ផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ ត្រូវបិទចាប់ពីមុខវត្តស្ទឹងមានជ័យ ដល់កែងផ្លូវឌួងងៀប ច្រកចូលរោងចក្រកាត់ដេរ ឌីន ហាន

99

(ភ្នំពេញ)៖ ផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសានេះ ត្រូវបាន​ប៉ូលិស ដាក់ប៉ារាស់បិទមិន​ឲ្យចរាចរណ៍ឆ្លងកាត់ ចាប់ពីមុខវត្តស្ទឹងមានជ័យ ដល់កែងផ្លូវឌួងងៀប​ ច្រកចូល​រោងចក្រកាត់ដេរ ឌីន ហាន។ រោងចក្រកាត់ដេរ ឌីន ហាន ដែលផ្ទុះការឆ្លងរាលដានជំងឺកូវីដ១៩ រហូតនាំ​ដល់ការសម្រេចបិទសង្កាត់ ២ នៅខណ្ឌមានជ័យ ភូមិ១ នៅខណ្ឌសែនសុខ និង ៧ភូមិទៀត នៅខណ្ឌពោធិ៍សែនជ័យ​ ចាប់ពីថ្ងៃទី១០មេសានេះ​។

កំណាត់ផ្លូវវេងស្រេង ដែលបិទចរាចរណ៍នេះ ស្ថិតនៅព្រំប្រទល់រវាងសង្កាត់​ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២។ ដោយឡែក ផ្លូវឌួងងៀប ស្ថិតនៅមុខរោងចក្រកាត់ដេរ ឌីន ហាន មិនត្រូវបានបិទទេ តែរោងចក្រកាត់ដេរនោះ បានបិទយូរថ្ងៃមកហើយ​។

រោងចក្រកាត់ដេរ ឌីន ហាន មានកម្មករកាត់ដេរប្រមាណ ២៦០០នាក់ ហើយមកដល់ព្រឹកថ្ងៃទី១០មេសានេះ មានកម្មករ ៦៣៨នាក់ហើយ បានឆ្លងជំងឺកូវីដ១៩​។ កម្មកររោងចក្រកាត់ដេរទាំងនោះ បានរស់នៅ​ក្នុងសង្កាត់​ ២ និងភូមិ​ទាំង ៨ទៀត ដែល​រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ Lockdown រយៈពេល ២សប្តាហ៍ គិតចាប់តាំងពីម៉ោងសូន្យ ថ្ងៃទី១០មេសា រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ទីតាំង ដែលត្រូវ​បាន​បិទ​ខ្ទប់ Lock Down រួមមាន៖ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់​ស្ទឹងមានជ័យទី២ ក្នុងខណ្ឌមានជ័យ ភូមិទ្រុងមាន់ ក្នុងសង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ និង ៧ភូមិទៀត នៅខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ភូមិងត្រពាំងថ្លឹង២ និងភូមិទួលពង្រ ក្នុងសង្កាត់​ចោមចៅទី១ ភូមិ​ចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាង​ជើង និងភូមិត្រពាំងល្វា១ ក្នុងសង្កាត់​កាកាបទី១ និងភូមិចំការឪឡឹក២ ក្នុងសង្កាត់​កាកាប​ទី២​៕