សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើសារចូលរួមអបអរសាទរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ដែលចូលមកដល់នូវខែបួស «រ៉ាម៉ាឌន» នៅយប់ថ្ងៃទី១៣ ខែមេសានេះ

155

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបានផ្ញើសារចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ដែលត្រូវ នឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។

ប្រសាសន៍ទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី ១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ដែលត្រូវ នឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី ៧ និងលើកទី ៨ ឆ្នាំ។ ២០២១ នេះ ត្រូវបានផ្អាក ហើយ​បានផ្អាកការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)​ការជួបជុំលក្ខណៈសាសនា នាៗ និង  សុំបង្កើន ការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ជាពិសេសនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ​ដែលចំនួនឆ្លង​ជំងឺកូវីដ-១៩ មានការកើនឡើងជាលំដាប់ និង មានករណីស្លាប់បាត់បង់ជីវិតផងដែរ។ សូមបងប្អូនអនុវត្តតាមវិធានការ​ ៣ ការពារ​ និង ៣ កុំ ជាប្រចាំ​ ដោយខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

ខ្ញុំសូមបួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ» ៕

សូមអរគុណ