ក្រសួងអប់រំ យុវជន និងកីឡា ណែនាំការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគោលការណ៍ណែនាំការផលិតវីដេអូ និងសម្ភារផ្សេងៗបម្រើឱ្យការសិក្សាពីចម្ងាយ

239

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្តីណែនាំស្ដីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ណែនាំសម្រាប់ការផលិតវីដេអូ និងសម្ភារផ្សេងៗសម្រាប់ការសិក្សាពីចម្ងាយ ដើម្បីឱ្យសិស្សានុសិស្សទាំងអស់នៅតែអាចបន្តការរៀនសូត្របាន។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគោលការណ៍ណែនាំសម្រាប់ការផលិតវីដេអូ និងសម្ភារផ្សេងៗសម្រាប់ការសិក្សាពីចម្ងាយ បានឱ្យដឹងថា នៅក្នុងអំឡុងពេលចុងក្រោយនេះ ការសិក្សាពីចម្ងាយ ជាវិធីដ៏សំខាន់មួយ ដែលបានជួយឱ្យសិស្សានុសិស្សទាំងអស់នៅតែអាចបន្តការរៀនសូត្របានជាមួយលោកគ្រូ អ្នកគ្រូ ធ្វើកិច្ចការសាលា និងមានសកម្មភាពសន្ទនាជាមួយគ្រូជាធម្មតា ជាពិសេសនៅពេលសាលារៀនផ្អាកដំណើរការដោយសារវិបត្តិកូវីដ-១៩។

ក្រសួងបានតម្រូវឱ្យសិស្សានុសិស្ស ផ្តោតលើការអប់រំពីចម្ងាយ តាមរយៈការកែលម្អបច្ចេកវិទ្យា ដោយបានបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយនូវខ្លឹមសារ មេរៀន សន្លឹកកិច្ចការផ្ទះ និងសារអប់រំផ្សេងៗ ជាវីដេអូខ្លីៗនៅតាមវេទិកាអនឡាញ និងបណ្តាញសង្គមនានា។

ប្រភពដដែលបានបន្ដថា ដើម្បីឱ្យវីដេអូ ឬសម្ភារឌីជីថលដែលផលិតចេញមកមានគុណភាព និងស្តង់ដារតែមួយ ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងផ្នែកដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ ៥ចំណុច គឺ ៖១. គោលការណ៍ណែនាំបច្ចេកទេស ២. ការណែនាំសម្រាប់អ្នកថតវីដេអូ ៣. ការណែនាំសម្រាប់អ្នកបង្កើតសម្ភារបង្រៀន (និងប្តូរទៅជាវគ្គសិក្សាខ្លីៗ) ៤. ការណែនាំសម្រាប់គ្រូ និង៥. ការណែនាំអំពីដំណើរការកាត់តវីដេអូ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងអប់រំ បានបន្ថែមថាបន្ទាប់ពីទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕