចូល​ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥នាទីព្រឹក​។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បង្ហាញថា នៅពេលចូលមកដល់​មន្ទីរពេទ្យ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥នាទីព្រឹក អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យ សពត្រូវបាន​ក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយ​បានទទួលលទ្ធផល​វិជ្ជមានកូវីដ១៩​។

ក្រុមគ្រូពេទ្យ​ បានសន្និដ្ឋានថា បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត មុនពេលចូលដល់​មន្ទីរពេទ្យ​ដោយសារជំងឺកូវិដ១៩។

សូមរម្លឹកថា បុរសជនជាតិខ្មែរខាងលើនេះ ជាអ្នកជំងឺទី២៦ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសជាផ្លូវការ​។ ក្នុងនោះ ២៤នាក់ ជាជនជាតិខ្មែរ និង ២នាក់ ជាបុរសជនជាតិចិន និងកូរ៉េខាងត្បូង៕